ក្រុងប៉ារីស​: ស៊ុប​ភើ​ស្តារ Lionel Messi ស៊ុត​បញ្ចូល​ទី​បាន ៣ ​គ្រាប់ ​ហើយ​ឱ្យ​ក្រុម​ថ្មី Paris St Germain (PSG) ដោយ​ធ្វើបាន នៅ​ក្របខ័ណ្ឌ Champions League ទាំងអស់ ហើយ​រូបគេ​ត្រូវ​អរគុណ​ដល់ដៃ​គូប្រយុទ្ធ Kylian Mbappe ក្នុង​ការជួយ​ឱ្យមាន​ចំនួន​គ្រាប់​បាល់​នេះ​។​

​កីឡាករ Mbappe ដែល​ស៊ុត​ខ្លួនឯង ១​គ្រាប់ និង​បង្កើត​ឱកាស​ឱ្យ​កីឡាករ Messi ទម្លុះ​សំណាញ់​ទី ២ ​គ្រាប់ ក្នុង​ជ័យជម្នះ ៣-២ លើ​ក្រុម RB Leipzig កាលពី​ថ្ងៃ​អង្គារ បាន​និយាយប្រាប់​ក្រុម PSG ថា រូបគេ​ចង់​ចាក​ចេញពី​ក្លិប​នៅ​ក្របខ័ណ្ឌ Ligue 1 បារាំង កាលពី​បញ្ចប់​រដូវ​កាល​ដើម្បី​ទៅ​ចូលរួម​ជាមួយ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ Real Madrid គឺ​ ១ ​ឆ្នាំមុន​កុង​​ត្រា​របស់គេ​ផុតកំណត់​។​

​ប៉ុន្តែ​យ៉ាងណា ចុងក្រោយ Mbappe បាន​បន្ត​ស្នាក់នៅ​ជាមួយ​ក្រុម​ដដែល ហើយ​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​បារាំង​រូបនេះ បាន​ដើរតួនាទី​យ៉ាងសំខាន់ សម្រាប់​ការ​សម្រប​ខ្លួន​របស់​កីឡាករ Messi នៅលើ​ទីលាន ជាពិសេស​ការបញ្ជូន​បាល់​ដោយ​កែងជើង​ដ៏​វៃឆ្លាត ដែល​ជួយ​ឱ្យ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន មានឱកាស​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ដំបូង​របស់ខ្លួន ក្នុង​ជ័យជម្នះ ២-០ លើ​ក្រុម Manchester City ក្នុងការ​ប្រកួត នៅមុននេះ​។​

​កាលពី​យប់​ថ្ងៃ​អង្គារ កីឡាករ Mbappe បាន​បង្កើតឱ្យមាន​បាល់​ពិន័យ​ ១១ ​ម៉ែត្រ ដែលជាការ​ផ្ដល់ឱកាស​ឱ្យ​កីឡាករ Messi រកបាន​គ្រាប់​បាល់​ទៀត ក៏ដូចជា​គ្រាប់​បាល់​ជ័យ​ជម្នះ​សម្រាប់​ក្រុម​អ្នក​មាននៅ​បារាំង PSG ក្រោយ​មាន​លទ្ធផល​ស្មើគ្នា ២-២ ពី​ការ​ប្រកួត​ដ៏​គួរឱ្យ​ជក់ចិត្តក្នុង​កីឡដ្ឋាន Parc des Princes នា​ក្រុងប៉ារីស​នេះ​។​

​ក្នុងពេល​កីឡាករ Messi និង Neymar អវត្តមាន​ខ្សែប្រយុទ្ធ Mbappe ទទួលភារៈក្នុងការ​ទាត់​បាល់​ប៉េ​ណា​ល់​ទីនេះ ពេល​លេង​ទល់នឹង​ក្រុម​ Angers នៅ Ligue 1 តែ​កីឡាករ​វ័យ ២២ ​ឆ្នាំ រូបនេះ បាន​និយាយថា ជា​រឿង​ធម្មតា​សម្រាប់​រូបគេ​ក្នុងការ​ដកខ្លួន​ថយ ហើយ​ឱ្យ​អតីត​ខ្សែប្រយុទ្ធ​របស់​ក្រុម Barcelona ធ្វើ​តួនាទី​នេះ​ជំនួស​វិញ​។​

​តែ​យ៉ាងណាក្ដី នៅពេល​ក្រុម PSG ទទួលបាន​បាល់​ពិន័យ ១១ ​ម៉ែត្រ​ម្ដងទៀត ក្នុង​ម៉ោង​បន្ថែម​បង្គ្រប់កីឡាករ Messi បានប្រគល់​កិច្ចការ​នេះ​ឱ្យទៅ Mbappe ជា​អ្នកធ្វើ​ម្ដង តែ​គួរឱ្យ​ស្ដាយ ដែល​គ្រាប់​បាល់​ទី៤ មិនអាច​កើតឡើង​បាន ដោយ​​សារ​បាល់​ហោះ​រំលង​របារ​ទី​។​

«​វា​ជា​រឿង​ធម្មតា ដោយ​វា​ជាការ​ផ្ដល់​ការគោរព​។ គាត់​ជា​កីឡាករ​ល្អ​បំផុត ក្នុង​លោក​។ វា​ជា​កិត្តិយស​ណាស់ ដែលមាន​គាត់​មកលេង​ជាមួយ​ពួកយើង ហើយ​ខ្ញុំ​តែងតែ​និយាយ​បែប​ហ្នឹង​ជានិច្ច​។ មានការ​ទាត់​​បាល់​ពិន័យ ១១ ​ម៉ែត្រ ទី​១ គាត់​ជា​អ្នក​ទាត់​។ លើក​ទី​២ គាត់​ប្រាប់​ឱ្យ​ខ្ញុំ​ទាត់​»​។ នេះ​ជាការ​និយាយ​របស់​កីឡាករ Mbappe​។​

​សម្រាប់​ការប្រកួត​នេះ​ក្រុម PSG បាន​ប្រឹងប្រែង​ទប់​ទល់នឹង​ក្រុម Leipzig ១ ​ដង ជា ​២ ​ដង បន្ទាប់ពី​ត្រូវ​ក្រុម​ទៅ​ពី​អាល្លឺម៉ង់ តាម​ស្មើនឹង​គ្រាប់​បាល់​បើកឆាក​របស់ Mbappe ហើយ​បន្ទាប់មក ក៏បាន​នាំមុខ​វិញ តែ​ចុងក្រោយ ក៏​សម្រេចបាន​ជោគជ័យ ដោយសារ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ទាំង ២ ដែល​មើលទៅ​ហាក់ដូចជា​លេង​ដោយ​មិន​បាត់​វត្តមាន​កីឡាករ​មាន​របួស Neymar អ៊ីចឹង​។​

​ជ័យជម្នះ​នេះ នាំឱ្យ​ក្រុម​ PSG មាន ៧ ​ពិន្ទុ ដើម្បី​ឈរ​ទី១ ក្នុង​ពូ​ល A និង​នាំមុខ ១ ​ពិន្ទុ ​លើ​ក្រុម​លេខ ​២ Manchester City របស់លោក Pep Guardiola ដែល​ធ្វើដំណើរ​ទៅ​បំបាក់​ក្រុម​ម្ចាស់ផ្ទះ Club Brugge ៥-១ នា​ការប្រកួត​ទី ៣ ​នេះ​៕ AFP/VN