ក្រុង​ឡុងដ៍​: លោក Thomas Tuchel បាន​ទះ​ដៃ​សរសើរ​អ្នក​ចាំ​ទី Edouard Mendy ដែល​បង្ហាញ​នូវ​ទម្រង់​លេង​យ៉ាង​អស្ចារ្យ​ ក្នុង​ការ​ជួយ​ឱ្យ​ក្រុម​តោខៀវ Chelsea ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ Brentford ទាំង​លំបាក ១-០ សម្រាប់​ការ​ប្រកួត នៅ​ក្រប​ខ័ណ្ឌ Premier League កាល​ពី​ថ្ងៃ​សៅរ៍​។

ក្រុម Chelsea បាន​ធ្លាក់​ចេញ​ពី​អ្នក​នាំ​មុខ​គេ ក្នុង​តារាង ពេល​ក្រុម​ហង្សក្រហម Liverpool បំបាក់​ក្រុម​ម្ចាស់​ផ្ទះ​ Watford ​គ្មាន​ប្រណី ៥-០ ក្នុង​ការ​ប្រកួត​ នៅ​ប៉ុន្មាន​ម៉ោង​មុន​ហ្នឹង តែ​ក្រុម​របស់លោក Tuchel បាន​ដណ្ដើម​យក​ចំណាត់​ថ្នាក់​ទី ១ មក​វិញ ជាមួយ​នឹង​ជ័យ​ជម្នះពី​ជំនួប​ក្នុង​លីគ​ជាលើក​ដំបូង រយៈ​ពេល ៧៤ ​ឆ្នាំ ជាមួយ​​ក្រុម​ក្បែរ​ខាង​នៅ​ភាគ​ខាង​លិច​​​​ក្រុង​ឡុងដ៍​។​

ការ​ស៊ុត ១ គ្រាប់​យ៉ាង​ស្រួច​​របស់​ខ្សែ​ការពារ Ben Chilwell ក្នុងម៉ោង​បន្ថែម​មាន​របួសនៃ​វគ្គ​ទី១ គឺ​គ្រប់​គ្រាន់​នាំ​ជ័យ​ជម្នះ​ឱ្យ​ក្រុម​តោខៀវ​ជាលើក​ទី៦ ក្នុងចំណោម​ការ​ប្រកួត ៨ លើក នៅ​លីគ​។​​ តែ​យ៉ាង​ណា​ក្ដី​ គ្រាប់​បាល់​នោះ ក៏​ទំនង​ជាមិនអាច​ដណ្ដើម​បាន ៣ ពិន្ទុ​ដែរ​ ប្រសិន​បើ​​មិន​បាន​ការ​ជួយ​សង្គ្រោះ​ជាបន្ត​បន្ទាប់​របស់​អ្នក​ចាំ​ទី Mendy ​ពី​ការស៊ុត​យ៉ាង​ល្អៗ នៅ​ចុង​ម៉ោង ​នៃ​ការ​ប្រកួត​ទេ​នោះ។

«​ពួក​គេ​បាន​បង្ក​បញ្ហា​ឱ្យ​អ្ន​ក​ជាមួយ​នឹង​ការ​បោះ​បាល់​ (គប់​បាល់) រយៈ​ឆ្ងាយ និង​ការ​ទាត់​ហ្វ្រីឃិក​។ ពួក​គេ​បាន​បង្កើត​ឱកាស​ល្អ​ជាច្រើន​ ដែល​អាច​កើត​មាន​គ្រាប់​បាល់​បាន តែ Mendy គឺ​ជា​កីឡាករ​ដ៏​សំខាន់ ក្នុង​ការ​ជួយ​រារាំង ​មិន​ឱ្យ​របូត​គ្រាប់​បាល់​»​។ នេះ​ជាការ​លើក​ឡើង​របស់គ្រូបង្វឹក​ក្រុម Chelsea​ លោក Tuchel។

អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់ លោក Tuchel បាន​បន្ត​ទៀត​ថា​៖ «​យើង​មាន​ភាពរឹង​មាំ​ល្អរយៈ​ពេល ៧០ ​នាទី និង​មាន​សំណាង​ល្អ នៅ​ ២០ ​នាទី​ចុង​ក្រោយ ដើម្បី​បាន​ជ័យ​ជម្នះ​នេះ​។ យើង​បាន​រួច​ខ្លួន​ជាមួយ​នឹង​ការ​ឈ្នះ ៣ ពិន្ទុ ដោយ​សារ Mendy»​។

«​នៅ​ជិត​ចប់ វាហាក់​បី​ដូច​ជាការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​អ៊ីចឹង ពួក​គេ​ហ៊ាន​លេង ហើយ​បរិកាស បាន​ជួយ​ផ្ដល់​ការ​ជំរុញ​ចិត្ត​យ៉ាង​ច្រើន​ដល់​ពួក​គេ​​។ វា​ជា​រឿង​ប្រសើរ​ណាស់ ក្នុង​ការ​បាន​ឡើង​ទៅ​នៅ​ទី​​កំពូលតារាង​វិញ តែ​មាន​ក្រុម​ជាច្រើន​ ដែល​កំពុង​តាម​មក​ប្រកិត​ៗ​»​។​ នេះជាការ​បន្ថែម​របស់​លោក Tuchel។

ដូច្នេះ​ ក្រោយ​បញ្ចប់​សប្ដាហ៍​ទី ៨ ​សម្រាប់​គូប្រកួត កាល​ពី​ថ្ងៃ​សៅរ៍​នេះ ក្រុម​ Chelsea កំពុង​ឈរ​ទី១ ក្នុង​តារាង​ពិន្ទុ​របស់ Premier Leagueដោយ​មាន​ ១៩ ​ពិន្ទុ ខណៈ​ដែល​ក្រុម​លេខ ២ Liverpool តាម​ពី​ក្រោយ​ ១ ពិន្ទុ​ ហើយ​ក្រុម​ការ​ពារ​ជើង Manchester City ដែល​នៅ​លេខ ៣ តាម​ពី​ក្រោយ​ ២ ពិន្ទុ៕ AFP/VN