
ខ្សែប្រយុទ្ធ Lewandowski របស់ Bayern បង្ហាញកាយវិការអបអរ ពេលប្រកួតជាមួយ Eintracht Frankfurt កន្លងមក។ AFP
ក្រុងមុយនិច៖ ខ្សែការពារ Dayot Upamecano របស់ក្រុម Bayern Munich បាននិយាយថា មិត្តរួមក្រុមរបស់ខ្លួន Robert Lewandowski និងខ្សែប្រយុទ្ធ Karim Benzema របស់ក្រុមអធិរាជស Real Madrid របស់ប្រទេសអេស្ប៉ាញ ស័ក្ដិសមនឹងឈ្នះពានរង្វាន់ Ballon d''Or នាឆ្នាំនេះ ជាងគេ។
កីឡាករ Lewandowski និង Benzema ស្ថិតនៅក្នុងចំណោមបេក្ខភាព ដែលត្រូវប្រជែងពានរង្វាន់លក្ខណៈឯកត្តជនដ៏មានតម្លៃបំផុត ក្នុងវិស័យបាល់ទាត់ ដោយបញ្ជីឈ្មោះកីឡាករទាំង ៣០ នាក់ នឹងត្រូវជ្រើសរើសតែ ៣នាក់ប៉ុណ្ណោះ។
កីឡាករ Upamecano លេងជាមួយខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Lewandowski នៅឯក្រុមជើងឯកក្របខ័ណ្ឌ Bundesliga ខណៈដែលរូបគេក៏បង្ហាញខ្លួនជាមួយកីឡាករ Benzema ឱ្យក្រុមបារាំង ដែលជាជើងឯក World Cup និង Nations League ផងដែរ។
នៅពេលត្រូវបានសួរពី Lewandowski និង Benzema នៅមុនការប្រកួតរបស់ក្រុមBayern ទល់នឹងក្រុម Benfica នៅក្របខ័ណ្ឌ Champions League នាយប់ថ្ងៃពុធ កីឡាករUpamecano បានតបថា៖ «សំណួរល្អណាស់!»។
«មិនថា Lewandowski ឬ Benzema ទេ ទាំង ២ នាក់ សមនឹងឈ្នះពាននោះ (Ballon d''Or)។ ពួកគេ គឺជាខ្សែប្រយុទ្ធដ៏ល្អបំផុត ក្នុងលោក។ ពួកគេបានបង្ហាញឱ្យឃើញពី ១ ឆ្នាំ ទៅ ១ ឆ្នាំ។ ប្រសិនបើ Lewandowski ឈ្នះ ខ្ញុំនឹងរីករាយជាមួយគេ ព្រោះគេជាមិត្តដ៏ល្អរបស់ខ្ញុំ នៅក្រុម Bayern ហើយប្រសិនបើ Benzema ឈ្នះ ខ្ញុំក៏នឹងរីករាយដូចគ្នាដែរ»។ នេះជាការលើកឡើងរបស់កីឡាករ Upamecano។

Benzema របស់ Real បញ្ចេញកាយវិការត្រេកអរ ក្រោយ Serhiy Kryvtsov របស់ Shakhtar ធ្វើចូលទីខ្លួនឯង។ AFP
ក្នុងការប្រកួតនៅ Champions League ដែលក្រុម Real ទៅបំបាក់ក្រុមម្ចាស់ផ្ទះ Shakhtar Donetsk ៥-០ កាលពីថ្ងៃអង្គារ កីឡាករ Benzema មានចំណែករួម ១គ្រាប់ដែរ ដែលបញ្ជាក់ថា គេនៅតែកីឡាករមានស្មារតីខ្ពស់ ក្នុងការជួយក្រុម ទោះរូបគេ ត្រូវប្រឈមនឹងការជំនុំជម្រះក្ដី ពាក់ព័ន្ធនឹងរឿងអាស្រូវវីដេអូសិចរបស់អតីតមិត្តជាតិ Mathieu Valbuena ក៏ដោយ។
ជាមួយគ្នានេះ កីឡាករ Lewandowski ស៊ុតបញ្ចូលទីបាន ៤ គ្រាប់ ក្នុងចំណោមការចូលលេង ៦ ដង នៅChampions League ទល់នឹងក្រុមនៅព័រទុយហ្គាល់ ដោយក្នុងនោះ ៣ គ្រាប់ គឺស៊ុតក្រុម Benfica ដែលមិនមានកីឡាករណា អាចបំប៉ោងសំណាញ់ទីបានបែបហ្នឹងឡើយ ទល់នឹងក្រុមមកពីប្រទេសព័រទុយហ្គាល់ ក្នុងការប្រកួតប្រកជែងនេះ។
ក្រុម Bayern កំពុងមានកំណត់ត្រា មិនចាញ់សោះដល់ទៅ ១៩ ហ្គេម នៅក្រៅផ្ទះ (ឈ្នះ ១៥ និងស្មើ ៤) នៅអឺរ៉ុបនេះ ដោយទម្លុះសំណាញ់ទីក្រុមគូបដិបក្ខបាន ៥៤ គ្រាប់ ហើយ គិតតាំងពីចាញ់ក្រុម Paris Saint-Germain ៣-០ កាលពីខែកញ្ញា ឆ្នាំ ២០១៧ មក។ គ្រាប់បាល់ពីការប្រកួតមិនចាញ់ជាប់ៗគ្នានោះកីឡាករ Lewandowski មានចំណែករួមចំនួន ១៩ គ្រាប់ បើគិតជាភាគរយ គឺ ៣៥ ភាគរយ៕VN