ភ្នំពេញ៖ សហព័ន្ធ​កីឡាលើក​ទម្ងន់​កម្ពុជា​ មាន​ធន​ធាន​កីឡាករ កីឡាការិនី​ ត្រឹម​ ​៤ ​នាក់ ​និង​គ្រូ​បង្វឹក ​១ ​នាក់​ប៉ុណ្ណោះ​ ដើម្បី​បញ្ជូន​ទៅ​ហ្វឹក​ហាត់​ នៅ​ប្រទេសចិន ​ទៅ​តាម​កម្ម​វិធី​របស់​រាជ​រដ្ឋាភិបាល ​ជា​មួយ​ប្រភេទ​កីឡា​ដទៃ​ ដើម្បី​បង្កើន​សមត្ថភាព​ ត្រៀម​ឆ្ពោះ​ទៅ​កាន់​​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​នានា​ ជា​ពិសេស​ប្រកួត​កីឡា​ស៊ីហ្គេម លើកទី៣១​ នៅ​ប្រទេស​វៀតណាម​ និង​ស៊ីហ្គេម ​លើក​ទី៣២​ ឆ្នាំ ​២០២៣ ​នៅ​ប្រទេស​កម្ពុជា​។​

លោក​ សំ​ សុខយី​ អគ្គ​លេខាធិការ​នៃ​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជាបានប្រាប់​ថា​៖ ​«សហព័ន្ធ​ទើប​តែ​បង្កើត ​និង​រៀប​ចំ​សហព័ន្ធ​ជា​ថ្មី​ ហើយ​ធន​ធាន ​និង​សមត្ថភាព​របស់​កីឡាករ​ ក៏​មិន​ទាន់​មាន​គ្រប់​ប្រភេទ​ទម្ងន់​ តាម​ស្តង់​ដា​ររបស់​សហព័ន្ធ​អន្តរជាតិ ​ឬ​ព្រឹត្តិការណ៍​កីឡាអាស៊ី​អាគ្នេយ៍​នោះ​ឡើយ​។ ទោះ​ជា​យ៉ាង​ណា​ សហព័ន្ធ ​នៅ​ខិត​ខំ​សម្រិត​សម្រាំង​​ នឹង​បញ្ជូន​កីឡាករ កីឡា​ការិនី​របស់​ខ្លួន​ចំនួន ៤ នាក់​ និង​គ្រូ​បង្វឹក ១​ នាក់​ ទៅ​បាន​ហ្វឹកហាត់​នៅប្រទេស​ចិន​ ដើម្បី​អភិវឌ្ឍន៍​ជំនាញ​បច្ចេកទេស​ប្រភេទ​កីឡា​លើក​ទម្ងន់​កម្ពុជា»​។

​លោក​ សំ​ សុខយី​ បាន​បន្ថែម​ថា ​ចំពោះ​ក្រុម​អត្តពលិក​ទំាង ​៤ ​នាក់ ដែល​ត្រូវ​បញ្ជូនទៅ​ហាត់នៅ​ចិន រួម​មាន កីឡាករ​ ជឿម​ ពិសីដ្ឋ​ ប្រភេទ​​ទម្ងន់ក្រោម​​៨៩​គីឡូក្រាម កីឡាករ ​ពេជ ​សីហា ​​ទម្ងន់ក្រោម​ ៥៥ គីឡូក្រាម​ កីឡាការិនី ​សេង ​បូរិន ​ទម្ងន់​ក្រោម​ ៤៥ គីឡូគ្រាម និងកីឡាការិនី​ រើន ស្រីនីត​ ទម្ងន់​​ក្រោម​ ៧១ ​គីឡូក្រាម​ ក្រោមការ​ដឹកនាំ​របស់​​​អ្នកគ្រូ​ ទ្រី​ សុថាវី​ដែល​ជាអតី​ត​កីឡាការិនី​ចំបាប់​ឆ្នើម​។

លោក​ស្រី ​ទ្រី ​សុថាវី ជា​គ្រូ​បង្វឹក បាន​​និយាយ​ថា​៖ «​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា​ ទើប​តែ​រៀប​ចំ​រចនា​សម្ព័ន្ធ​ឡើង​វិញ ​ហើយ​ចំនួន​អត្តពលិក​ នៅ​មានកម្រិត និង​មាន​​សមត្ថភាព នៅ​មិនទាន់​​តាម​សេចក្តី​ត្រូវ​ការ ​នៅ​ឡើយ ​ហេតុ​នេះ​យើង​​នឹង​បញ្ជូនពួកគាត់ ​ទៅ​ធ្វើ​ការ​ហ្វឹក​ហាត់​នៅ​ក្រៅ​ប្រទេស​ តាម​នយោបាយ​របស់​ CAMSOC ​ជា​មួយ​ប្រភេទ​កីឡា​ដទៃ​ទៀត ​ដែល​ជា​កម្ម​វិធី​របស់​ថ្នាក់​ដឹក​នាំ​កីឡា»​។​

គួរ​បញ្ជាក់​ថា​ ក្រុមកីឡាករ កីឡាការិនី​ជម្រើស​ជាតិ​កម្ពុជា​ ចំនួន ១៣៥ នាក់​ បូករួម​ទាំង​គ្រូបង្វឹក និង​គ្រូជំនួយ នឹង​ត្រូវ​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន ជាថ្មី បន្ទាប់ពី​បាន​ខក​ខាន​ជា​ច្រើន​ដង ​និង​ពន្យារ​ពេល​ ដោយ​បញ្ហា​កូវីដ​១៩​។

​លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ​ CAMSOC ​បាន​ថ្លែង​​ថា យើង​នៅ​​មិន​ហ៊ាន​និយាយ​ឱ្យ​​ប្រាកដ​ទេ​ ​ចំពោះ​ការ​បញ្ជូន​ក្រុម​ជម្រើសជាតិ ទៅ​ហ្វឹកហាត់ នៅ​ប្រទេស​ចិននេះ ព្រោះ​បញ្ហា​កូវីដ១៩​ ប៉ុន្តែ​អាច​ថា​ចន្លោះ​​ពីនៅចុងឆ្នាំ​ ២០២១ ទៅ​ដើម​ឆ្នាំ ២០២២ ​ហើយ​កិច្ច​ព្រម​ព្រៀង​រវាង​ប្រទេស​កម្ពុជា ​និង​ចិន ​នឹង​ផ្តល់​ជូន​ក្រុម​អត្តពលិក​កម្ពុជា​ចំនួន ១៥៣ ​នាក់​ ដើម្បី​ហាត់​បំប៉ន​ឱ្យ​​មាន​​សមត្ថ​ភាព​ខ្ពស់៕