ក្រុងវែរសីយ៍៖ ខ្សែប្រយុទ្ធ Karim Benzema របស់ក្រុម Real Madrid ត្រូវឡើងជំនុំជម្រះក្ដី ក្នុងប្រទេសបារាំង នៅថ្ងៃពុធនេះ ពីបទចោទប្រកាន់មានរួមគំនិត ក្នុងការប៉ុនប៉ងគំរាមទារប្រាក់ ពីអតីតមិត្តរួមក្រុមជម្រើសជាតិ Mathieu Valbuena ពាក់ព័ន្ធនឹងករណី ដែលត្រូវបានគេដឹងថា ជារឿងអាស្រូវវីដេអូសិច។
កីឡាករ Benzema វ័យ ៣៣ ឆ្នាំ ត្រូវបានចោទប្រកាន់ថា បានជួយក្រុមជនខិលខូចទាក់ទងទៅកីឡាករ Valbuena ដែលបច្ចុប្បន្នជាកីឡាកររបស់ក្រុម Olympiacos របស់ប្រទេសក្រិក ក្នុងគោលបំណងគំរាមទារប្រាក់។ បុរស ៤ នាក់ផ្សេងទៀត ក៏ត្រូវទទួលការកាត់ក្ដីផងដែរ។
ករណីរឿងអាស្រូវនោះ ធ្វើឱ្យកីឡាករទាំង ២ Benzema និង Valbuena វ័យ ៣៧ ឆ្នាំ បាត់បង់តំណែងរបស់ខ្លួន ក្នុងក្រុមជម្រើសជាតិបារាំង តែពីស៊ុបភើស្តាររបស់ក្រុម Real បានស្ដារឡើងវិញនូវជំនឿចិត្តរបស់គ្រូបង្វឹក ដោយការបញ្ចូលឈ្មោះរូបគេ ទៅក្នុងក្រុម សម្រាប់ការប្រកួតប្រជែងជើងឯកអឺរ៉ុប នាឆ្នាំនេះ។
សំណុំរឿងនេះ ផ្ដោតលើតួនាទី ដែលកីឡាករ Benzema ត្រូវបានសង្ស័យពីការដើរតួក្នុងរឿងអាស្រូវដ៏អាប់អួ កាលពី ៦ ឆ្នាំ កន្លងទៅនោះ ដែលបានចាប់ផ្ដើម ពេលកីឡាករ Valbuena ឱ្យស្មាតហ្វូនរបស់ខ្លួន ទៅឈ្មោះ Axel Angot ជាបុរសម្នាក់ ដែលមានទំនាក់ទំនងនឹងក្រុមភ្នាល់បាល់ទាត់ នៅផែភាគខាងត្បូងនៃទីក្រុងម៉ាកសីយ៍ ដោយមានបំណងចង់ឱ្យជួយផ្ទេរកម្មវិធី ទៅទូរស័ព្ទថ្មី។
លោក Angot ដែលឥឡូវនេះ ត្រូវបានតុលាការធ្វើការកាត់ក្ដីពីបទរំលោភលើសេចក្ដីទុកចិត្ត បានប្រទះឃើញរីដូអូខុសច្បាប់ខាងផ្លូវភេទនោះ ក្នុងទូរស័ព្ទ ដែលមានពាក់ព័ន្ធនឹងកីឡាករ Valbuena។ រដ្ឋអាជ្ញា បានឱ្យដឹងថា បន្ទាប់មក គាត់ (Angot) បានរិះរកវិធី រួមជាមួយមិត្តម្នាក់ឈ្មោះ Mustapha Zouaoui ដើម្បីទាក់ទងទៅកីឡាករ Valbuena ហើយគំរាមនឹងចែករំលែកវីដេអូនេះសាធារណៈ ប្រសិនបើមិនឱ្យប្រាក់ពួកគេទេ។
កីឡាករ Valbuena ទទួលបានការហៅទូរស័ព្ទចូលជាច្រើនលើកច្រើនសា កាលពីខែមិថុនា ឆ្នាំ ២០១៥ ដែលគំរាមបញ្ចេញវីដេអូនោះ ហើយគេបានរាយការណ៍ពីករណីនេះ ទៅប៉ូលិស។
ថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០១៥ កីឡាករ Benzema បានទៅជួបកីឡាករ Valbuena ដល់បន្ទប់ នៅឯកន្លែងហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ហើយប្រាប់ថា គេអាចណែនាំមិត្តរួមក្រុម (Valbuena) ឱ្យស្គាល់មនុស្សម្នាក់ ដែលអាចទុកចិត្តបាន ដើម្បីជួយចាត់ការដោះស្រាយសម្របសម្រួល ចំពោះការបញ្ចេញជាសាធារណៈនៃវីដេអូនោះ។
អ្វីដែលកីឡាករ Benzema បានអះអាងក្រោយមកថា មានបំណងចង់ជួយមិត្តរួមក្រុមឱ្យរួចផុតពីស្ថានការណ៍ដ៏លំបាក ដោយគេបានប្រាប់ Valbuena ថា៖ «ប្រយ័ត្នណា Math (Valbuena) មានពួកឧក្រិដ្ឋជនច្រើនណាស់»។
កីឡាករ Benzema បន្ទាប់មកបានទូរស័ព្ទទៅមិត្តកាលនៅវ័យកុមារឈ្មោះ Karim Zenati ដែលក្រោយមកដើរតួរជាអន្តរការី សម្រាប់ក្រុមអ្នកគំរាមទារប្រាក់ ហើយបាននិយាយប្រាប់មិត្តរូបនោះ ក្នុងការជជែកគ្នា ដែលត្រូវបានពិនិត្យឡើងវិញ ដោយប៉ូលិស។
«ប្រសិនបើគាត់ មិនចង់ឱ្យពួកយើងជួយដោះស្រាយរឿងនេះទេ អ៊ីចឹង គេត្រូវតែដោះស្រាយជាមួយត្រីកំពតហើយ»។ នេះជាកាជជែកគ្នារវាងកីឡាករ Benzema និងមិត្ត Zenati ដែលអះអាងថា គ្រប់យ៉ាង គឺគ្រាន់តែចង់ក្រើនរំលឹកដល់កីឡាករ Valbuena ពាក់ព័ន្ធនឹងវីដេអូនោះប៉ុណ្ណោះ។
សម្រាប់ការកាត់ក្ដីពាក់ព័ន្ធនឹងករណីប៉ុនប៉ងគំរាមទារប្រាក់នេះ ទោសធ្ងន់បំផុត គឺត្រូវជាប់ពន្ធនាគារ ៥ ឆ្នាំ និងពិន័យជាប្រាក់ ៧០ ០០០ អឺរ៉ូ ($៨១ ០០០)៕ AFP/VN