ក្រុងញូវខាសលៈ ការចាប់ផ្ដើមថ្មីរបស់ក្រុម Newcastle United ក្រោមការគ្រប់គ្រងរបស់ក្រុមអ្នកវិនិយោគជាមួយនឹងទ្រព្យមហាសាល ដែលមកពីប្រទេសអារ៉ាប៊ី សាអ៊ូឌីត បានចេញដំណើរជាមួយនឹងការខកចិត្ត ខណៈដែលក្រុម Tottenham Hotspur (Spurs) ធ្វើឱ្យអ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះ ក្នុងកីឡដ្ឋាន St James'' Park ស្ងាត់មាត់ច្រៀប ដោយការយកឈ្នះ ៣-២ កាលពីថ្ងៃសៅរ៍។
ការបរាជ័យនេះ នាំឱ្យក្រុម Newcastle នៅតែស្ថិតក្នុងរង្វង់នៃក្រុម ដែលត្រូវកាត់ចេញពី Premier League ហើយក្រោយឆ្លងកាត់ការប្រកួត ៨ សប្ដាហ៍ មិនទាន់ដែលឈ្នះសូម្បី ១ លើក នារដូវកាលថ្មីនេះ។
ក្ដីរំពឹងអ្នក នៅតំបន់ Tyneside កំពុងមានកាន់តែខ្ពស់ឡើងៗ ក្រោយមានការគាំទ្រនូវទឹកប្រាក់ដ៏ច្រើនមហាសាល ពីសំណាក់អ្នកវិនិយោគរបស់ក្រុមហ៊ុន Public Investment Fund (PIF) ថា នឹងអាចមកជួយកែប្រែជោគវាសនារបស់ក្រុម Newcastle នៅលើទីលានបានហើយប្រធានក្រុមហ៊ុន PIF លោក Yassir Al-Rumayyan ទទួលបានការស្វាគមន៍យ៉ាងពេញចិត្តជាមួយនឹងសំឡេងទះដៃពីអ្នកគាំទ្រចំនួន ៥៥ ០០០ នាក់ នៅពេលគេធ្វើការបង្ហាញខ្លួនមុនការប្រកួតចាប់ផ្ដើមដំណើរការ។
បរិយាកាសដ៏រីករាយ ចាប់ផ្ដើមដោយសមឥតខ្ចោះ សម្រាប់ក្រុមម្ចាស់ផ្ទះ នៅពេលដែលខែប្រយុទ្ធ Callum Wilson តែតទម្លុះសំណាញ់ទីពីការលើកបាល់ចូលតំបន់គ្រោះថ្នាក់របស់ខ្សែការពារ Javier Manquillo។
លោក Al-Rumayyan បានអបអរចំពោះគ្រាប់បាល់នោះ ជាមួយនឹងសម្រែកខ្លាំងៗពីកន្លែងអង្គុយនៃកីឡដ្ឋាន ក្បែរៗសហម្ចាស់ អ្នកស្រី Amanda Staveley ដែលមានភាគហ៊ុន ១០ ភាគរយ ក្នុងក្លិប និងដែលជាអ្នកមានមុខ ក្នុងការចរចាដេញថ្លៃទិញក្លិប អស់រយៈពេលជាង ១ ឆ្នាំ។
អ្នកស្រី Staveley បានចេញសម្ដី នៅសប្ដាហ៍នេះថា មហិច្ឆតារបស់គាត់ គឺការធ្វើឱ្យក្រុមសារិកាព្រៃ កា្លយជាជើងឯកលីគកំពូលរបស់ប្រទេសអង់គ្លេស នៅ ១០ ឆ្នាំខាងមុខ។
ក្រុម Spurs ដែលពេលនេះ ឈរនៅលេខ ៥ បាននៅឆ្ងាយណាស់ ពីការចាប់ផ្ដើមរដូវកាលថ្មីដ៏ល្អ ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី លោក Nuno Espirito Santo តែការរួមចំណែករបស់ខ្សែប្រយុទ្ធ Harry Kane និង Son Heung-min បានបង្ហាញឱ្យឃើញនូវគុណភាពរបស់កីឡាករ ដែលក្រុម Newcastle សង្ឃឹមថា នឹងមានក្នុងប៉ុន្មានឆ្នាំខាងមុខ។
ងាកមកការប្រកួតវិញ ខ្សែបម្រើ Tanguy Ndombele បានបំប៉ោងសំណាញ់ទីឱ្យក្រុម Spurs តាមស្មើនៅនាទីទី១៧ ហើយបន្ទាប់មក កីឡាករ Kane នៅទីបំផុតបានបញ្ចប់ការរង់ចាំគ្រាប់ដំបូងរបស់ខ្លួន នៅ Premier League នារដូវកាលនេះ ជាមួយនឹងការឆ្កឹះបាល់រំលងដៃអ្នកចាំទី Karl Darlow របស់ Newcastle ដើម្បីជួយឱ្យក្រុមភ្ញៀវនាំមុខវិញនៅ ៥ នាទីបន្ទាប់មក។
«ខ្ញុំដឹងថា មានការជជែក និងសំឡេងខ្សឹបខ្សៀវជាច្រើនជុំវិញខ្លួនខ្ញុំ ហើយខ្ញុំដឹងថា នោះតែងតែជាករណីជានិច្ច ដែលអ្នកធ្លាប់ស៊ុតបញ្ចូលទី ហើយបាល់អត់រមៀលមករកអ្នក នៅពេលខ្លះ។ ខ្ញុំតែងតែគាំទ្រខ្លួនឯងជានិច្ច ក្នុងការរង់ចាំឱកាសនាពេលខាងមុខ»។ នេះជាសម្ដី Kane។
ក្រោយមកហ្គេម ត្រូវពន្យារពេល ២០ នាទី ដោយសារមានការជួយសង្គ្រោះបន្ទាន់ដល់អ្នកគាំទ្ររបស់ក្រុម Newcastle ដែលដួលសន្លប់ ខណៈកីឡាករ Reguilon និង Eric Dier របស់ក្រុម Spurs បានប្រាប់ពីការចង់ឱ្យមានគ្រឿងជួយធ្វើចលនាបេះដូងត្រៀមទុក ហើយកីឡាករទាំង ២ ក្រុម ត្រូវអាជ្ញាកណ្ដាល Andre Marriner នាំចេញពីទីលានសិន។
ក្រោយហ្គេមចាប់ផ្ដើមឡើងវិញ កីឡាករ Son ស៊ុតឱ្យក្រុម Spurs នាំមុខ ៣-១ មុនពេលកីឡាករ Dier ធ្វើឱ្យបាល់ចូលទីខ្លួនឯង នៅនាទីទី៨៩ នាំឱ្យម្ចាស់ផ្ទះចាញ់ ៣-២៕ AFP/VN