ភ្នំពេញៈ ប្រទេស​វៀតណាម បានសម្រេច និង​អះអាងច្បាស់លាស់​ហើយ​ថា ខ្លួន​នឹង​រៀបចំ​ការប្រកួត​ស៊ី​ហ្គេមលើក​​ទី​៣១ ឆ្នាំ ​២០២១ នៅ​ពាក់​កណ្ដាល​ខែឧសភា ឆ្នាំ ​២០២២ ហើយ​ជាមួយគ្នានេះ ប្រធានប្តូរ​វេននៃ​ក្រុមប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍ នឹង​ផ្តល់ជូន​ព្រះ​រាជាណា​ចក្រ​កម្ពុជា ជា​ប្រធាន ឬ​សហប្រធាន នៅ​ខែធ្នូ ឆ្នាំ​ ២០២១​ នេះ ដើម្បី​កម្ពុជាមាន​សិទ្ធិ​ពេញលេញ ក្នុង​ការឈាន​ទៅធ្វើ​ម្ចាស់ផ្ ស៊ី​ហ្គេមលើក​​ទី​៣២ ឆ្នាំ​ ២០២៣ ជា​ប្រវត្តិ​សាស្ត្រ​។​

​ការសម្រេច​ចុងក្រោយ របស់​ម្ចាស់ផ្ទះ​វៀតណាម ក្នុងការ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេមលើក​ទី​៣១ ​នេះ ត្រូវបាន​គណៈ​ក​ម្មា​ធិ​កា​ជាតិ​អូឡាំពិក​វៀតណាម បាន​ប្រាប់​ទៅ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ កាលពី​ថ្ងៃទី ១៨ ខែតុលា ព្រោះនេះ​ជា​ថ្ងៃ​ឱសានវាទ ដែល​វៀតណាម ត្រូវតែ​បញ្ជាក់​ឱ្យបាន​ច្បាស់​ថា នឹង​រៀបចំ​ស៊ី​ហ្គេម ឬក៏​អត់​? ព្រោះ​បើ​វៀតណាមមិន​ធ្វើ​ទេ គេ​នឹង​លុប​ស៊ី​ហ្គេមលើក​​ទី​៣១ នេះ​ចោល​ជា​ប្រវត្តិ​សាស្ដ្រ​តែម្ដង​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខា​​ធិ​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​ប្រាប់ថា​៖ «​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ បានដាក់ឱ​សាទ​វាទ​ឱ្យ​វៀតណាមត្រឹម​ខែតុលា​នេះ ដើម្បី​កំណត់ពេល​​វេលា​រៀបចំ​ស៊ី​ហ្គេម ឱ្យបាន​ច្បាស់លាស់ ហើយ​ក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃទី ​១៨ ខែ តុលា ឆ្នាំ ​២០២១ វៀតណាមបាន​អះ​​អាង​ច្បាស់លាស់​ថា នឹង​រៀបចំ​ស៊ី​ហ្គេមនៅ​ពាក់កណ្ដាល​ខែឧសភា ឆ្នាំ ​២០២២»​។​

​ជាមួយគ្នានេះ កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ ក៏បាន​ពិភាក្សា និង​គាំទ្រ​កម្ពុជា ក្នុងការ​ធ្វើជា​សហប្រធាន ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​ផងដែរ ដើម្បី​កម្ពុជាមាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុងការ​អនុវត្ត​ការ​ងារ​បច្ចេកទេស​ផ្សេងៗ ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ ​២០២៣ បន្ទាប់ពី​ប្រទេស​វៀតណាម​។​

​លោក វ៉ា​ត់ ចំរើន បាន​បន្ថែមថា​៖ «​ក្នុង​កិច្ចប្រជុំ​របស់​ក្រុម​​ប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍នោះ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​វៀតណាម បាន​អះអាងថា ស៊ី​​ហ្គេមលើក​ទី​៣១ នៅ​មិនទាន់​កំណត់​ថ្ងៃ​ប្រកួតនៅឡើយ​ទេ ប៉ុន្តែ​នឹង​ផ្ដល់​លិខិតផ្លូវការដល់​បណ្ដា​ប្រទេស​ជា​សមាជិកក្នុងពេល​ឆាប់ៗ​ខាងមុខ​។ ចំណែក​ប្រធាន​ប្តូរ​វេន គឺ​បណ្ដា​ប្រទេស​អាស៊ាន បាន​គាំទ្រ​ឱ្យ​កម្ពុជា ធ្វើជា​សហប្រធាន​ក្រុមប្រឹក្សា ដើម្បី​បន្ត​និរន្តរភាព​ការងារផ្លូវការ និង​ពេញ​សិទ្ធ ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ ​២០២៣ តែម្តង​»​។​

​លោក ថោង ខុន ប្រធាន NOCC និង​ជា​អនុប្រធាន​អចិ​ន្រៃ្ត​យ៍ CAMSOC ដែលជា​បេក្ខភាព​តែ​ម្នាក់​គត់​របស់​កម្ពុជា ត្រូវ​ទទួល​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​អាស៊ាន​នេះ បាន​ថ្លែងថា​៖ «​នេះ​ជា​ប្រវត្តិ​​សាស្ត្រ ដែល​ផ្តល់ជូន​កម្ពុជាឱ្យធ្វើជា​សហប្រធាន ដើម្បី​បន្ស៊ី​គ្នាក្នុងការ​ដឹកនាំ​ឱ្យមាន​សកម្មភាព​ផ្សារភ្ជាប់ ពីព្រោះ​ពេលវេលា​ជាន់គ្នា ត្រួតគ្នា ដោយសារ​ការពន្យារពេល​ស៊ី​ហ្គេមលើក​ទី ​៣១ ​នេះ​»​។​

​លោក​បន្ថែមថា​៖ «​កម្ពុជាធ្វើជា​សហប្រធាន​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ មានន័យថា ដើម្បី​ផ្សាំ ឬ​ភ្ជាប់​ទំនាក់​ទំនង​គ្នា​ឱ្យ​ជិតស្និទ្ធក្នុងការ​បន្ត​ពី​ស៊ី​ហ្គេមលើក​ទី​៣១ ឈានចូល​ស៊ី​ហ្គេមលើក​ទី​៣២ នា​ឆ្នាំ ​២០២៣ គឺ​ដល់​វេន​កម្ពុជា ធ្វើ​ម្ចាស់ផ្ទះ​តែម្តង​។ សហ​ប្រធាន​នេះ ជា​លើក​ទី​១ ដែល​មិន​ធ្លាប់មានក្នុង​ប្រវត្តិ​ស៊ី​ហ្គេម ហើយ​នេះ​ជាការ​ឯកភាពគ្នា​ទាំងស្រុង​ក្នុងប្រទេស​តំបន់​អាស៊ាន​ទាំង​ ១១ ​ប្រទេស ដែលជា​សមាជិក​គាំទ្រ​»៕