ភ្នំពេញ៖ អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា ​(ISF) ​សហការ​ជាមួយ​ក្រុម​ហ៊ុន​ធានារាប់​រង​ ​AIA Cambodia​ នឹង​រៀប​ចំ​កម្មវិធី​រៃ​អង្គាស​ថវិកា ​​តាម​រយៈការ​​​លក់​សំបុត្រ​ចូល​រួម​ផ្សង​សំណាង​ឈ្នះ​អាវ​ ដែល​មាន​រយៈ​ពេល​មួយ​ខែ ​ដោយ​​អ្នក​មាន​សំណាង ​នឹង​ទទួល​បាន​អាវ​កីឡាករ​ពាក់​ ក្នុង​ការ​ប្រកួត​ រវាងក្រុម Tottenham Hotspur (Spurs) និង​ក្រុម Sheffield United កាល​ពី​ខែ​ឧសភា ​ឆ្នាំ ​២០២១។

អាវ​កីឡា​រចនា​ដ៏​ស្អាត​​នេះ ​ចុះ​ហត្ថលេខា​ដោយ​កីឡាករ​ទាំង​អស់ ​ក្នុង​ក្រុម​ដំបូង​គេ​របស់​ក្លិប​ THFC ​ប្រចាំ​ឆ្នាំ​ ២០២០-២០២១ ​ដែល​រចនា ​ដោយ​អក្សរ​ខ្មែរ​ពី​កម្ពុជា ​រវាង​ដៃ​គូ​​មាន​ក្រុម​ហ៊ុន ​AIA​ Cambodia ​ជាមួយ​នឹង​និមិត្ត​សញ្ញា​របស់​អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា ​​(ISF) ​នៅ​ផ្ទៃ​ខាង​មុខ​ទៀត​ផង ​ខណៈ​ដែល​អក្ស​ខ្មែរ​បង្ហាញ​តាម​រយៈ​អាវ​ ក្នុង​ទីលាន​ប្រ​កួត ​គឺ​ជា​មោទនភាព​របស់​កម្ពុជា​។ ចំណែក​​សំបុត្រ​ចូល​រួម​កម្មវិធី ​Raffle ​អាច​ជាវ​បាន​ចាប់​ពី​ទឹក​ប្រាក់​យ៉ាង​តិច​១ដុល្លារ ​និង​អាច​ជាវ​បាន​តាម​បី​របៀប។

នាយិការ​អង្គការ​ផ្កាយ​សមុទ្រ ​ជួប ​វិច្ឆិកា​ បាន​ពន្យល់​លម្អិត​ថា​៖​«វិធី​ដើម្បី​ចូល​រួម​មាន ​៣ ​របៀប ​គឺ​ទី​១ ​តាម​អនឡាញ​ ត្រូវ​តំណ​ភ្ជាប់​ទៅ​នឹង​ isfcambodia ​ទី២ ​តាមរយៈ​ធនាគារ ​ABA ​គណនីលេខ ​002345589 ​ឈ្មោះ​គណនី​ Indochina Starfish Foundation ហើយ​​ទី៣ ​តាម​រយៈ​ Pi Pay លេខ​ទូរស័ព្ទ ​098​977​981​ គណនីឈ្មោះ​ ISF​ Cambodia ​ដើម្បី​ស្វែង​យល់​ពី​លក្ខខណ្ឌ​ ក្នុង​ការ​ចូលរួម ​ត្រូវ​បាន​អនុវត្ត​»។

​នាយិការរូបនេះ ​បាន​ឱ្យ​ជា​ឧទាហរណ៍​​ថា​៖ «​១០ ដុល្លារ​ នឹង​ជាវ​បាន​សំបុត្រ​ចំនួន ​១០​ សន្លឹក ​តែ​អ្នក​ចូល​រួម ​ត្រូវ​​បញ្ចូល​នូវ​អ៊ីម៉ែល​ រឺ​លេខ​ទូរស័ព្ទ​ឱ្យ​បាន​ត្រឹមត្រូវ​។ ​​បើសិន​អ្នក​ឈ្នះ​មិន​បាន​ផ្តល់​នូវ​អ៊ីម៉ែល​ និងលេខ​ទូរស័ព្ទ​ត្រឹម​ត្រូវ​នោះ​ទេ ​រង្វាន់​នឹងត្រូវ​បាន​ផ្តល់​ជូន​អ្នក​ឈ្នះ​បន្ទាប់​។​នេះ​មិន​ផ្តោត​ទៅ​លើ​ការ​រក​ប្រាក់​ចំណូល​ទេ ​គឺ​ជា​ការ​ទាញ​ការ​ចាប់​អារម្មណ៍​ពី​បង​ប្អូន​ខ្មែរ ​ដើម្បី​​ជំរុញ​​ឱ្យ​​ឃើញ​ថា​ ​​លើ​វាល​ស្មៅ​បាល់​ទាត់នៅ​​ឆាក​អន្តរជាតិមាន​រចនា​អក្សរ​ខ្មែរ ​លើ​អាវ​កីឡាករ​ដោយ​មាន​ហត្ថលេខា​ក្រុម​បាល់​ទាត់​ ​Spurs ​ដែល​នោះ​ហើយ ​ជា​មោទ​នភាព​ខ្លាំង​របស់​កម្ពុជា»​។​

ការ​ចាប់​ឆ្នោត​ស្វែង​រក​អ្នក​ឈ្នះ​ មាន​សំណាង ​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​សុក្រ​ទី ១២​ ខែ វិច្ឆិកា ​ឆ្នាំ​ ២០២១។ អ្នក​ឈ្នះ ​នឹង​ទទួល​ព័ត៌មាន​តាម​អ៊ីម៉ែល​ រឺ​តាម​ទូរស័ព្ទ​ ហើយ​នឹង​ត្រូវ​បាន​ប្រកាស​តាម​បណ្តាញ​សង្គម​ផងដែរ​។

ស្លាកសញ្ញាអង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា ​(ISF) ជាភាសាខ្មែរនៅលើអាវក្រុម Tottenham Hotspur (Spurs) កាល​ពី​ខែ​ឧសភា ​ឆ្នាំ ​២០២១។ រូបថត AFP

លោក ​យិន ​សាមឌី​ អ្នក​សម្រប​សម្រួល​ព័ត៌មានរបស់ ISF​ បាន​ប្រាប់​​ថា​៖​ «អង្គការ​ផ្កាយ​សមុទ្រ​ មាន​ទស្សនៈ​ និង​​មូលនិធិ​ទ្រ​ទ្រង់​កុមារា​កុមារី​កម្ពុជា ​ក្នុង​វិស័យ​បាល់​ទាត់ ​​ហើយ​ទទួល​បាន​ពាន​រង្វាន់​ និង​មាន​បទពិសោធ​ជាង ​១៥ ​ឆ្នាំ​ ក្នុង​ការ​ប្រើ​ប្រាស់​ការ​អប់រំ​កីឡា ​និង​គម្រោង​អភិវឌ្ឍ​សហគមន៍ ​ដើម្បី​ផ្តល់​ជំនួយ​ដល់​កុមារ​ងាយ​រង​គ្រោះ ​នៅ​កម្ពុជា​ ព្រម​ទាំ​ង​ក្រុមគ្រួសារ​របស់​ពួកគេ​ ឱ្យ​​រួចចាក​ផុតពី​ភាព​ក្រីក្រ​ ពិសេស​បាន​បណ្តុះ​បណ្តាល​បាល់​ទាត់​អាជីព​បាន​ច្រើន​កន្លង​មក»​។

លោក​បន្ត​ថា ​អង្គការ​បាន​ដឹកនាំ ​ដោយ​សហគមន៍ ​ត្រូវ​បាន​ផ្តួច​ផ្តើម​ឡើង ​ដោយ​បុគ្គលិក​កម្មវិធី ​ដែលមាន​បទ​ពិសោធជា​ច្រើន​ ក្នុង​ការ​ធ្វើការ​យ៉ាង​ជិតស្និត​ជាមួយ​អាជ្ញាធរមូល​ដ្ឋាន ​ដើម្បី​បង្កើត​ការ​ផ្លាស់ប្តូរ​ប្រកប​ដោយ​និរន្តរភាព ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ ​និង​ខេត្ត​មួយ​ចំនួន​ នៃ​ប្រទេស​កម្ពុជា​ទាំង​មូល​ ហើយ​​បច្ចុប្បន្ន ​យើង​កំពុង​ធ្វើ​ការ​ជាមួយ​សិស្សា​នុ​សិស្ស​ សរុប​ ៧០៨ ​នាក់​តាមរយៈ​ការសិក្សា​ល្បឿន​លឿន ​ក្នុង​កម្មវិធី​អប់រំ​ពន្លឿន​ និង​ការសិក្សា​ថ្នាក់​ឧត្តម​ផងដែរ​។ ​សិស្ស​ទាំង​អស់ ​ក្រៅ​ពី​បណ្តុះ​បណ្តាល​ផ្នែក​កីឡា ​គឺ​ទទួល​បាន​ការ​ឧបត្ថម្ភ​គាំទ្រ​ ជា​សម្លៀក​បំពាក់​ឯក​សណ្ឋាន​សាលា​ សម្ភារ​សិក្សា ​និង​កញ្ចប់​អាហារ ​ប្រចាំ​ខែ​ធ្វើ​ឱ្យ​​កូន​ខ្មែរ​មាន​ក្តី​សង្ឃឹម​​។

ចំពោះ​កម្មវិធី​បាល់ទាត់ ​ដែល​ទទួល​បាន​ពាន​រង្វាន់​របស់​អង្គការ​ផ្កាយសមុទ្រ ​បាន​កំពុង​រៀប​ចំ​សកម្មភាព​កីឡា ​ដើម្បី​ការអភិវឌ្ឍ​សម្រាប់​កីឡាករ​វ័យ​ក្មេង​ជាង​ ៣ ០០០​ នាក់​ រួម​មាន​កីឡាករ​ពិការ​ និង​កុមារ​ផ្ទុក​មេរោគ​អេដស៍ ​កុមារ​គរ​ថ្លង់​ផង​ដែរ​ ហើយ​កីឡាករ​ទាំងនោះ​បានចូលរួមរៀន​សូត្រ​ ក្នុង​កម្មវិធី​សិក្សា​ និង​បាល់ទាត់​បណ្តុះ​បណ្តាល​ថ្នាក់​បឋម​។

​លោក យិន ​សាមឌី បាន​បន្ថែម​ទៀត​ថា៖​ «​ផល​ចំណេញ​បាន​ជួយ ​គឺ​បន្ធូរ​ការ​លំបាក​រួម​ចំណែក​ជួយ​ដល់​សង្គម​ជាតិ ​ដោយ​ពួក​គេ​បាន​រៀន​សូត្រ​នូវ​ជំនាញ​ទន់​ភ្លន់​ ដូច​ជា​ភាព​ជាអ្នក​ដឹកនាំ​ ការ​ធ្វើ​ការងារ​ជា​ក្រុម និង​ការ​ដោះ​ស្រាយ​បញ្ហា ​ដែល​ប្រឈម​ ​និង​​ជួយ​ឱ្យ​​ពួក​គាត់​ទទួល​បានភាព​រីក​ចម្រើន ​ក្នុង​ជីវិត​របស់​​ខ្លួន ​នៅ​ថ្ងៃ​អនាគត»៕​