The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កីឡាករ Fati ព្រម​បន្ត​កុង​ត្រាជាមួយ​ Barca រយៈ​ពេល​វែងដល់​ទៅ ៦ ឆ្នាំ




កីឡាករ Fati ព្រម​បន្ត​កុង​ត្រាជាមួយ​ Barca រយៈ​ពេល​វែងដល់​ទៅ ៦ ឆ្នាំ

Content image - Phnom Penh Post
Fati (ស្ដាំ) របស់ Barca កំពុង​ប្រជែង​យក​បាល់​ជាមួយ​អ្នក​ចាំ​ទី Heorhiy Bushchan របស់ Dynamo អំឡុងការប្រកួត កាលពីថ្ងៃពុធ​។ AFP

កីឡាករ Fati ព្រម​បន្ត​កុង​ត្រាជាមួយ​ Barca រយៈ​ពេល​វែងដល់​ទៅ ៦ ឆ្នាំ

ក្រុង​បាសេឡូណា​៖ កីឡាករ Ansu Fati បាន​ព្រម​ព្រៀង​បន្ត​កិច្ចសន្យា​របស់​ខ្លួន​ជាមួយ​ក្រុម​អ្នក​មានបុណ្យ Barcelona រហូត​ដល់​ឆ្នាំ​២០២៧។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្លិបយក្ស​អេស្ប៉ាញ មួយនេះ កាល​ពី​ថ្ងៃ​ពុធ ពោល​គឺ​ភ្លាម​ៗ ក្រោយ​ពី​ដណ្ដើម​បាន​ជ័យ​ជម្នះ ១-០ លើក្រុម Dynamo Kiev ពី​ការ​ប្រកួត នៅ​ក្របខ័ណ្ឌ Champions League​។

ខ្សែប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ Fati ដែល​ទើប​បាន​ត្រឡប់​មក​លេង​ថ្មី​ៗ​នេះ ក្រោយ​អវត្តមាន​ជិត ១ ឆ្នាំ​ ដោយសារ​របួស​ជង្គង់ នឹង​មាន​តម្លៃ​ផ្ដាច់​កុង​ត្រា ក្នុង​កិច្ច​សន្យា​ថ្មី​នេះ ចំនួន ១ពាន់លាន​អឺរ៉ូ (ជាង $១ ពាន់​លាន)។

«​ក្លិប FC Barcelona និង​កីឡាករ Ansu Fati បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង ក្នុង​ការ​បន្ត​កិច្ច​សន្យា​ថ្មី រហូត​ដល់​ថ្ងៃ​ទី ៣០ ខែ​មិថុនា ឆ្នាំ ​២០២៧​។ លក្ខន្តិក​នៃតម្លៃ​ផ្ដាច់​កុង​ត្រា គឺ​ប្រមាណ​ជា ១ ពាន់លាន​អឺរ៉ូ​»។ នេះ​ជាសេចក្ដី​ប្រកាស​របស់​ក្លិប នៅ​តំន់​កាតាឡាន់​។​

កីឡាករ​វ័យ ១៨ ​ឆ្នាំ រូប​នេះ រួម​ជាមួយ​មិត្ត​រួម​ជាតិ គឺ​ខ្សែបម្រើ Pedri ត្រូវ​បាន​ចាត់​ទុក​ថា ជា​កីឡាករ​មាន​ទេពកោសល្យ​ដ៏​មាន​គ្រោះថ្នាក់​បំផុត ក្នុង​ចំណោមក្រុម​កីឡាករ​ក្មេង​ៗ​​ ដែល​កំពុង​រីក​ចម្រើន​របស់ក្លិប​​ Barca​ ហើយ​ក្នុង​សេចក្ដី​ប្រកាស​របស់​ក្លិប​នោះ បានពណ៌នា​បន្ថែម​ថា Fati ជា​ម្នាក់ ក្នុង​ចំណោម​ធន​ធាន​​ដ៏មាន​តម្លៃ​បំផុត​របស់​វិស័យ​បាល់​ទាត់ និង​ជា​ម្នាក់​ ក្នុង​ចំណោម​កីឡាករ​របស់​ក្រុម ដែល​នឹង​មាន​អនាគត​ដ៏​ត្រចះ​ត្រចង់​បំផុត​។​​

បន្ទាប់​ពី​បាត់​បង់​កីឡាករដ៏​ឆ្នើម​ Lionel Messi ដែល​ចាក​ចេញ​ទៅ​ចូល​រួម​ជាមួយ Paris Saint-Germain នៅ​រដូវក្ដៅ​នេះ​ កីឡាករ Fati ក៏​បាន​ពាក់​អាវ​លេខ ១០ របស់​សិស្សច្បង ហើយ​ការ​វិល​មក​វិញ​របស់​គេ ក្រោយ​សះ​ស្បើយ​ពី​របួស បាន​ជួយ​ធ្វើឱ្យ​បរិយាកាស​របស់​ក្រុម Barca ចាប់​ផ្ដើម​ប្រសើរ​ឡើងបណ្ដើរ​ៗ ក្នុង​ប៉ុន្មាន​សប្ដាហ៍​នេះ​។

រូប​គេ​​​ធ្វើ​ឱ្យ​ការ​វិល​មក​កាន់​ទីលាន​របស់​ខ្លួន ទទួល​បាននូវ​ការ​ចាប់​អារម្មណ៍ អំឡុង​ការ​ប្រកួត នៅ​ក្របខ័ណ្ឌ La Liga ​ជាមួយ​ការ​ស៊ុត​បញ្ចូល​ទី ១ គ្រាប់​ ពេល​លេង​ទល់​នឹង​ក្រុម Levante កាល​ពី​ខែ​មុន ហើយ​បន្ទាប់​មក​ ធ្វើ​បាន​សម្រេច​គ្រាប់​ទី ២ នារដូវកាល​ថ្មី ពេល​ប៉ះ​ក្រុម Valencia កាល​ពី​ថ្ងៃ​អាទិត្យ ​ចុង​សប្ដាហ៍កន្លង​ទៅ​។​​

កីឡាករ​យុវជន Fati ដែល​នឹង​មាន​អាយុ ១៩ ឆ្នាំ នៅ​ថ្ងៃ​ទី ៣១ ខែ​តុលា​នេះ នៅ​តែ​ត្រូវ​ឱ្យ​សម្រាក​ខ្លះ ដើម្បី​បាន​ត្រឡប់​មក​រឹង​ប៉ឹង​ ១០០ ​ភាគ​រយ ហើយ​ការ​ប្រកួតទល់​នឹង​ក្រុម Dynamo កាល​ពី​ថ្ងៃ​ពុធ បាន​ចាប់​ផ្ដើម​លេង​ក្នុង​នាម​ជាកីឡាករ​បម្រុង ដែល​ជា​ការ​ទុក​ឱ្យ​សម្រាក​ជើង​ ដើម្បី​ត្រៀម​ខ្លួន​ចូល​លេង ក្នុង​ជំនួប El Clasico ជាមួយ​ក្រុម​គូប្រជែង​ស្លាប់​រស់ Real Madrid នៅ​ឯ​កីឡដ្ឋាន Camp Nou នាចុង​សប្ដាហ៍​នេះ​។

កីឡាករ Fati បាន​មក​ចូល​រួម​ជាមួយ​ក្រុម​​យុវជនរបស់​ក្លិប​ Barca ក្នុងឆ្នាំ​ ២០១២ ហើយ​ធ្វើ​ការ​បង្ហាញ​ខ្លួន​លើក​ដំបូងជាមួយ​ក្រុម​ធំ ក្នុង​ឆ្នាំ​ ២០១៩ ពេល​មាន​អាយុ ១៦ ​ឆ្នាំ​។ ជារួម រូប​គេ​ចូល​លេង​បាន ៤៧ ​ហ្គេម ក្នុង​នោះ​ស៊ុតបញ្ចូល​ទីបាន​ចំនួន ១៥ គ្រាប់​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍