ក្រុង​មេន​ឆេ​ស្ទ័​រ​: ខ្សែបម្រើ​សញ្ជាតិ​បារាំង Paul Pogba បានធ្វើការ​វាយតម្លៃ​យ៉ាង​ទាប​ចំពោះ​សភាព​នៃ​ទម្រង់​លេង​របស់​ក្រុម​បិសាច​ក្រហម Manchester United (United) បន្ទាប់ពី​រង​បរាជ័យ ៤-២ ក្រោម​ថ្វី​ជើង​របស់​ក្រុម​កញ្ជ្រោង​ខៀវ Leicester ដែលជា​លទ្ធផលនាំឱ្យ​ពួកគេមាន​គម្លាត ៥ ​ពិន្ទុ ពី​ក្រុមដែល​កំពុង​ឈរ​កំពូល​តារាងនៃ​ក្របខ័ណ្ឌ Premier League​។​

​ក្រុម United មិន​ធ្លាប់​ឈ្នះ​ជើងឯក​លី​គ​កំពូល​អង់គ្លេស​ម្ដងណា​ឡើយ តាំងតែ​ពី​ឆ្នាំ ​២០១៣ មក តែ​ត្រូវបាន​គេ​រំពឹងថា នឹង​អាចមាន​សិទ្ធិ​ប្រកួតប្រជែង នៅ​រដូវ​កាល​នេះ បន្ទាប់ពី​បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​សន្ធឹក​សន្ធាប់ នាំយក​កីឡាករ Cristiano Ronaldo, Jadon Sancho និង Raphael Varane មក​រួម​ក្រុម ពេល​ទីផ្សារ​ដោះដូរ​កីឡាករ ដំណើរការ​។​

​តែ​យ៉ាងណាក្ដី ក្រុម​បិសាច​ក្រហម​របស់ លោក Ole Gunnar Solskjaer ដណ្ដើម​បានតែ ១​ ពិន្ទុ​ប៉ុណ្ណោះ ដែល​គួរ​ណាស់​តែមាន ៩​ ពិន្ទុ​ពេញ ពេល​តទល់​នឹង​ក្រុម Aston Villa, Everton និង Leicester សម្រាប់​ការប្រកួតនៅ​លី​គ ៣​ លើកចុងក្រោយ​។​

​ជាមួយគ្នានេះ ក្រុម United ក៏​ខ្ទាត​ចេញ​ផងដែរ ពី​ការប្រកួត ក្នុង​កម្មវិធី​លី​គ​ខាប់ (League Cup) កាលពី​ខែ​មុន ហើយ​កំពុង​រង​សម្ពាធ សម្រាប់​ការ​ប្រឈម​ជាមួយ​ក្រុម Atalanta របស់​អ៊ីតាលី ក្នុងជំនួបនៅ​ក្របខ័ណ្ឌ Champions League នា​យប់​ថ្ងៃ​ពុធ បន្ទាប់ពី​ការប្រកួត​បើកឆាក​ដំបូង ក្នុង​វគ្គ​សន្សំ​ពិន្ទុតាម​ពូ​ល​នេះ ចាញ់​ក្រុមនៅ​ស្វ៊ី​ស Young Boy​។​

​កីឡាករ Pogba បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា​៖ «​ប្រសិនបើ​យើង​ចង់​ឈ្នះ​ជើង​​ឯក មាន​ហ្គេម​ច្រើន ដែល​ត្រូវតែ​ឈ្នះ បើទោះបីជា​ហ្គេម​នោះ​លំបាក​យ៉ាងណាក៏ដោយ​។ យើង​បាន​ជួប​នូវ​ហ្គេម​ប្រភេទ​នេះ អស់​រយៈ​​ពេល​ជា​យូរ​មកហើយ ហើយ​រក​មិនឃើញ​បញ្ហា​សោះ​។ យើង​បាន​របូត​គ្រាប់​បាល់​ងាយ និង​ល្ងង់ខ្លៅ​បំផុត​»​។​

​លោក Solskjaer បានដាក់​ឱ្យ​លេង​ជម្រើស​ដំបូង​ទាំងអស់ ទាំង Pogba, Bruno Fernandes, Sancho, Mason Greenwood និង Ronaldo ហើយ​បាន​ព្រលយ​ពាក្យ ក្រោយ​ការប្រកួត​នោះ​ថា លោក​អាច​នឹងត្រូវ​ដក​តារា​ប្រយុទ្ធ​ខ្លះ ដើម្បី​ធ្វើឱ្យ​ក្រុម​មាន​តុល្យ​ភាពល្អ​ជាង​នេះ​។​

«​យើង​ដឹងថា អ្នកគាំទ្រ​កំពុង​ជំរុញ និង​ដាក់​សម្ពាធ​មកលើ​ពួកយើង ហើយ​ពួកយើង​ត្រូវតែមាន​ភាពចាស់ទុំ​ជាង​នេះ​បន្ថែមទៀត លេង​ដោយមាន​បទពិសោធ និង​ទំនុកចិត្ត​ជាង​នេះ ដោយ​ការដណ្ដើម​បាល់ និង​លេង​ការប្រកួត​បាល់ទាត់​រប​ស់​ពួកយើង តាម​វិធី​ដ៏​ល្អ​»​។ នេះ​ជាការ​បន្ថែម​របស់ Pogba​។​

​កីឡាករ​វ័យ ​២៨ ​ឆ្នាំ​រូបនេះ​ បញ្ជាក់ទៀតថា​៖ «​យើង​ត្រូវតែ​រកឱ្យឃើញ​នូវ​គន្លឹះ ដើម្បីឱ្យ​មានការ​កែប្រែ ព្រោះ​យើង​មិន​សម​នឹង​ចាញ់​នោះឡើយ​។ ខ្ញុំ​មិនដឹងថា តើ​គំនិត​របស់​កីឡាករទាំងអស់​យ៉ាងម៉េច​នោះទេ​? យើង​ត្រូវតែ​កែប្រែ​គ្រប់យ៉ាង​។ យើង​ត្រូវតែ​រកឱ្យឃើញទាំង​ខាង​សតិ​ស្មារតី និង​តាក់​ទិ​ក ដើម្បី​បាន​ជ័យជម្នះ​។ យើង​ត្រូវតែ​សម្លឹង​រក​ទាំង​ក្នុង​លក្ខណៈ​ផ្ទាល់ខ្លួន និង​ក្រុម ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​»​។​

​សម្ពាធ​កំពុងមាន​កាន់តែ​ច្រើនឡើងៗ ចំពោះ​លោក Solskjaer ដែល​ត្រូវធ្វើ​យ៉ាង​​ណា​កែប្រែ​ស្ថានការណ៍​ឱ្យ​ប្រសើរ​ឡើងវិញ​យ៉ាង​ឆាប់​បំផុត មុនពេល​មាន​កាលវិភាគ​ប្រកួត​ដ៏​តានតឹង​រង់ចាំ​នៅខាងមុខ ដោយ​ត្រូវ​ប្រឈម​សុទ្ធតែជា​មួយក្រុម​ខ្លាំងៗ ដូចជា Liverpool, Tottenham, Manchester City, Chelsea និង Arsenal សម្រាប់​ជំនួប នៅ Premier League៕ AFP/VN