The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សហព័ន្ធ​រាំ គាំទ្រ​ប្រធាន​ចាស់​ឱ្យ​បន្ត​ដឹកនាំអាណត្តិ​ទី​៤ ថ្មី​

សហព័ន្ធ​រាំ គាំទ្រ​ប្រធាន​ចាស់​ឱ្យ​បន្ត​ដឹកនាំអាណត្តិ​ទី​៤ ថ្មី​

Content image - Phnom Penh Post
គណកម្មាធិការប្រតិបត្តិ និងកីឡាករ-កីឡាការិនីរាំ។ រូបថត សហការី

សហព័ន្ធ​រាំ គាំទ្រ​ប្រធាន​ចាស់​ឱ្យ​បន្ត​ដឹកនាំអាណត្តិ​ទី​៤ ថ្មី​

​ភ្នំពេញៈ សហព័ន្ធ​កីឡា​រាំ​កម្ពុជា បានធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៣ ឆ្នាំ ​២០១៧ ដល់​ឆ្នាំ​ ២០២១ ហើយ​បាន​បោះឆ្នោត​គាំទ្រ​ ១០០ ​ភាគរយ​ដល់​ប្រធាន​ចាស់ គឺ​លោកស្រី ញ៉ែម មរកត ឱ្យ​បន្ត​ដឹកនាំ​អាណត្តិ​ថ្មី ទី​៤ ពី​ឆ្នាំ ​២០២១ ដល់ ​២០២៥​។​

​នៅក្នុង​មហាសន្និបាត ដែល​ធ្វើឡើង​នៅ​ទីស្នាក់ការ NOCC​ កាលពី​ថ្ងៃទី ​១៤ ខែតុលា​នោះដែរ ក៏បាន​គាំទ្រ​ឱ្យ​លោក វ៉ា​ត់ ចំរើន លោកស្រី ម៉ក់ វណ្ណ​ស៊ីថា និង​លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន ធ្វើជា​អនុប្រធាន​ផងដែរ ចំណែក​លោកស្រី ហង់ ស៊ី​មន បន្ត​ធ្វើជា​អគ្គលេខាធិការ​បន្ត រីឯ​លោកស្រី ស្រី ស៊ីវ​ឡេង ជា​អគ្គលេខាធិការរង និង​លោកស្រី សោ ម៉ា​ល័យ ជា​អគ្គ​ហេរញ្ញិកា និង​សមាជិក ៦ ​រូប​បន្ថែមទៀត​។​

​សម្រាប់​ការទទួល​បានការ​គាំទ្រ​ឱ្យ​បន្ត​ធ្វើជា​ប្រធាន​សហ​ព័ន្ធ​នេះ លោកស្រី ញ៉ែម មរកត បាន​និយាយថា​៖ «​ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់ ដែល​យើងទាំងអស់គ្នា​បាន​ប្រឹងប្រែង​អភិ​វ​ឌ្ឍ​វិស័យ​កីឡា​រាំ ឱ្យទទួល​បាន ការគាំទ្រ​ខ្លាំងក្លា ព្រោះ​ពីដំបូង​យើង​គ្មាន​ធនធាន​ច្រើន​ទេ ហើយក៏​មិនមាន​ប្រាក់ខែ​ដែរ ប៉ុន្តែ​យើងទាំងអស់គ្នា ស្ម័គ្រចិត្ត​ធ្វើការ​ដោយ​ឆន្ទៈ​ខ្ពស់ និង​អស់ពី​បេះដូង ហើយ​បាន​ចំណាយធនធាន​ផ្ទាល់ខ្លួន ដើម្បី​ជួយ​ជ្រោមជ្រែង​ដល់​ដំណើរការ​អភិវឌ្ឍ​បន្ថែម​ល្អ​ដល់ពេលនេះ​»​។​

​លោកស្រី ហង់ ស៊ី​មន ជា​អគ្គ​​លេខាធិការប្រាប់ថា​៖ «​ក្រោម​ការគាំទ្រ​ពី​ក្រសួង​អប់រំ NOCC ក៏ដូចជា CAMSOC សហព័ន្ធកំពុង​ខិតខំ​បំពេញ​តួនាទី​ភារ​​កិច្ច​របស់ខ្លួន​យ៉ាងសកម្ម ដើម្បី​គោលដៅ​ពង្រឹងពង្រីក និង​អភិ​​វ​ឌ្ឍ​វិស័យ​កីឡា​រាំ​កម្ពុជា ឱ្យ​កាន់​​តែ​ផុសផុល និង​រឹងមាំ ក្នុង​គុណ​​ភាព​បច្ចេកទេសឈានឆ្ពោះ​ទៅរក​មេដាយមាស​ជូន​ជាតិ ក្នុងឱកាសដែល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់ផ្ទះស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣»​។​

​លោកស្រីបាន​បន្តថា សហ​ព័ន្ធ​កីឡា​រាំ​កម្ពុជាបង្កើត​កាលពី​ឆ្នាំ ​២០០៩ ក្នុង​លក្ខណៈ​លំបាក រហូត​ទទួលបាន​ការគាំទ្រនៅក្នុង​ស្រុក ហើយ​បន្ថែម​ពីលើ​នេះ​សហព័ន្ធ ក៏ត្រូវ​បានទទួល​ស្គាល់​ជា​អន្តរជាតិ ពី​សហព័ន្ធ​កីឡា​រាំពិភពលោក ​(WDSF) នៅ​ឆ្នាំ​ ២០១៨ និង​ទទួលស្គាល់​ពី​សហព័ន្ធ​រាំ​អាស៊ី ឆ្នាំ ​២០១៧​។​

​អគ្គលេខាធិការ​រូបនេះ បាន​បន្ថែមថា​៖ «​គិត​មកដល់ពេលនេះ យើង​បាន​ជំរុញ​បង្កើតឱ្យមាន​ក្លិប​ចំនួន​ ៥ ដោយមាន​កីឡាករ កីឡាការិនី​ប្រមាណ ៥០​ នាក់ ហើយ​ក្នុង​ឆ្នាំ​ ២០២១ ​នេះ ​មាន​ក្រុម​ជម្រើសជាតិចំនួន​ ១៤ ​នាក់ ខណៈ​សហព័ន្ធ​ក៏មាន​ចៅក្រម​ថ្នាក់ជាតិ ​៤ ​នាក់ និង​ចៅក្រម​អន្តរជាតិ​ម្នាក់ផងដែរ​»៕​

អត្ថបទគួរចាប់អារម្មណ៍