ក្រុងមេនឆេស្ទ័រ​៖ អ្នក​ចាត់​ការ​ក្រុម​បិសាច​ក្រហម Manchester United លោក Ole Gunnar Solskjaer អត់​មាន​ពាក្យ​កែ​ខ្លួន​អ្វី​ទាំង​អស់​ សម្រាប់​ការ​ប្រឹង​ប្រែង​របស់​គាត់ ក្នុង​ការ​ធ្វើ​យ៉ាង​ណា​បញ្ចប់​ភាព​ខ្សត់​ពាន​រង្វាន់​អស់​រយៈ​ពេល ៤ ​ឆ្នាំ របស់​ក្លិប ក្នុង​ខណៈ​ដែល​​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo នៅ​លើទំព័រ​មុខ​របស់​សារព័ត៌មាន ក្នុង​នាម​ជា​តារា​លេច​ធ្លោនៃ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​។​​​

តែ​បុរស​សញ្ជាតិន័រវែស លោក Solskjaer មិន​អាច​បំពេញ​តាម​ក្ដី​រំពឹង​នានា​បាន​នោះ​ឡើយ ហើយការ​​បរាជ័យ ៤-២ នៅ​ផ្ទះ​របស់​ក្រុម Leicester បាន​ធ្វើ​ឱ្យ​ក្រុម United មាន​គម្លាត ៥ ពិន្ទុ​ ក្នុង​ការ​ប្រជែង​ពាន​ក្របខ័ណ្ឌ Premier League ខណៈ​ដែល​នៅ​ឯក​ម្មវិធី​លីគ​ខាប់ បាន​ធ្លាក់​រួច​រាល់​ហើយ​។

ការ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ​ចំពោះ​លោក Solskjaer កំពុង​តែ​មាន​ការ​កើន​ឡើង នៅ​មុន​ការ​មក​សួរ​សុខ​ទុក្ខ​ពី​សំណាក់​ក្រុម​ Atalanta របស់​ប្រទេស​អ៊ីតាលី ក្នុង​ជំនួប​នៅ​ក្រប​ខ័ណ្ឌ Champions League នា​យប់​ថ្ងៃ​ពុធ ដោយ​ការ​ធ្វើ​ដំណើរ​ទៅ​វគ្គ ១៦ ​ក្រុម​ចុង​ក្រោយ នៃ​​ការ​ប្រកួត​ប្រជែង​ដ៏​ធំ​របស់​អឺរ៉ុប​នេះ មិន​ទាន់​មាន​ភាព​ប្រកដ​ប្រជា​នោះ​ឡើយ​។

ការ​ស៊ុត​បញ្ចូល​ទី ​នៅ​វិនាទី​ចុង​ក្រោយ​របស់​កីឡាករ Ronaldo ដើម្បី​បាន​ឈ្នះ​ទាំង​​ប្រផិត​ប្រផើយ​លើ​ក្រុម Villarreal កាល​ពី​ ៣ ​សប្ដាហ៍​កន្លង​ទៅ គឺ​ជាអ្វី​ដែល​ក្រុម United ត្រូវ​ការ​យ៉ាង​ខ្លាំង ដោយ​សារ​ចាញ់​ការ​ប្រកួត​បើក​ឆាក​ ក្នុង​ពូល F នៅ​ផ្ទះ​របស់​ក្រុម​ស្វីស Young Boys ​។​​

លោក ​Solskjaer ធ្លាប់​បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ (Group Stage) នេះ​រួច​ហើយ​ ក្នុង​ CV (ប្រវត្តិរូប​សង្ខេប​) របស់​គាត់​។ កាល​ពី​រដូវកាល​មុន ក្រុម​បិសាចក្រហម បាន​ធ្វើ​ឱ្យ​ការ​ចាប់​ផ្ដើម​ដ៏​ឥតខ្ចោះ​របស់​ខ្លួន​ទៅ​ជាឥត​ន័យ បន្ទាប់​ពី​​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ប្រជែង​នេះ ក្រោយ​ទៅមិន​អាច​​ជាមួយ​ក្រុម​ Paris Saint-Germain និង RB Leipzig​។

ការ​មិន​អាច​ឡើង​ឱ្យ​ផុត​ពី​វគ្គ Group Stage ម្ដង​ទៀត​ អាច​ជា​ផល​មិន​ល្អ​ចុង​ក្រោយ ចំពោះ​ការ​មាន​ទំនុក​ចិត្តពី​សំណាក់​អ្នក​គាំទ្រលើ​ លោក Solskjaer ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ ដោយ​សារ​​ស៊ុត​គ្រាប់​បាល់​​ ក្នុង​ម៉ោង​បន្ថែម​​បង្គ្រប់ ជួយ​ឱ្យក្រុម United លើក​ពាន ​Champions League ​ពេល​ប៉ះ​ក្រុម Bayern Munich ក្នុង​ឆ្នាំ​១៩៩៩។​​​

ក្រុម​ United បាន​ចំណាយ​ប្រាក់​ ៧៣ លាន​ផោន ($១០០,៧លាន) ដើម្បី​នាំ​យក Jadon Sancho ពី​ក្រុម ​Borussia Dortmund ក្នុង​ខែ​កក្កដា ហើយតាម​មក​ដោយ​ការ​ចុះហត្ថលេខា​យក​កីឡាករ​ជយលាភីពាន Champions League ​៤ សម័យកាល គឺ​ខ្សែការពារ Raphael Varane របស់​ក្រុម​អធិរាជស Real Madrid​។

តែ​ការ​វិល​ត្រឡប់​របស់​កីឡាករ Ronaldo បាន​មក​បាំង​ជិត​កុងត្រា​ដ៏​ធំ​របស់​របស់ Sancho ​ដែល​ពេល​នេះ​ហាក់​រង​នូវ​ផលប៉ះពាល់​ពី​ការ​ធ្លាក់​ទម្រង់​របស់​ក្រុម​ជាង​កីឡាករ​ណា​ទាំង​អស់​។ Sancho ​ជា​អ្នក​រក​គ្រាប់​បាល់ និង​បង្កើត​ឱកាស​ដ៏មាន​ប្រសិទ្ធភាព សម្រាប់​រយៈ​ពេល ៤ ឆ្នាំ ក្នុង​ទឹក​ដី​អាល្លឺម៉ង់ ដែល​នៅ​ទីនោះ រូបគេ​បាន​ក្លាយ​ជាមា្នក់ ក្នុង​ចំណោម​កីឡាករ​មាន​ទេពកោសល្យ​ខាង​ប្រយុទ្ធ​ដ៏​គ្រោះ​ថ្នាក់​បំផុត​របស់​អឺរ៉ុប​។

តែ​ការ​ធ្វើ​​ដំណើរ​មក​ប្រក​បអាជីព​ជាមួយ​ក្រុម នៅ​​ប្រទេស​កំណើត​របស់​ខ្លួន​នេះ កីឡាករ​វ័យ ២១ ឆ្នាំរូប​នេះ នៅ​មិន​ទាន់​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​ខ្លួន​នៅ​ឡើយ​ទេ សម្រាប់​ការ​ចូលលេង​ចំនួន ១០ ​ហ្គេម ឱ្យ​ក្រុម​ United កុំ​​ថា សូម្បី​រក​គ្រាប់​បាល់​ដោយ​ខ្លួន​ឯង ឬក៏​រួម​ចំណែក​បញ្ជូន​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី៕ AFP/VN