ក្រុងម៉ាឌ្រីដ៖ កីឡាករ Mohamed Salah នៅតែបន្តនូវទម្រង់លេងដ៏ស្រួចស្រាល់របស់ខ្លួនឥតឈប់ កាលពីថ្ងៃអង្គារ ដោយការស៊ុតបញ្ចូលទី ២គ្រាប់ ក្នុងជ័យជម្នះ ៣-២ លើក្រុម Atletico Madrid ដែលសល់គ្នាតែ ១០ នាក់ ខណៈដែលលទ្ធផលនេះ នាំឱ្យក្រុមហង្សក្រហម Liverpool ឈរទី១ ក្នុងពូល B សម្រាប់ការប្រកួតនៅក្របខ័ណ្ឌ Champions League។
កីឡាករ Salah បានជួយឱ្យក្រុម Liverpool នាំមុខ ជាមួយនឹងគ្រាប់បាល់ដ៏គួរស្ងើច ១ គ្រាប់ផ្សេងទៀត សម្រាប់ការប្រកួត នៅឯកីឡដ្ឋាន Wanda Metropolitano ក្រោយបណ្ដើរបាល់ដោយធ្វើចលនាដូចរាំរែកគេចពីខ្សែការពារ ៣ រូបរបស់ក្រុម Atletico ហើយបាញ់ (ស៊ុតពេញកម្លាំង) ពីជើងឆ្វេងរបស់ខ្លួន ដើម្បីបង្ហាញពីជោគជ័យ ៩ ហ្គេមបន្តបន្ទាប់គ្នា ដែលខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីបបានទម្លុះសំណាញ់ទី។
តែការប្រកួតដ៏តានតឹង ក្នុងទីក្រុងម៉ាឌ្រីដនេះ ស្ថានការណ៍ប្រែប្រួលស្មុគស្មាញយ៉ាងច្រើន នៅតែកើតមាន ដោយខ្សែបម្រើ Naby Keita ស៊ុតបញ្ចូលទី ដើម្បីបន្ថែមការនាំមុខឱ្យក្រុមភ្ញៀវ ហើយខ្សែប្រយុទ្ធ Antoine Griezmann ធ្វើបានសម្រេចម្នាក់ ២គ្រាប់ ជួយឱ្យក្រុម Atletico តាមស្មើវិញ មុនចប់វគ្គទី១ ដែលធ្វើឱ្យក្រុម Liverpool ចាប់ផ្ដើមរាងដូចជាបែកខ្ញែកមួយភ្លែតដែរ។
តែកីឡាករ Griezmann ត្រូវបានបណ្ដេញចេញ នៅនាទីទី៥២ ដោយសារបានលើកជើងខ្ពស់ដល់ផ្ទៃមុខរបស់កីឡាករ Roberto Firmino ហើយក្រុម Liverpool បានផ្ដល់ឱ្យក្រុម Atletico ពីលទ្ធផលនៃការប្រជែងយកបាល់មិនទំនងរបស់ខ្សែការពារ Mario Hermoso រហូតធ្វើឱ្យកីឡាករ Diogo Jota ដួល ក្នុងតំបន់គ្រោះថ្នាក់ ខណៈដែលកីឡាករ Salah ស៊ុតបានសម្រេចគ្រាប់ទី ២ ក៏ដូចជាគ្រាប់ជ័យជម្នះសម្រាប់ក្រុម ពីបាល់ពិន័យ ១១ ម៉ែត្រនេះ។
«ការបាន ៣ពិន្ទុមិនទំនង គឺតែងតែមានភាពសំខាន់បំផុតជាញឹកញាប់ ហើយពួកគេមិនជាល្អប៉ុន្មានឡើយ នៅយប់នេះ។ នោះមិនមែនជាការលេងបាល់ទាត់ដ៏ល្អបំផុតរបស់យើងនោះទេ តែវាជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ»។ នេះជាការលើកឡើងរបស់គ្រូបង្វឹកក្រុម Liverpool លោក Jurgen Klopp។
កីឡាករ Salah ក្លាយជាកីឡាកររកគ្រាប់បានច្រើនជាងគេរបស់ Liverpool នៅ Champions League ដោយស៊ុតបញ្ចូលទីបាន ៣១ គ្រាប់ ពីការចូលលេង ៤៨ ហ្គេម ដែលលើសកំណត់ត្រាចាស់ ៣០គ្រាប់របស់អតីតកីឡាករ Steven Gerrard។
ទោះមានគ្នាតែ ១០នាក់ក៏ពិតមែន ក៏ក្រុម Atletico ហៀបនឹងតាមស្មើ នៅចុងម៉ោងហើយ ខណៈដែលកីឡាករ Luis Suarez បានដើរចេញពីកៅអីកីឡាករបម្រុង ដើម្បីទៅត្រៀមខ្លួន ទាត់បាល់ពិន័យ ១១ម៉ែត្រ ទល់នឹងក្រុមចាស់របស់ខ្លួន ជាមួយនឹងការបានប៉ះបាល់ដំបូង ក្នុងប្រកួតនេះ។
តែផ្ទុយទៅវិញ អាជ្ញាកណ្ដាល លោក Daniel Siebert បានធ្វើឱ្យអ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះ ក្តៅក្រហាយយ៉ាងខ្លាំង នៅពេលដែលគាត់បានសម្រេចលុបចោលការផ្ដល់បាល់ប៉េណាល់ទីនោះវិញ ក្រោយពិនិត្យ VAR (វីដេអូជំនួយការអាជ្ញាកណ្ដាល) រួចរាល់។
ក្រុម Liverpool កំពុងនាំមុខដាច់ ៥ ពិន្ទុ ក្រោយឈ្នះទាំង ៣ ហ្គេម ហើយមើលទៅការបានឆ្លងទៅវគ្គចាញ់ធ្លាក់ អាចនិយាយបានថា សឹងតែច្បាស់ណាស់ហើយ ខណៈដែលក្រុមលេខ ២ Atletico ដើម្បីឆ្លងឱ្យផុតវគ្គសន្សំពិន្ទុតាមពូលនេះ ត្រូវតស៊ូប្រជែងជាមួយក្រុមលេខ ៣ Porto ដែលមាន ៤ ពិន្ទុស្មើគ្នា ក្រោយឈ្នះក្រុម AC Milan ១-០៕ AFP/VN