ភ្នំពេញ៖ គណៈ​កម្មការ​ជំនាញ ​និង​​ថ្នាក់​ដឹក​នាំ ​ព្រម​ទាំង​​សហព័ន្ធ​កីឡា​ជាតិ ​ចំណុះ​ CAMSOC ​បាន​ប្រ​ជុំ​ពិ​ភាក្សា កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ​ក្រោម​អធិបតី​ភាព​ លោក​បណ្ឌិត​ ថោង ​ខុន ​ប្រធាន​ NOCC និង​ជា​អនុ​ប្រធាន​អចិន្ត្រៃ​យ៍ CAMSOC ​ដោយ​លម្អិត​ទៅ​លើ​គណៈ​កម្មការ​ជំនាញ​គ្រប់​គ្រង​ទី​តាំង​ស្នាក់​នៅ​, ហូប​ចុក ​និង​ចរាចរណ៍ ​ព្រម​ទាំង​ទី​ស្នាក់​ការ​កណ្តាល​ នៃ​គណៈកម្មការ​រៀប​ចំ​ប្រកួត​ស៊ី​ហ្គេម ​លើក​ទី៣២ ​ឆ្នាំ​ ២០២៣​ នៅមុន​ពេល​ប្រកួត ​ក្នុង​ពេល​កំពុង​ប្រកួត​ និង​ក្រោយ​ពេល​ប្រ​កួត​។​

នៅ​ក្នុង​អង្គ​ប្រជុំ​នោះ​ដែរ ​CAMSOC ក៏​​បាន​ពន្លេច​នូវ​សេចក្តី​ណែ​នាំ​​​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ​សែន ​ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ក្នុង​ការ​ប្រុង​ប្រយ័ត្ន ​ដើម្បី​លើក​មុខ​មាត់កម្ពុជា ក្នុង​នាមជា​​ម្ចាស់​ផ្ទះ ​ក្នុង​ការ​ទទួល​ភ្ញៀវ​លំដាប់​អន្តរជាតិ​ឱ្យ​​បាន​ល្អ​។​

លោក​ វ៉ាត់ ​ចំរើន ​អគ្គ​លេខា​ធិ​ការ​ CAMSOC បាន​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍ព័ត៌មាន ក្រោយ​កិច្ច​ប្រជុំ​ថា​៖​ «បញ្ហា​លម្អិត​នោះ​ គឺ​ជំរុញ​​ឱ្យ​​មាន​ការ​ស៊ី​ចង្វាក់​ ទៅ​លើ​ទី​កន្លែង​ស្នាក់​នៅ​របស់​ប្រតិ​ភូ​ភ្ញៀវ VIP​, ប្រមុខនៃ​ប្រធាន​ស្ថាប័ន​កីឡា​អន្តរជាតិ​នានា ​ដោយ​ត្រូវ​កំណត់​ទី​តាំង​ណា​ដែល​ងាយ​ស្រួល​ ពិសេស​ផ្នែក​អត្តពលិក ​គឺ​ផ្តោត​ទៅ​កន្លែង​ស្នាក់​នៅ​ភូមិ​កីឡា ​ដាក់​នៅ​ជិត​កន្លែង​ហូប​ចុក​ ជិត​កន្លែង​ហ្វឹក​ហាត់ ​និង​ទី​តាំង​ប្រ​កួត ​ព្រម​ទាំង​លម្អិត ​ទៅ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​មក​»។

​លោក វ៉ាត់ ចំរើន បាន​លម្អិត​ថា នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ យើង​បាន​កំណត់​ទី​តាំង​ជា​ច្រើន​កន្លែង ​មាន​ពហុកីឡា​ដ្ឋាន​ជាតិ​មរតក​តេជោ​ ជា​ទី​ស្នាក់​ការ​កណ្តាល​, អាគារ​ប្រណីត​ ICOC នៅ​ជ្រោយ​ចង្វារ​, មជ្ឈ​មណ្ឌល​ជាតិ​កីឡា​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​(ស្តាតចាស់)​ ​ពហុ​កី​ឡាដ្ឋាន​ជាតិ​អូឡាំ​ពិក​កម្ពុជា​ និង​សណ្ឋាគារ​សុខា​ជា​ដើម​។

​​បន្ថែម​ទៅលើ​នេះ ​អង្គ​ប្រជុំ​បាន​លម្អិត​ទៅ​លើ​ចំនួន​រថយន្ត​ជា​ច្រើន​ប្រភេទ​ មាន​វី​អាយ​ភី​, ពាក់​កណ្តាល​វី​អាយ​ភី, ​រថយន្ត​ធំ​បើស ​ដោយ​កំណត់​ទី​តាំង​ឱ្យ​​ច្បាស់ ​ត្រូវ​មាន​រថ​យន្ត​ទៅ​មក​ជា​ប្រចាំ​ដល់​ទី​តាំង​ក្រុម​អត្ត​ពលិក​ និង​ប្រ​តិភូ ​ដោយ​កំណត់​ក្នុង​រយៈ​ពេល ​៥​ នា​ទី ​ដល់​ទី​តាំង​តែ​ម្តង​ៗ​។

លើសពីនេះ ​អង្គ​ប្រជុំបាន​គិត​គូ​ទៅ​លើ​សណ្តាប់​ធ្នាប់​ចរាចណ៍​ ដោយ​ប្រសិទ្ធ​នាម​ផ្លូវ​ថា ​«ផ្លូវ​ស៊ីហ្គេម​» ​ដោយ​សហ​ការ​ជា​មួយ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ ​ដើម្បី​សិក្សា​លើ​ផ្នែក​ចរាចរណ៍​ថា ​ផ្លូវ​ណា​ខ្លះ​ត្រូវ​បិទ ជា​អចិន្ត្រៃយ៍​ ផ្លូវ​ណា​ត្រូវ​បិទ ​និង​បើក ​ទៅ​តាម​សកម្មភាព​ចាំ​បាច់​។​

លោក​ វ៉ាត់ ​ចំរើន​ បាន​បញ្ជាក់​ថា​៖ «​អង្គ​ប្រ​ជុំ ​នៅ​បាន​រំឭក​​បន្ថែម​ពី​ពិធី​ទទួល​ទង់​ និង​ត្រៀម​បញ្ជូន​ក្រុម​ការ​ងារ​បច្ចេកទេស​ ដើម្បី​ទៅ​ហាត់​ការ ​ក្នុង​ពិធី​រៀប​ចំ​កិច្ចការ​សព្វ​បែប​យ៉ាង ​នៅ​ប្រទេស​វៀត​ណាម ​ខណៈ​ដែល​ចាប់​ពី​ខែ​ធ្នូ ​ឆ្នាំ​ ២០២១​ នេះ​ទៅ​ កម្ពុជា​នឹង​ទទួល​បាន​ធ្វើ​​ជា​សហ​ប្រធាន​ក្រុម​ប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍​ ជា​មួយ​ប្រទេស​វៀត​ណាម​ ហើយ​វៀត​ណាម ​ក៏​ត្រៀម​សហការ​ជា​មួយ​កម្ពុជា​ ដើម្បី​បន្ត​វេន​ស៊ី​ហ្គេម ​ទៅ​លើក​ទី​៣២ ​ឆ្នាំ​ ២០២៣ ​ឱ្យ​​មាន​ភាព​ល្អប្រសើរ​»។

គួរ​បញ្ជាក់​ថា​ ព្រឹត្តិការ​ណ៍​កីឡា​ស៊ី​ហ្គេម ​លើក​ទី​៣២​ ឆ្នាំ​ ២០២៣​ ដែល​កម្ពុជា​ធ្វើ​ជាម្ខាស់​ផ្ទះ​នេះ ​កម្ពុជា​ទទួល​បាន​កាដូ ​ចំនួន ​២ ​បន្ថែម ​ប្លែក​ជាងស៊ីហ្គេម ​ចំនួន​​ ៣១ ​លើក ​កន្លង​មក ដោយ​ក្រុម​ប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍​ បាន​អនុញ្ញាត​ឱ្យ​កម្ពុជា ផលិត​នូវ​ភ្លេង​គោរព​ទង់​ជាតិ​ស៊ី​ហ្គេម ​ជា​លើក​ដំបូង ​និង​ឱ្យ​កម្ពុជា ធ្វើ​​ជា​សហប្រធាន​ស៊ីហ្គេម ​ជា​មួយ​ប្រទេស​វៀត​ណាម ​ដែល​មិន​ធ្លាប់​មាន​កន្លង​មក​៕​