ក្រុង​ឡូ​សាន​: ​គណៈ​ក​ម្មា​ធិ​ការ​អូឡាំពិក​អន្តរជាតិ (IOC) កាលពី​ថ្ងៃ​សៅរ៍ បានធ្វើការ​រិះគន់ចំពោះ​គម្រោង​ផែនការ​របស់​សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) ដែលមាន​បំណង​ចង់​រៀបចំ​ការប្រកួត World Cup ផ្នែក​បុរស ២ ​ឆ្នាំ​ម្ដង ដោយ​សម្ដែង​ការបារម្ភ​ពី​ផលប៉ះពាល់ ដែល​អាច​នឹង​កើតមាន ចំពោះ​វិស័យ​កីឡា​ផ្សេងៗ​ទៀត​។​

​គម្រោង​ផែនការ​ដែលមាន​ការគាំទ្រ​ពី​សំណាក់​អតីត​អ្នក​​ចាត់ការ​ក្រុម Arsenal លោក​Arsene Wenger ដែល​ពេលនេះ ធ្វើ​ការឱ្យ FIFA ទទួលបាន​នូវ​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប (UEFA) និង​សហព័ន្ធ​បាល់ទាត់​អាមេរិក​ឡាទីន (CONMEBOL) ក៏ដូចជា​អ្នកចាត់ការ​ក្រុម និង​អ្នកវិភាគ​នានា​ផងដែរ​។​

IOC បាន​គូស​បញ្ជាក់បន្ថែម​ពី​សំឡេង​របស់ខ្លួន ចំពោះ​អ្នក​ដែល​មិន​យល់ស្រប​នឹង​សំណើ​នោះ ដោយ​ប្រាប់ថា សហព័ន្ធ​កីឡា​ផ្សេងៗ​ជាច្រើនបាន​ជំទាស់​នឹង​គំនិត​នោះ​។​

IOC បានឱ្យដឹង ក្នុង​សេចក្ដី ប្រកាស​របស់ខ្លួន​ថា​៖ «​ក្រុម​ប្រឹក្សា​ប្រតិបត្តិ (EB) នៃ​គណៈ​​ក​ម្មា​ធិ​ការ​អូឡាំពិក​អន្តរជាតិ (IOC) ធ្វើការ​កត់សម្គាល់ ចំពោះ​គម្រោង​ផែនការ​របស់ FIFA ក្នុង​ការចង់​ផ្លាស់ប្តូរ​កាលវិភាគ នៃ​ការប្រកួត​បាល់​-​ទាត់ ដោយ​ការរៀបចំ World Cup រៀងរាល់​ ២​ ឆ្នាំ​ម្តង​»​។​

«​សហព័ន្ធ​អន្តរជាតិ (IFs) នៃ​កីឡា​ផ្សេងៗ សហព័ន្ធ​បាល់​ទាត់​ជាតិក្លិប​អាជីព សមាគម​កីឡាករ និង​គ្រូបង្វឹក​ជាច្រើន បាននាំគ្នា​បញ្ចេញ​នូវ​ការ​សង្ស័យ និង​ក្ដីបារម្ភ​យ៉ាងខ្លាំង ពាក់ព័ន្ធ​នឹង​គម្រោងការ ដែល​នឹង​បង្កើន​ប្រាក់ចំណូល​បន្ថែម​ដល់ FIFA»​។ នេះ​ជាការ​រៀប​រាប់​បន្ត​ក្នុង​សេចក្ដីប្រកាស​របស់ IOC នោះ​។​

IOC បានធ្វើ​ជាតា​រាង​ពី​ផល​ប៉ះពាល់​នោះ ចំពោះ​កីឡា​ដទៃ​ផ្សេងទៀត ការ​ប្រឈម​បន្ថែមទៀត​ដល់​ការលើក​តម្កើង​ចំពោះ​បាល់ទាត់​នារី និង​ការបង្ក​ក្ដីកង្វល់​ដ៏​ធំ​បន្ថែមទៀត​ចំពោះ​សុខភាព​របស់​កីឡាករ ដែលជា​មូលហេតុ​មិនបាន​លេង World Cup ទៀងទាត់​ជាង​នេះ​។​

​ក្នុង​សេចក្ដីប្រកាស​នោះ បាន​បន្ថែមថា​៖ «IOC សូម​ចែករំលែក​នូវ​ការបារម្ភ និង​គាំទ្រ​ឱ្យមាន​ការអំពាវនាវ​ដ​ល់​អ្នកពាក់ព័ន្ធ​នឹង​វិស័យ​បាល់​​ទាត់ សហព័ន្ធ​កីឡា​អន្តរជាតិ និង​អ្នករៀបចំ​ព្រឹត្តិការណ៍​ធំៗ​នានា ឱ្យ​បង្កើត​នូវ​កិច្ចពិភាក្សា​ដ៏​ទូលំទូលាយ​មួយ ក្នុងនោះ​រួមជាមួយ​អ្នកតំណាង​របស់​អត្ត​ព​លិ​ក​ដែរ ដែល​មិនទាន់​កើត​​ចេញ​ជា​រូបរាង​នៅឡើយ​»​។​

​គិត​តាំងពី​ការ​ប្រារព្ធ​លើក​​ដំបូង ក្នុង​ឆ្នាំ ​១៩៣០ មកព្រឹត្តិការណ៍ World Cup តែង​តែ​ត្រូវបាន​រៀបចំឡើង​រៀងរាល់ ៤ ​ឆ្នាំ​ម្ដង លើកលែង​ការផ្អាក អំឡុង​សង្គ្រាមលោកលើកទី២ ម្ដង​ប៉ុណ្ណោះ​។ FIFA ក៏​ចង់ឱ្យ​ការប្រកួត​ប្រចាំ​ទ្វីប ក្នុងនោះ រួមទាំង Euro នៅ​អឺរ៉ុប និង Copa America នៅ​អារ​មេ​រិ​ក​ឡាទីន​ដែរនោះ កើតឡើង​រៀងរាល់ ២​ ឆ្នាំ​ម្ដង​ដូចគ្នា​៕ AFP/VN