The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - របួស​របស់ Lukaku ធ្វើ​ឱ្យ​ជ័យ​ជម្នះ​របស់​ Chelsea លើក្រុម​ Malmo ប្រែជាស្រអាប់




របួស​របស់ Lukaku ធ្វើ​ឱ្យ​ជ័យ​ជម្នះ​របស់​ Chelsea លើក្រុម​ Malmo ប្រែជាស្រអាប់

Content image - Phnom Penh Post
Lasse Nielsen (ស្ដាំទី ២) របស់ Malmo ផ្ដួលខ្លួនស្កាត់​បាល់ រហូត​ធ្វើ​ឱ្យ​មាន​បាល់​ពិន័យ ១១ម៉ែត្រ និង Lukaku របស់ Chelsea រងរបួស។ រូប ​AFP

របួស​របស់ Lukaku ធ្វើ​ឱ្យ​ជ័យ​ជម្នះ​របស់​ Chelsea លើក្រុម​ Malmo ប្រែជាស្រអាប់

ក្រុង​ឡុងដ៍​៖ លោក Thomas Tuchel បាន​អះអាង​ថា ក្រុម​តោខៀវ Chelsea ត្រូវ​ប្រឈម​ជាមួយ​នឹង​ពេល​វេលា​គ្មាន​កីឡាករ ២រូប Romelu Lukaku និង Timo Werner ខណៈ​ដែល​​ក្រុម​ជើង​ឯក​ក្របខ័ណ្ឌ Champions League មួយនេះ ត្រូវ​បាន​ប៉ះ​ពាល់​ដោយ​វិបត្តិ​ខ្សែប្រយុទ្ធ​មាន​របួស ក្រោយ​មាន​ជ័យជម្នះ​យ៉ាង​ស្រួល​ៗ ៤-០ លើ​ក្រុម Malmo កាល​ពី​ថ្ងៃ​ពុធ​។

ក្រុម ​Chelsea របស់លោក Tuchel បាន​យក​ឈ្នះ​ក្រុម​ដ៏​តូច​របស់​ប្រទេស​ស៊ុយអែត Malmo ពី​ការប្រកួត នៅ​កីឡដ្ឋាន Stamford Bridge ដោយ​សារ​គ្រាប់​បាល់ប៉េណាល់​ទី ២គ្រាប់​របស់​កីឡាករ Jorginho និង​ម្នាក់ ១គ្រាប់​ពី​កីឡាករ Andreas Christensen និង Kai Havertz​។

តែ​បន្ទាប់​ពី​ចាញ់​ក្រុម​នៅ​អ៊ីតាលី Juventus ក្នុងហ្គេម​កន្លង​ទៅ​​ ​ជ័យ​ជម្នះលើកទី​ ២ ពី​ការ​ប្រកួត​ ក្នុង​ពូល H របស់​ក្រុម ​Chelsea នេះ ត្រូវ​បាន​ប្រែ​ជា​ស្រអាប់​យ៉ាង​ខ្លាំង ​ដោយសារ​ការ​រង​របួស​កជើង​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បែលហ្ស៊ិក Lukaku និង​ការ​មាន​បញ្ហា​សរសៃពួរ​របស់​ខ្សែប្រយុទ្ធ​អន្តរជាតិ​អាល្លឺម៉ង់ Werner​។

ខ្សែ​ប្រយុទ្ធ​ទាំង ២ ត្រូវ​បាន​ប្ដូរ​ចេញ​ ក្នុង​វគ្គ​ទី ១ ហើយ​អ្នក​ចាត់​ការ​របស់​ក្រុម​តោខៀវ​លោក Tuchel នឹង​ត្រូវ​​រង់​ចាំ​យ៉ាង​អន្ទះ​សារ ក្នុង​ការ​ចង់​ដឹង​ថា តើ​ពួក​គេ អាច​វិល​មក​កាន់​ទីលាន​យ៉ាង​ឆាប់​វិញ​យ៉ាង​ដូចម្ដេច​?

«​យើងដឹង​ថា Romelu (Lukaku) មាន​បញ្ហាកជើង ហើយ Timo (Werner) មាន​បញ្ហា​សាច់ដុំ និង​សរសៃ​ពួរ ដូច្នេះ ពួក​គេ នឹង​ត្រូវ​សម្រាក​ជា​ច្រើន​ថ្ងៃ នេះ​បើ​តាម​ខ្ញុំ​ស្មាន​។ យើង​មាន​ការ​ប្រកួត​ជា​ច្រើន ដូច្នេះ ពេល​នេះ យើង​ត្រូវ​តែ​រក​វិធី​ដោះស្រាយ ដោយ​មិន​មាន​លេស​អ្វី​ទាំងអស់​»​។ នេះជា​ការ​លើក​ឡើង​របស់​លោក Tuchel​។

វា​នឹង​ជា​ផល​ប៉ះ​ពាល់​ដ៏​ធ្ងន់​ធ្ងរ​ ប្រសិន​បើ​ទាំង ២នាក់ ត្រូវ​សម្រាក​ព្យាបាល​រយៈ​ពេល​យូរ ចំពេល​ក្រុម​របស់​ខ្លួន ​មាន​កាល​វិភាគ​ប្រកួត​ដ៏មមាញឹក ខណៈ​ដែល​ក្រុម ​​Chelsea ត្រូវ​ប្រឹង​ប្រែង​​រក្សា​ទីតាំង​របស់​ខ្លួន ដែល​កំពុង​ឈរ​នៅ​កំពូល ​នៃ​តារាង​ពិន្ទុ​របស់​ក្រប​ខ័ណ្ឌ Premier League និង​ព្យាយាម​ឱ្យ​កាន់​តែ​កៀក​នឹង​ការ​បាន​ឡើង​ទៅ​វគ្គ ១៦ក្រុម​ចុង​ក្រោយ​ នៅ Champions League​។

លោក Tuchel បាន​បន្ត​​ថា​៖ «ពួក​គេ​ទាំង ២នាក់ កំពុង​មាន​ទម្រង់​លេង​ល្អ ដោយ​ពួក​គេ​បង្កឱ្យ​មាន​គ្រោះ​ថ្នាក់ ហើយ​​អាច​បង្កើត​ឱកាស និង​ស៊ុត​បញ្ចូល​ទី ដូច្នេះ យើង​ត្រូវ​តែ​ស្វែង​រក​ដំណោះស្រាយ ហើយ​កីឡាករ​ ដែល​រង់​ចាំ​ឱកាស​នេះ ត្រូវ​
តែ​បោះ​ជំហាន​ចូល​មក ហើយ​រក​គ្រាប់​បាល់​ឱ្យ​បាន​»​។

«​ការ​ប្រកួត​ប្រជែង​ចាប់​ផ្ដើម​ហើយ​ ក្មេង​ៗ (កីឡាករ) ដែល​បាន​លេង​ទល់​នឹង​ក្រុម Norwich ទទួល​បាន​ទំនុក​ចិត្ត​ពី​យើង ហើយ​យើង​នឹង​ព្យាយាម​រក​ឱ្យ​ឃើញ​ដំណោះ​ស្រាយ​ថ្មី​។ យើង​បាន​ឈ្នះ​ហ្គេម​ជាច្រើន​នៅ​មុន​នេះ ដោយ​មាន Werner និង Lukaku​។ យើង​មិន​ជួប​នូវ​បញ្ហា​នេះញឹក​ញាប់​ពេក​ដែរ តែ​វា​ត្រូវ​កើត​ឡើង ក្នុង​កំលុង​រដូវកាល​មួយ​»​។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​អ្នកចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់​។

Chelsea ជា​ក្រុម​លេខ ២ ក្នុង​ពូល H ដោយ​តាម ៣ពិន្ទុ​ពី​ក្រោយ​ក្រុម Juventus ដែលមាន ៩ពិន្ទុ​ពេញ ពី​ការ​ប្រកួត​ទាំង ៣លើក បន្ទាប់​ពី​គ្រាប់​បាល់ ១គ្រាប់​របស់​កីឡាករបម្រុង Dejan Kulusevski ជួយ​ឱ្យ​ក្រុម​យក្ស​អ៊ីតាលី ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ Zenit Saint Petersburg របស់​រុស្ស៊ី ១-០​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍