​ភ្នំពេញៈ កីឡាករ​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ​លំដាប់​ខ្លាំង កាន់ ម៉េង​ហុង មកពី​ក្លិប​នាគរាជ​ចតុមុខ ត្រូវបាន​ជើង​ខ្លាំង​ជំនាន់​ថ្មី​ដូចគ្នា ពេជ្រ ប៊ុន​សិទ្ធ របស់​ក្លិប​ចលនា​យុវជន ​១៥៧ ប្រើ​កណ្តាប់ដៃ​ផ្ទួនៗ ផ្តួល​ឱ្យ​សន្លប់ ក្នុងការ​ប្រកួត​លក្ខណៈ​ប្រដាល់​ម៉ាស​ហ្វៃ ចំនួន ​៩ ​នាទី នៅ​សង្វៀន​ថោ​ន កាលពី​យប់​ថ្ងៃអាទិត្យ គឺ​ស្របពេល ខុន បូ​ឡា បានឈ្នះ​ប្រាក់​លាន ជា​លើក​ដំបូង​។​

​ការ​សន្លប់​របស់​អ្នក​ប្រដាល់​វ័យក្មេង កាន់ ម៉េង​ហុង នេះ នៅមាន​អ្នកទស្សនា​ភាគច្រើន​មន្ទិលសង្ស័យមិន​អស់ចិត្ត និង​ចង់ដឹង​ពី​មូលហេតុ​ពិត ព្រោះ​កន្លងមក ការប្រកួត​របស់​ពួកគេ​ទាំង ​២​នេះ ចាញ់ឈ្នះ​គ្នា​ម្តងម្នាក់​ត្រឹម​ពិន្ទុ យ៉ាង​តឹងតែង ខណៈដែល​ការ​វាយ​ចេញចូល​គោលដៅ​ធ្ងន់ៗ ប៉ុន្តែ​មិន​ងាយ​ស្រុត​កម្លាំង​ដាប​នោះឡើយ​។​

​ទោះយ៉ាងណា កាន់ ម៉េង​ហុង បាន​ប្រាប់​ក្រោយ​ការប្រកួត​ថា​៖ «​នេះ​ជា​លើក​ទី​១ ដែល​ខ្ញុំ​ប្រកួត​ចាញ់​ដោយ​សន្លប់​។ ការ​សន្លប់​នេះ ខ្ញុំ​ក៏​មិន​នឹកស្មាន​ដល់​ដែរ ប៉ុន្តែ​មូលហេតុ​ពិត គឺ​ការប្រកួត​ម៉ាស​ហ្វៃ មិន​អនុញ្ញាតឱ្យ​វ៉ៃ​តាម​បច្ចេកទេស​ដកថយ ឬ​ស្ទាបស្ទង់​កម្លាំង ព្រមទាំង​រត់គេច​នោះទេ ពោលគឺ​ចូល​វាយ​សម្រុក គ្មាន​សម្រាក បើ​មិន​ធ្វើតាម​លក្ខខណ្ឌ​នេះ គឺ​ត្រូវបាន​គណៈ​​កម្ម​ការ ដេញ​ចុះ​មិន​ខាន​»​។​

​ម៉េង​ហុង បន្ថែមថា​៖ «​ការ​​ប្រកួត​រយៈពេល​ជាង ​៥ ​នាទី​កន្លងមក ខ្ញុំ​ធ្លាក់ចុះ​កម្លាំង​ច្រើន ហើយ​បន្ទាប់មក គេ​វាយ​ចូល​ទ្រូង និង​ពោះ​ទឹក ញឹកញាប់​បណ្តាលឱ្យ​ចុក​រមួល​ងើប​លែងរួច​តែម្តង​។ ការ​ចាញ់​នេះ គឺ​អស់ចិត្ត តែ​មិន​នឹកស្មាន​ដល់​ទេ ហើយ​បើ​ប្រកួត​លក្ខណៈ​គុន​ខ្មែរ​ខ្ញុំ​អាច​ដកថយ​សន្សំ​កម្លាំង​បាន គឺ​មិន​សន្លប់​ឡើយ​»​។​

​ចំណែក ពេជ្រ ប៊ុន​សិទ្ធ បាន​និយាយថា​៖ «​ខ្ញុំ​សប្បាយចិត្ត ហើយ​ជ័យជម្នះ​នេះ មិន​ងាយ​​ស្រួល​ទេ គឺ​លំបាក​ណាស់ ព្រោះ​កម្មវិធី​នេះ មិនអាច​វ៉ៃ​បន្ធូរដៃ ឬ​តាមរបៀប​យក​ពិន្ទុ​បានទេ គឺ​សម្រុក​ដូចគ្នា អ៊ីចឹង​នរណា​ទ្រាំ​បានឈ្នះ​។ និយាយ​ទៅ​ការ​ប្រ​កួត​វាយ​ប្តូរ​គ្នា​តែម្តង ហើយ​បើ​ដៃគូ​មិន​សន្លប់ ខ្ញុំ​ក៏​អាច​សន្លប់​បានដែរ​»​។​

​ដោយឡែកការប្រកួត​ដណ្តើម​ប្រា​ក់លាន ទម្ងន់ ​៦៥ ​គីឡូក្រាម កីឡាករ ខុន បូ​ឡា បានឈ្នះ សូ​ដា កូ​ម៉ាន់ នៅ​វគ្គ​ជម្រុះ រួច​បន្តទៅ​ឈ្នះ សេក ធី​ណា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​ពិន្ទុ​ឯកច្ឆន្ទ ៥-០ ទទួលបាន​ប្រាក់រង្វាន់ ៣,៤ លាន​រៀល ជា​លើកដំបូង ក្នុង​អាជីព​ប្រដាល់ដែល​ឈ្នះ​រង្វាន់​ធំ​បែបនេះ​។​

​កីឡាករ ខុន បូ​ឡា បាន​និយាយថា​៖ «​ខ្ញុំ​សង្ឃឹម​តាំងតែ​វគ្គ​ដំបូង​ម្ល៉េះ គឺ​នៅពេល​ឈ្នះ សូ​ដា កូ​ម៉ាន់ ព្រោះ សេក ធី​ណា នៅ​ខ្ចី​វស្សា មិនជា​ឧបសគ្គ​ធំ​នោះទេ ប៉ុន្តែ​ការ​វ៉ៃ​ក្នុង​លក្ខណៈ​ប្រយ័ត្នប្រយែង​បំផុត ទើប​ទទួលបាន​លទ្ធផល​ល្អ​បែបនេះ ហើយក៏​ជា​លើក​ទី​១ ដែល​ខ្ញុំ​បានឈ្នះ​បាន​ចំណាត់ថ្នាក់​លេខ​ ១ និង​ប្រាក់​ច្រើន​ដូចនេះ​»៕