ក្រុង​ឡុងដ៍​៖ លោក Steve Bruce បាន​ចាក​ចេញ​ពី​តួនាទី ​ជា​អ្នក​ចាត់​ការ​របស់​ក្រុម​ Newcastle United ហើយ ដោយ​មាន​ការ​ព្រម​ព្រៀង​ពី​ភាគី​ទាំង​សង​ខាង ដោយ​នេះ​មាន​​រយៈ​ពេល ១៣ ​ថ្ងៃ ក្រោយ​មាន​ការ​ទិញ​ក្លិបរបស់​ក្រុម​ហ៊ុន ដែល​នាំ​មុខ​ដោយ​ក្រុម​អ្នក​ជំនួញ​មក​ពី​ប្រទេស​អារ៉ាប៊ី​សាអូឌីត​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្លិប នៅ​ក្របខ័ណ្ឌ Premier League ​កាល​ពី​ថ្ងៃ​ពុធ​។​

លោក ​Bruce ដែល​ការ​ចាក​ចេញ​របស់គាត់ ត្រូវបាន​គេ​រំពឹង​ទុក​យ៉ាង​ទូលំទូលាយ​ហើយថា នឹង​កើត​មាន​ជាមិន​ខាន បាន​ដឹក​នាំ​ក្រុម​ធ្វើ​ការ​ប្រកួតជា​លើក​ទី ១០០០​ ក្នុង​នាម​ជាគ្រូបង្វឹក​អាជីព ជាមួយ​នឹង​លទ្ធផល​បរាជ័យ ៣-២ ក្រោម​ថ្វីជើង​របស់​ក្រុម Tottenham Hotspur កាល​ពី​ថ្ងៃ​អាទិត្យ​ ពោល​គឺ​ជា​ហ្គេម​តែ​មួយ​គត់ ក្រោម​ការ​គ្រប់​គ្រង​របស់​ម្ចាស់​ថ្មី​។​

ជំនួយ​ការ​របស់​គាត់ លោក Graeme Jones នឹង​ធ្វើ​តួនាទី​ដឹកនាំ​ក្រុម​​ សម្រាប់​ការ​ប្រកួត​ទល់​នឹង​ក្រុមម្ចាស់​ផ្ទះ Crystal Palace ដោយ​ក្រុម​សារិការ​ព្រៃ នៅ​តែ​កំពុង​តាម​រក​ឱ្យ​ឃើញ​នូវ​ជ័យជម្នះ​ជា​លើក​ដំបូងនៅ Premier League នា​រដូវកាល​នេះ ហើយ​មាន​ចំណាត់​ថ្នាក់​លើ​ក្រុម​បាត​បារាង​តែ ១ ប៉ុណ្ណោះ​។

អតីត​គ្រូបង្វឹក​របស់​ក្រុម Roma លោក Paulo Fonseca មាន​ភាគ​រយ​ខ្ពស់ ក្នុង​ការ​មក​ស្នង​តំណែង​លោក Bruce ហើយ​អតីត​អ្នកចាត់​ការ​ក្រុម ​Bournemouth លោក Eddie Howe និង​លោក Lucien Favre ដែល​ធ្លាប់​ធ្វើជា​គ្រូ​បង្វឹក​របស់ Borussia Dortmund សុទ្ធ​តែ​ត្រូវ​បាន​ភ្ជាប់​ទំនាក់​ទំនង​នឹង​តួនាទី​នេះ​ដូច​គ្នា​ដែរ​។

ក្នុង​សេចក្ដី​ប្រកាស​របស់ខ្លួន ​ក្លិបនៅ​ទឹកដី St James'' Park បាន​ឱ្យ​ដឹង​ថា​៖ «​ក្លិប Newcastle United អាច​ធ្វើ​ការ​អះអាង​បាន​ថា លោក Steve Bruce បាន​ចាក​ចេញ​ពី​តួនាទី​របស់​គាត់ ក្នុង​នាម​ជាអ្នក​ចាត់​ការ​របស់​ក្រុម​ហើយ ដោយ​មាន​ការ​ព្រម​ព្រៀង​ទាំង​សង​ខាង​។ គាត់​បាន​ចែក​ផ្លូវ​ជាមួយ​ក្លិប បន្ទាប់​ពី​ចំណាយ​ពេល​ជាង​ ២ ឆ្នាំ ធ្វើ​តួនាទី​នេះ​ ដោយ​បាន​ដឹក​នាំ​ក្លិប ឱ្យ​បញ្ចប់​នៅ​ចំណាត់​ថ្នាក់លេខ ១៣ និង​លេខ ១២ ក្នុង​តារាង​ពិន្ទុ Premier League​»​។

ក្រោយ​ការ​ចាក​ចេញ​នេះ លោក Bruce វ័យ ៦០​ ឆ្នាំ បាន​ពោល​ថា លោក​មាន​អារម្មណ៍​ដឹង​គុណ ក្នុង​ការ​មាន​ឱកាស​ដឹក​នាំ​ក្លិបដ៏​ពិសេស​ដោយ​ឡែកមួយ​ ដោយ​លោក​បញ្ជាក់ទៀត​​ថា លោកទទួល​បាន​​បទបិសោធទាំង​ផ្នែក​​ល្អ និង​អាក្រក់ ក្នុង​កំលុង​ពេល​ធ្វើ​តួនាទី​នេះ​។​

«​នេះ​ជា​ក្លិប​មួយ ដែល​មាន​ការ​គាំទ្រ​យ៉ាង​ពិសេស​អស្ចារ្យ ហើយ​ខ្ញុំ​សង្ឃឹម​ថា ម្ចាស់​ក្លិប​ថ្មី អាច​នាំ​ក្លិប​ឆ្ពោះ​ដល់​ទីកន្លែង ដែល​យើង​ទាំង​អស់​គ្នា​ចង់​ទៅ​ដល់​។ ខ្ញុំ​សូម​ឱ្យ​អ្នក​គ្រប់​គ្នា​ជួបនឹង​ជោគ​ជ័យ​ សម្រាប់​រដូវកាល​ ដែល​នៅ​សល់​ និង​រដូវកាល​បន្ត​បន្ទាប់​ទៀត​»​។ នេះ​ជាការ​លើក​ឡើង​របស់​លោក Bruce​។

ជាមួយ​គ្នានេះ​ដែរ ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​កាសែត Daily Telegraph លោក Bruce ដែល​ធ្លាប់​ដឹក​នាំ​ក្រុម​ជាច្រើន ក្នុង​នោះ​មាន​ទាំង Sunderland និង Aston Villa បាន​បញ្ជាក់​ថា ការ​ដឹកនាំ​ក្រុម Newcastle អាចជា​ការ​ធ្វើ​តួនាទី​ចុង​ក្រោយ​របស់​គាត់​៕ AFP/VN