​ក្រុង​អាំ​ស្ទែរ​ដាំ​: កីឡាករ Sebastien Haller បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​៦ របស់ខ្លួន​នៅ​ក្របខ័ណ្ឌ Champions League ក្នុងចំណោម​ការ​ចូ​លលេ​ង​៣​ហ្គេម ខណៈដែល​ក្រុម Ajax បង្ហាញឱ្យឃើញ​នូវ​ជំហរ​យ៉ាងរឹងមាំ ក្នុង​ពូ​ល​របស់ខ្លួន ជាមួយនឹង​ទស្សនីយភាព​នៃ​ការលេង​យ៉ាង​ឃោរឃៅនៅ​ទឹកដី​ខ្លួនឯង ដោយ​ការបំបាក់​ក្រុម Borussia Dortmund ៤-០ កាលពី​ថ្ងៃ​អង្គារ​។​

​ឥឡូវនេះ ក្រុម Ajax កំពុង​ស្ថិតនៅ​លើផ្លូវ​ឈានទៅ​វគ្គ​ ១៦ ​ក្រុម​ចុងក្រោយ ជាមួយនឹង​ជ័យជម្នះ ៣​ លើក ពី​ការ​ប្រកួត ៣ ​ដង នៅ​អឺរ៉ុប ហើយ​កីឡាករ Haller នៅតែ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ នៅក្នុង​កម្មវិធី​ប្រកួតប្រជែង​នេះ បន្ទាប់​ធ្វើបាន​សម្រេច​គ្រាប់​ទី​៤ ​ឱ្យ​ក្រុម​របស់ខ្លួន ដោយ​ការ​តែ​តពេញកម្លាំង​បំប៉ោង​សំណាញ់​ទី​យ៉ាង​ស្អាត​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​កូត​ឌី​វ័រ Haller ស៊ុត​បញ្ចូល​ទី ៤ ​គ្រាប់​ម្នាក់ឯង ពេល​លេង​ទល់នឹង​ជាមួយ​ក្រុម​របស់​ព័រ​ទុយ​ហ្គា​ល់ Sporting Lisbon នៅ​ថ្ងៃ​បង្ហាញខ្លួន​ដំបូង​របស់ខ្លួន ក្នុង Champions League នេះ កាលពី​ខែ​មុន ហើយ​បន្ទាប់មក ក៏​នៅតែ​ទទួលបាន​ការចាប់​​អារម្មណ៍​ទៀត ពេល​ប៉ះ​ជាមួយ​ក្រុម​តួ​ក​គី Besiktas ជាមួយនឹង​ការ​ស៊ុត​ធានា​ជ័យជម្នះ​ឱ្យ​ក្រុម​របស់​ប្រទេស​ហូ​ឡង់​ឈ្នះ ២-០​។​

​ការដណ្ដើម​បាន ៣ ​ពិន្ទុ​នេះ ឃើញថា ក្រុម​ជើងឯក​លី​គ​​កំពូល​ហូ​ឡង់ ជា​អ្នក​ឈរលើ​គេ ក្នុង​ពូ​ល C ដោយ​នាំ​មុខដាច់ ៣​ ពិន្ទុ​លើ​ក្រុម​លេខ​ ២ Dortmund របស់​អាល្លឺម៉ង់ ខណៈដែល​ក្រុម​ទាំង​ ២ សុទ្ធតែ​ឈ្នះ​ការប្រកួត ២ ​ដង ​បន្ត​បន្ទាប់​គ្នា មុន​ប៉ះគ្នា​កាល​​ពី​យប់​ថ្ងៃ​អង្គារ​នេះ​។​

​គ្រូបង្វឹក​របស់​ក្រុម Ajax លោក Erik ten Hag បាន​ប្រាប់​វេ​ប​សាយ Amazon Prime ដោយ​ក្ដីរំភើប​រីករាយ​ថា​៖ «​យើង​បាន​បង្កើតឱ្យមាន​ទម្រង់​លេង ដ៏​ពិសេស​អស្ចារ្យ ហើយ​លេង​បាល់ទាត់​ដ៏​គួរឱ្យ​ជក់ចិត្ត​មួយ​។ នៅពេល​ក្រុម​ ២ ជាមួយនឹង​ការ​មានគំនិត ចង់​លេង​ស្តា​យល៍​ប្រយុទ្ធ​ដូច​នោះ អ៊ីចឹងវា​ក្លាយ​ជាការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ដែល​ពួក​យើង​ជា​អ្នកឈ្នះ​»​។​

​ក្រុម​ម្ចាស់ផ្ទះ Ajax បានចាប់ផ្ដើម​មានប្រៀប ដោយសារ​គ្រាប់​បាល់​ធ្វើ​ឱ្យចូល​ទី​ខ្លួនឯង​ពី​សំណាក់​កីឡាករ​ប្រធាន​ក្រុម Marco Reus និង​ការ​ស៊ុត​យ៉ាង​ស្អាត​របស់​កីឡាករ Daley Blind ដែលនាំឱ្យ​ក្រុម​ម្ចាស់ផ្ទះ​នាំមុខ ២-០ មុន​ចប់​វគ្គ​ទី​១​។​

​កីឡាករ Haller បាន​បង្កើត​ឱកាស​ឱ្យទៅ​ខ្សែបម្រើ​ស្លាប​សញ្ជាតិ​ប្រេ​ស៊ី​ល Antony ស៊ុត​បន្ថែម​ការនាំ​មុខ ៣-០ សិន មុននឹង​ខ្លួនឯង​តែ​ត​គ្រាប់​បាល់​ជ័យជម្នះ​ចុងក្រោយ នៅ​នាទី​ទី​៧២៕ AFP/VN