​ភ្នំពេញៈ អ្នក​ប្រដាល់​គុន​ខ្មែរ ម៉ឺន ដា ជា​ជើង​ខ្លាំង​មួយរូប​របស់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ដែល​បាន​ឃ្លាត​ពីស​ង្វៀន​ក្នុងស្រុក​អស់​រយៈពេល​ជាង ​៤ ​ឆ្នាំ ដោយ​ជារឿយៗ គេ​ធ្លាប់​ឃើញ​ប្រកួត​នៅ​សង្វៀន​ប្រទេស​ថៃ និង​ធ្លាប់​ឈ្នះ​បាន​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់ ​៥៧ ​គីឡូក្រាមផង​នោះ គឺ​នៅ​ថ្ងៃអាទិត្យ​នេះ ម៉ឺន ដា បាន​វិល​មក​មាតុភូមិ និង​ត្រូវ​ឡើង​ប្រកួត​ម៉ា​រ៉ា​តុង​ដណ្តើម​ប្រា​ក់លាន ជាមួយ​ជើង​ខ្លាំង​ ៣ ​នាក់​ទៀត មាន​កីឡាករ​ ធន់ អៀន​ឡៃ​, លាភ រដ្ឋា និង​ជើង​ថ្មី សូ​ដា លី​ម៉ូ ក្នុង​ទម្ងន់ ​៥៧ ​គីឡូក្រាម​។​

​លោក ជួប វុត្ថា អ្នក​ផ្គូផ្គង​ការ​​ប្រកួត​ប្រចាំ​សង្វៀន​ថោ​ន បាន​និយាយថា​៖ «​វត្តមាន​អ្នក​ប្រដាល់​គុន​ខ្មែរ ម៉ឺន ដា នេះ​ត្រូវបាន​ខ្ញុំ​កក់​ទុក​ច្រើន​សប្តាហ៍​មកហើយ ដោយ​សន្យា​មក​ប្រកួត​ក្នុង​កម្មវិធី​ម៉ា​រ៉ា​តុង របស់​សង្វៀន​ថោ​ន ក្នុង​ការចាប់​​ឆ្នោត​ប្រកួត​ដណ្តើម​ប្រាក់​លាន​នេះ ជាមួយ​កីឡាករ​ជើង​ខ្លាំង ​៣ ​នាក់​ទៀត មាន លាភ រដ្ឋា មកពី​ខេត្តបន្ទាយមានជ័យ​, ធន់ អៀន​ឡៃ មកពី​សមាគម​ប្រដាល់​កងយោធពល​ខេ​មរ​ភូមិន្ទ និង សូ​ដា លី​ម៉ូ របស់​ក្លិប​គោព្រៃ​»​។​

​លោក​បាន​បន្ថែមថា ក្នុងចំណោម​អ្នក​ប្រដាល់​ទាំង​ ៤ ​នាក់​នេះ មានតែ​កីឡាករ សូ​ដា លី​ម៉ូ ម្នាក់​ប៉ុណ្ណោះ មាន​បទ​ពិសោធ​នៅ​ខ្ចី​ជាងគេ ដោយ​ទើប​ប្រកួត​បាន ​២៨ ​ដង ប៉ុន្តែ​គេ​ទើបតែ​សាង​សមត្ថភាព​កំពុង​ល្អ គួរ​លើកទឹកចិត្ត ទើប​ដាក់ឱ្យ​ប្រកួតប្រជែង​។ ចំណែក លាភ រដ្ឋា​, ធន់ អៀន​ឡៃ និង ម៉ឺន ដា សុទ្ធតែជា​ជើងចាស់ មាន​បទពិសោធ​យូរ​ជាង ហើយ​អ្វីដែល​ទាញ​ការចាប់អារម្មណ៍​ខ្លាំង ​គឺ​វត្តមាន​របស់​កីឡាករ ម៉ឺន ដា ខណៈដែល​កន្លង ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ពី​កម្មវិធី​ប្រ​ដាល់​នៅ​ប្រទេស​ថៃ ក្នុង​ទម្ងន់​ ៥៧ ​គីឡូក្រាម​។​

​ជាមួយគ្នានេះ លោក ធន់ សុភា គ្រូបង្វឹក​របស់ ធន់ អៀន​ឡៃ បាន​និយាយថា​៖ «​ក្នុងជំនួប​ប្រកួត​នេះ គូប្រកួត​សុទ្ធ​​តែ​ជា​ឧបសគ្គ ព្រោះ​វត្តមាន​កីឡាករ ម៉ឺន ដា និង លាភ រដ្ឋា ពិតជា​លំបាក​ឈ្នះ​ណាស់ ពិសេស ម៉ឺន ដា នេះ គឺ​ទោះ​បាត់​មុខ​យូរ នៅ​សង្វៀន​ក្នុងប្រទេស ប៉ុន្តែ​គេ​ប្រកួត​ញឹក​​ញាប់​នៅ​ប្រទេស​ថៃ ទទួល​​បាន​លទ្ធផល​ឈ្នះ​ច្រើនជាង​ចាញ់​»​។​

​គ្រូបង្វឹក​រូបនេះ បាន​បន្ថែមថា​៖ «​ប្រសិន​វគ្គ​ដំបូង ចាប់​​ឆ្នោត​ប៉ះ​ជាមួយ លាភ រដ្ឋា ឬ សុ​ដា លី​ម៉ូ មិនសូវ​បារម្ភ​ទេ តែបើ​ជួប ម៉ឺន ដា អាច​ពិបាក​។ តែ​ទោះជា​យ៉ាងណា ខ្ញុំ​កំពុង​បង្វឹក ធន់ អៀន​ឡៃ ផ្ទាល់ដៃ​ឱ្យបាន​ល្អ ដើម្បី​ឈ្នះ ម៉ឺន ដា ក្នុងករណី​ចាប់ឆ្នោត​ជួប​ប្រកួត​គ្ នៅ​វគ្គ​ជម្រុះ ​៣ ​ទឹក​ដំបូង​»​។​

​ចំណែក លាភ រដ្ឋា បាន​ប្រាប់ថា​៖ «​ម៉ឺន ដា ខ្លាំង តែ​ខ្ញុំ​មិន​ធ្លាប់​ប្រកួត​គ្នា​ទេ ចំណែក ធន់ អៀន​ឡៃ ធ្លាប់​ប្រកួត​ក្នុង​ម៉ាស​ហ្វៃ បាន​លទ្ធផល​ស្មើគ្នា ហើយ​ជើង​ថ្មី សូ​ដា លី​ម៉ូ ខ្ញុំ​មិន​បារម្ភ​ទេ​។ ​ខ្ញុំ​ឡើងទៅ ដឹង​តែ​វាយ​សម្រុក​តែម្តង ចំពោះ​បញ្ហា​ចាញ់​ ឬ​ឈ្នះ ពិបាក​និយាយ​មុន​ណាស់ តែ​លើក​នេះ ខ្ញុំ​ហាត់​ត្រៀម​បានល្អ​»​។​

​ចំពោះ​កីឡាករ ម៉ឺន ដា មិនអាច​ទាក់ទង​បាន ប៉ុន្តែ​លោក រឹក គី ជា​គ្រូបង្វឹក និយាយថា ម៉ឺន ដា មក​ហាត់​ឡើង​ប្រដាល់​វិញហើយ​ឥឡូវ ចេញទៅ​រត់​កម្តៅ​សាច់ដុំ​បាត់​ហើយ​។

លោក​បន្តថា​៖ «​ខ្ញុំ​មិន​ហ៊ាន​សង្ឃឹម​ឈ្នះ​ច្រើន​ទេ ព្រោះ​វា​ខកខាន​ប្រកួត​យូរ​ដែរ ហើយ​មួយវិញទៀត ជើង​ខ្លាំង លាភ រដ្ឋា និង ធន់ អៀន​ឡៃ ជា​កំពូល​កីឡាករ​វាយ​សម្រុក និង​មាន​សមត្ថ​ភាពល្អ គឺ​ពិតជា​មិនអាច​សង្ឃឹម​ឈ្នះ​ច្រើន​នោះទេ ត្រឹម​ ៦០ ​ភាគរយ​ប៉ុណ្ណោះ​»​។​

​តាម​ប្រវត្តិ ម៉ឺន​ដា ប្រកួត​បាន ​៧៥ ​ដង ឈ្នះ ​៥២ ចាញ់​ ២១ ស្មើ ​២ ​ដង ក្នុងនោះ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់ ​១០ ​ដង រីឯ លាភ រដ្ឋា ប្រកួត​បាន​ ៦៥​ ដង ឈ្នះ​ ៤១ ចាញ់​ ១៧ ស្មើ​ ៧​ ដង ក្នុងនោះ​វ៉ៃ​គេ​ឱ្យ​សន្លប់ ​២០ ​ដង ហើយ ធន់ អៀន​ឡៃ ប្រកួត​បាន ​៦៨ ​ដង ឈ្នះ​ ៤៦ ចាញ់​ ១៧ ស្មើ​ ៥ ដង ក្នុងនោះ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​បាន​ ២០ ​ដង ចំណែក​កីឡាករ​ សូ​ដា លី​ម៉ូ ធ្លាប់​ប្រកួត​បាន​ចំនួន​ ២៨ ​ដង ឈ្នះ​ ២០ ចាញ់​ ៦ ស្មើ ​២ ​ដង ក្នុងនោះ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​បាន​ចំនួន ​៦ ​លើក​៕