ក្រុងរីយ៉ាដ​៖ ក្រុម​យក្ស Al Hilal របស់​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត បាន​ស្ថិត​នៅ​លើ​ផ្លូវ ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ការ​ឈ្នះ​ជើង​ឯក​ក្របខ័ណ្ឌ AFC Champions League (ACL) របស់​តំបន់​អាស៊ី ជាលើក​ទី២ ក្នុង​រយៈ​ពេល ៣ ឆ្នាំ ជាមួយ​នឹង​ការ​បាន​ជ័យ​ជម្នះ​ដ៏​តឹង​តែង​ ២-១ ក្នុង​វគ្គ​ ៤ ក្រុម​ចុង​ក្រោយ លើ​ក្រុម​គូប្រជែង​ក្នុង​ក្រុង​តែ ១ Al Nassr កាល​ពី​ថ្ងៃ​អង្គារ​។

គ្រាប់​បាល់​ពីខ្សែ​ប្រយុទ្ធសញ្ជាតិម៉ាលី Moussa Marega និង​ខ្សែប្រយុទ្ធ​អន្តរជាតិអារ៉ាប៊ី សាអ៊ូឌីត Salem al-Dawsari ដែល​ធ្វើ​បានបន្ទាប់​ពី​សម្រាក​វគ្គ​ទី១ បាន​ជួយ​ឱ្យ​ក្រុម Hilal ធ្វើ​ដំណើរ​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ដែលនឹង​រៀប​ចំ​ នៅ​ថ្ងៃ​ទី ២៣ ខែវិច្ឆិកានេះ​ ដោយ​រង់​ចាំ​ក្រុមទាំង​២ របស់​ប្រទេសកូរ៉េខាងត្បូង​ទាំង ២ គឺ Pohang Steelers និង​ក្រុម​ការ​ពារ​ជើង​ឯក Ulsan Hyundai ដែល​នឹង​តទល់​គ្នា នៅ​ថ្ងៃ​ពុធ​នេះ​។​

ក្រុម Hilal បាន​ឈ្នះ​ពាន​ដ៏​ធំ​របស់​អាស៊ី​នេះ ជាលើក​ទី៣ ក្នុង​ឆ្នាំ​ ២០១៩ តែ​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ប្រជែង​ កាល​ពី​ឆ្នាំ​មុន បន្ទាប់​ពី​ក្លិប​ជួប​នឹង​បញ្ហា ដោយសារ​សមាជិក​ជាច្រើន​នាក់​ធ្វើតេស្ត​ទទួល​បាន​លទ្ធផល​វិជ្ជមាន​នៃ​​ជំងឺកូវីដ ១៩​។

ក្រុម Hilal និង Nassr​ បាន​ជួប​​គ្នា​រាប់​មិន​អស់ ​សម្រាប់​ការប្រកួត​ក្នុង​ស្រុក​ តែភាព​សំខាន់​នៃ​​​ការ​ប្រកួត​ដ៏​ធំ ​ក្នុង​តំបន់​ មិន​បានរសាត់​ទៅ​ណា​ពី​ពួក​គេឡើយ ខណៈ​ទាំង ២ក្រុម បាន​ធ្វើ​ការចាប់​ផ្ដើម ​ដោយ​ប្រុង​ប្រយ័ត្ន​ដូច​គ្នា សម្រាប់ហ្គេម នៅ​ឯ​កីឡដ្ឋាន King Saud University (King Saud University Stadium) នារាជធានី​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​នេះ​។

កីឡាករ Marega ស៊ុត​គ្រាប់​បើក​ឆាក​ឱ្យ​ក្រុម Hilal នៅ​នាទីទី១៧ ហើយ​​ត្រូវ​បាន​ក្រុម Nassr តាម​ស្មើ​វិញ នៅ​នាទីទី៥០ ដែល​បាន​មក​ពី​ការ​តែត​របស់​កីឡាករ Anderson Talisca មុន​ពេល​កីឡាករ al-Dawasari ស៊ុត​គ្រាប់​ជ័យ​ជម្នះ នៅ​នាទីទី៧១​៕ AFP/VN