ក្រុង​ឡេ​សេ​ស្ទ័​រ​: លោក Ole Gunnar Solskjaer បាន​អះ​អាង​ថា សម្ពាធ​កំពុង​តែមានការកើនឡើង ខណៈ​គ្រូបង្វឹក​ពេញ​ដោយ​កង្វល់​រូបនេះ​ត្រូវ បាន​សួរ​ពី​មហិច្ឆតា​របស់​ក្រុម​បិសាច Manchester United (Man Utd) ក្រោយពី​រង​បរាជ័យ ៤-២ នៅផ្ទះ​របស់​ក្រុម​កញ្ជ្រោង​ខៀវ Leicester City​។​

​លោក Solskjaer នឹងត្រូវ​ប្រឈម​ជាមួយ​ការពិនិត្យ​តាម​​ដាន​ជាថ្មី បន្ទាប់ពី​បរាជ័យ​របស់​ក្រុម Man Utd នៅឯ​កីឡដ្ឋាន King Power ដែល​ធ្វើឱ្យ​ពួកគេ​មិន​ឈ្នះ​សូម្បី ១ ​ដង ពី​ការប្រកួត ៣​លើកចុងក្រោយ​របស់​ពួកគេនៅ Premier League​។​

«​ទម្រង់​លេង​ទាំងមូល មិនល្អ​គ្រប់គ្រាន់​នោះទេ ទោះ​មាន ឬ​មិនមាន​បាល់​»​។ នេះ​ជាការ​លើក​ឡើង​របស់​អ្នកចាត់ការ លោក Solskjaer ដែល​ក្រុម Man Utd របស់លោក បាន​នាំមុខ ពី​ការបាញ់ (​ស៊ុត​ពេញកម្លាំង​) ក្រៅ​តំបន់​គ្រោះថ្នាក់​របស់​ខ្សែប្រយុទ្ធ Mason Greenwood មុននឹង​ខ្សែបម្រើ Youri Tielemans ស៊ុត​ឱ្យ​ក្រុម Leicester ស្មើ​វិញ មុន​ចប់​វគ្គ​ទី១​។​

​ប្រមាណ ១២​ នាទីចុងក្រោយ ខ្សែការពារ Caglar Soyuncu តែ​ត​ឱ្យ​ក្រុម​កញ្ជ្រោង​ខៀវ​នាំមុខ​វិញ​ម្ដង តែ​ត្រូវបាន​ក្រុម​ភ្ញៀវ​តាម​ស្មើ​វិញ ជាមួយនឹង​គ្រាប់​បាល់​ពី​ការ​បង្ហាញខ្លួន​លើកដំបូង​របស់​ខ្សែប្រយុទ្ធ Marcus Rashford នា​រដូវ​កាល​នេះ បន្ទាប់ពី​ធ្វើការ​វះកាត់​ស្មា​ហើយ​។​

​យ៉ាងណាក៏ដោយ ការបញ្ចប់​មួយ​ប្រកបទៅដោយ​ការ​រំជួល​ចិត្តបង្ហាញឱ្យឃើញថា ក្រុម​ម្ចាស់​​ផ្ទះ Leicester បានមក​កាត់ផ្ដាច់​​ដំណើរ​ផ្លូវ ដែល​ជាការ​កំណត់ត្រានៃ​ការលេង​មិន​ចាញ់​សោះ ២៩ ហ្គេម ក្នុង​លី​គ​អង់គ្លេស នៅក្រៅ​ផ្ទះ​របស់​ក្រុម Man Utd ជាមួយនឹង​គ្រាប់​បាល់ ២ ​គ្រាប់​បន្ថែម ពី​ខ្សែប្រយុទ្ធ Jamie Vardy និង Patson Daka ដែល​កើតឡើង ក្នុង​រង្វង់​ប្រមាណ​ជា ៧ ​នាទី​ចុង​ក្រោយ​។​

​វា​ជាការ​ខកចិត្តដ៏​ជូរចត់ សម្រាប់​លោក Solskjaer ដែល​បាននិងកំពុង​អត់ធ្មត់​ជាមួយ​ការ​រិះគន់​រួចរាល់ បន្ទាប់ពី​ក្រុម Man Utd ចាញ់​ក្រុម Aston Villa និង​ស្មើ​ជាមួយ​ក្រុម Everton ពី​ការប្រកួត​ចុងក្រោយ​។ ទោះបីជា​លោក Solskjaer ទំនងជា​មិនត្រូវ​បាន​ប្រឈម​នឹង​ការដេញចេញ​ឆាប់ៗ​នេះ​ក៏ដោយ ក៏​គ្រូបង្វឹក​សញ្ជាតិ​ន័​រ​វែ​ស ត្រូវយក​ជ័យជម្នះ ដ៏​គួរឱ្យ​សម្គាល់​បាន​ខ្លះ ក្នុងអំឡុងពេល​តេស្ត ដើម្បី​ធានា​តួនាទី​របស់គាត់ ពេល​ជួប​ជាមួយ​ក្រុម Liverpool, Tottenham និង Manchester City នៅ​លី​គ ព្រមទាំង​ការជួប​ក្រុម Atalanta ចំនួន​ ២ ​ដង សម្រាប់​ក្របខ័ណ្ឌ Champions League​។​

«​រាល់ពេល អ្នកចាញ់ ពិតណាស់ សម្ពាធ​នឹង​កើតមាន​ឡើងជា​រឿង​ធម្មតា តែ​យើង​ស៊ាំ​នឹង​ការ​-​រស់​ជាមួយ​សម្ពាធ​នោះ​ហើយ​។ យើង​គឺ​ក្រុម Man Utd​។ យើង​ត្រូវតែ​ប្រសើរ​ឡើងវិញ​។ ពេលខ្លះ ប្រហែលជា​មានការ​ផ្លាស់​ប្ដូរ​។ តើ​យើង​ត្រូវការ​មាន​ជើង​បន្ថែមទៀត​ឬ​? តើ​អ្វីដែល​ពួកយើង​ត្រូវ​ការ​? វា​ជា​បញ្ហា​មួយ ដែល​យើង​ត្រូវ​រកឱ្យឃើញ ប្រាកដ​ណាស់​»​។ លោក Solskjaer បាន​បន្ថែម ខណៈពេល​នេះ Man Utd ធ្លាក់​ទៅ​ឈរ​នៅ​លំដាប់​ទី​៥ មាន ​១៤ ​ពិន្ទុ​៕ AFP/VN