ភ្នំពេញ៖ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា លោក ជា ពៅ បានប្រាប់ថា ក្រុមវាយកូនបាល់របស់អ៊ីរ៉ង់ បានក្លាយជាឧបសគ្គធំ សម្រាប់កម្ពុជា ក្នុងការប្រកួតវាយកូនបាល់នៃព្រឹត្តិការណ៍ DAVS CUP ASIA /OCEANIA ZONE GROUP IV 2021 នៅទីក្រុង ISA ប្រទេសបារ៉ែន ដែលនឹងចាប់ផ្តើមប្រកួតជម្រុះតាមពូលទាំង ៣ នៅថ្ងៃចន្ទនេះ នឹងគ្រោងបញ្ចប់ នៅថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២១។
សម្រាប់ការប្រកួតនេះ ក្រុមជម្រើសជាតិវាយកូនបាល់កម្ពុជា ដែលបានធ្វើដំណើរទៅដល់ប្រទេសបារ៉ែន តាំងពីថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២១ នោះ បានឈរនៅពូល C ជាមួយអឺរ៉ុង គីជីស្ថាន និងប្រទេសយេម៉ែន ហើយនៅក្នុងចំណោមប្រទេសទាំង ៤ នេះ អ៊ីរ៉ង់មានកម្រិតលេងខ្ពស់ជាងគេ។
លោក ជា ពៅ ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាផងនោះ បានបន្ថែមថា៖ «កីឡាករកម្ពុជា មានសមត្ថភាព អាចប្រកួតប្រជែងបាន ក្នុងលក្ខណៈប្រហាក់ប្រហែលគ្នា ជាមួយប្រទេសគីជីស្ថាន និងប្រទេសយេម៉ែន ប៉ុន្តែកម្ពុជាយើង នៅមានបច្ចេកទេស ក្រោមប្រទេសអ៊ីរ៉ង់ នៅឡើយទេ»។
គួរបញ្ជាក់ កម្ពុជាបានបញ្ជូនកីឡាករជម្រើសជាតិចំនួន ៣ នាក់ ទៅចូលរួមការប្រកួត DAVS CUP ASIA /OCEANIA ZONE GROUP IV 2021 នេះ ក្រោមដឹកនាំរបស់លោក ទេព រិទ្ធីវិទ្ធ និងគ្រូបង្វឹកបរទេស លោក Braen Aneiros ក្នុងនោះមានកីឡាករ ឡុង សំនៀង, ប៊ុន កេន្នី និង ឃ្លាំង ពន្លក ហើយអ្នកទាំង ៣ នេះ ត្រូវប្រកួតវិញ្ញាសាវាយទោល ១ នាក់ ទល់ ១ នាក់ និងប្រកួតវាយគូដូចគ្នា៕