ក្រុង​ម៉ាឌ្រីដ​៖ កីឡាករ Luis Suarez ត្រូវ​ប្រឈម​ជាមួយ​ក្រុម​ហង្សក្រហម Liverpool សម្រាប់​ជំនួប​នៅក្របខ័ណ្ឌ Champions League នា​យប់​ថ្ងៃ​អង្គារ ព្រម​ទាំង​​រយៈ​ពេល​ ៩០ ​ផ្សេង​ទៀត ដែល​កីឡាករ​សំណព្វ​ចិត្ត​របស់​អ្នក​គាំទ្រ និង​អតីត​ក្លិបរបស់​ខ្លួនរូប​នេះ​ នឹងត្រូវ​លេង​ក្នុង​នាម​ជាគូបដិបក្ខ​។​

លើក​ចុង​ក្រោយ ដែល​ Suarez បាន​ប៉ះ​ជាមួយ Liverpool ក្នុង​ប្រទេស​អេស្ប៉ាញ ក៏​ជា​លើក​ដំបូងផងដែរ គិត​តាំង​ពី​រូប​គេ បាន​ចាក​ចេញ​ពី​ក្លិប​នៅ​អង់គ្លេស កាល​ពី​ ៥ ឆ្នាំ​មុន នៅ​ដើម​ឆ្នាំ​ ២០១៤ ហើយ​ គឺ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ុយរូហ្គាយ​នេះ​ហើយ ដែល​បង្កើត​ឱ្យ​មាន​ឧបសគ្គ​ឡើង​។

រូប​គេ​បាន​ផ្ដួល​ខ្លួន​ឈូស​បាល់ មិន​មែន​ដណ្ដើម​បាល់​ទេ តែ​គឺ​បញ្ចប់​ទី ហើយ​ដោយ​មិនមាន​ការ​រារែក ក្នុង​ការ​អបអរ​ រូបគេ​បាន​រត់​យ៉ាង​លឿន ជុំ​វិញ​សំណាញ់​ទី​របស់​ក្រុម ​Liverpool ជាមួយ​នឹង​ការ​ត្រដាង​ដៃ អម​នឹង​ស្នាម​ញញឹម​ ដែល​បញ្ជាក់​ថា ពេញ​ចិត្ត​នឹង​ការ​ស៊ុត​បញ្ចូល​ទី​ក្រុម​ចាស់​របស់​ខ្លួន​។

សម្រាប់​ប្រវត្តិ​របស់​កីឡាករ Suarez ពេល​លេង​ជាមួយ​​ក្រុម Liverpool មាន​ដូច​ជា​ ស៊ុត​បញ្ចូល​ទីបាន ៨២ គ្រាប់ ពីការ​ចូល​លេង ១៣៣ ហ្គេម​ ឈ្នះ​ពាន​លីគខាប់ ត្រូវ​បាន​ក្លិប​ការពារ​ពាក់​ព័ន្ធ​នឹង​រឿង​ការរើសអើង​ជាតិសាសន៍ និង​រឿង​អាស្រូវខាំ ហើយ​ត្រូវ​បាន​លើក​សរសើរ​ថា ជាម្នាក់ ក្នុង​ចំណោម​កីឡាករ​ឆ្នើម​ៗបំផុត​របស់​ក្លិប​។

តែ​នៅ​ឯ​កីឡដ្ឋាន Camp Nou នាពេល​នោះ ក្នុង​ការ​ជួប​គ្នា​តែ​មួយ​វឹប សម្រាប់​ជំនួប ក្នុង​វគ្គ ១៦ ក្រុម​ចុង​ក្រោយ នៅ Champions League គ្មាន​សញ្ញា​ ដែល​បង្ហាញ​ពី​ការ​នៅសល់​នូវ​ទំនាក់​ទំនង សូម្បី​តែ​ពាក្យ​ថា ​​ស្ដាយ​ក្រោយ​។ នាពេល​នោះ Suarez បាន​ជួយ​ឱ្យ​ក្រុម Barcelona នាំ​មុខ ​​Liverpool ហើយ​គ្មាន​នរណាម្នាក់ អាច​និយាយ​ថា រូប​គេ​មិន​រីក​រាយ នៅ​រាល់​វិនាទី ​នៃ​ការ​ប្រកួត​នោះ​ឡើយ​។

ក្នុង​ការ​ប្រកួត​ជើង​ទី២ នៅ​ទឹក​ដី Anfield រូប​គេ បាន​ប្រែ​ក្រឡាស់ ដោយ​ការ​និយាយ​ពី​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធរបស់​ខ្លួន​ ជាមួយ​នឹង​បុគ្គលិក​របស់​ក្រុម​ហង្សក្រហម និង​ថា​ តើ​កូន​ៗ​របស់​គេ បាន​ដឹង​ពី​ការ​រំភើប​ចិត្ត​ ចំពោះ​បាល់​ទាត់​ពី​អ្នក​គាំទ្រ​ ក្នុង​ទីក្រុង​នេះ​យ៉ាង​ដូច​ម្ដេច​? ហើយ​រូប​គេ​បាន​ផូស្ត​រូប​ថត ដោយ​ការ​លើក​មេដៃ​ឡើង​លើឈរ​ក្បែរ​នឹង​រូប​និមិត្តសញ្ញារបស់ក្លិប នៅលើ​ជញ្ជាំង​។

គ្មាន​រឿង​ណា​មួយនៃ​រឿង​ទាំង​នោះ គឺ​មិន​ពិត​នោះ​ទេ។ Liverpool គឺ​ជាក្រុម​​ ដែល​បាន​ជួយ​អភិវឌ្ឍ Suarez ពី​​ទេពកោសល្យ ដែល​មាន​នៅ​ឯក្លិប Ajax ឱ្យ​ក្លាយ​ទៅ​ជា​ម្នាក់ ក្នុង​ចំណោម​​ខ្សែ​ប្រយុទ្ធ​ដ៏​គួរ​ឱ្យ​ខ្លាច​បំផុត ក្នុង​លោក​។​

ជាមួយ​ក្រុម​យក្ស​អង់គ្លេស​មួយ​នេះ Suarez មាន​ទាំង​ក្ដី​រីក​រាយ និង​ការ​ខក​ចិត្ត។ នៅ​ពេល​ដែល​ក្រុម Liverpool ភ្លាត់​របូត​ឱកាស​ឈ្នះ​ពាន ​​Premier League ក្នុង​ឆ្នាំ​២០១៤ ដោយ​ការ​ចាញ់ ក្នុង​ប្រកួត​ដ៏​សំខាន់ ក្រោម​ថ្វីជើង​របស់​ក្រុម ​Crystal Palace បាន​ធ្វើ​ឱ្យ​គេ​ស្រក់​ទឹក​ភ្នែក ​ធ្លាក់​ទៅ​លើអាវ​របស់​គេ​។

តែ​ឥឡូវ​នេះ Suarez កំពុង​អបអរ​ចំពោះការ​ខកចិត្ត​របស់​ពួក​គេ ហើយ​អ្នក​គាំទ្ររបស់​ក្រុម Liverpool បាន​ចង​ចាំ​។ ក្នុង​ការ​ប្រកួត​ជើង​ទី១ ពួក​គេ​បាន​ហ៊ោ និង​សើច​ចំអក នៅពេល​ដែល Suarez ចាប់​ផ្ដើម​កិច្ចការ​របស់​ខ្លួន​។

រូប​គេ​ បាន​គ្រវាត់បាល់​​ចោល ខណៈ​ដែល​ក្រុម Liverpool ត្រូវ​គប់​បាល់​ (បោះ​បាល់)។ គេ​មាន​ការ​ប៉ះ​ទង្គិច​​ជាមួយ​កីឡាករ Fabinho ដោយ​សង្ឃឹម​ឱ្យ​មាន​កំហឹង​តប​វិញ។ Fabinho ត្រូវ​បាន​ពិន័យ​កាតលឿង សម្រាប់​ការ​ប្រជែង​យក​បាល់​ ដែលនាំ​ឱ្យ​កីឡាករ ​Suarez ពេល​នោះ បានដួល​​​។​

អ្នក​គាំទ្ររបស់ Liverpool ​ ធ្លាប់​នាំ​គ្នា​ស្រែក​ច្រៀង​ថា៖ «​ខ្ញុំ​គ្រាន់​តែ​មិន​គ្រប់​គ្រាន់​ប៉ុណ្ណោះ​។ ឥឡូវ​នេះ វា​គឺ​ជា​ការ​បោក​ប្រាស់​ បោក​ប្រាស់ បោក​ប្រាស់​»​។

ក្រុម Liverpool ដែលមាន ៦ពិន្ទុ និង​ក្រុម​ Atletico Madridរបស់កីឡាករ Suarez ដែល​មាន ៤ពិន្ទុ កំពុង​ឈរ​ទី១ និង​ទី២ ក្នុង​ពូល B ក្រោយ​បញ្ចប់ ២ហ្គេម ខណៈ​ដែល ២ ក្រុមផ្សេង​ទៀត គឺ Porto និង AC Milanនៅ​លេខ ៣ និង​លេខ ៤​៕ ​AFP/VN