ភ្នំពេញៈ គ្រូ​បង្គោល​ក្រុម​កោះ​កុង​អេ​ហ្វ​ស៊ី បានបង្ហាញ​ការបារម្ភ​ទៅលើ​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​ ១៩ ដែល​អាច​នឹង​កើតមានឡើង នៅពេល​ក្រុម​របស់លោក ត្រូវ​ប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន​រង្វាន់​សម្តេច ​ហ៊ុន សែន (​ថ្នាក់​​ខេត្ត​) ឆ្នាំ​ ២០២១ ជាមួយ​ក្រុម​ខេត្ត​ត្បូងឃ្មុំ នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ នា​រសៀល​ម៉ោង​ ៣ ថ្ងៃ​សៅរ៍ ស្អែក​នេះ​។​

​បើទោះបីជា​មិនទាន់មាន​ព័​ត៌​មានពី​ការឆ្លង​ជំងឺ​កូ​វីដ ទៅលើ​កីឡាករ​ណា​ម្នាក់​របស់​ក្រុម​ទាំង​ ២ ប៉ុន្តែ លោក ហុក សុ​ជីវ័ន បាន​ស្នើសុំ​ទៅគ្រប់​ភាគី​ត្រូវតែ​ហ៊ាន​ប្រាប់​ការពិត បើ​កីឡាករ​ខ្លួនមាន​វិជ្ជមាន​ជំងឺ​កូ​វីដ ព្រោះ​បញ្ហា​នេះ អាច​សម្លាប់​មនុស្ស​បាន​។​

​លោក សុ​ជីវ័ន បាន​សរសេរ​បង្ហោះ នៅលើ​ហ្វេ​ស​ប៊ុ​ក​ពីថ្ងៃ​ព្រហស្បតិ៍​ថា​៖ «​ដំណាក់កាល​នេះ ពាន​ឣ្ន​កណា​ក៏​ចង់បាន​ដែរ តែ​សុខភាព​សំខាន់​ជាង​ពាន​ទៅទៀត ព្រោះ​អា​ ១៩ (​កូ​វីដ​១៩) អាច​ងាយ​សម្លាប់​មនុស្ស​បាន​។ ខ្ញុំ​សំណូមពរ​តែ​ម្យ៉ាង​ទេ បើ​កីឡាករ​មាន​កូ​វីដ កុំ​ព្យាយាម​លាក់ ដើម្បី​បាន​លេង ព្រោះ​ពេលខ្លះ​អាច​ចម្លង គ្រាន់តែ​មិនទាន់​ចេញ​រោគសញ្ញា​ប៉ុណ្ណោះ គឺ​វា​ផ្តល់​ផល​ប៉ះ​​ពាល់​ដល់​ឣ្ន​ក​ដទៃ​ខ្លាំងណាស់​»​។​

គ្រូបង្វឹក​រូបនេះ​បន្ថែមថា​៖ «​មាន ​១ វា​អាច​ចៃដន្យ តែបើ​ឡើង ​៨ ទៅ​ ១០ ​នាក់​ហើយ មិនមែន​ចៃដន្យ​ទេ ហើយ​ការព្យាបាល​អាច​ប្រើ​រយៈពេល ​៣ ឬ ​៤ ឬ ​៥ ​ថ្ងៃ តេស្ត​ក៏​បាត់​វិញ តែ​ត្រូវតែ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​គ្រប់​ចំនួន​។ ៣ ​ការពារ ៣ ​កុំ ធ្វើជា​មនុស្ស ត្រូវមាន​គុណធម៌​»​។​

​គួរ​បញ្ជាក់ថា ក្រុម​កោះកុង​បាន​យកឈ្នះ​ក្រុម​ខេត្ត​បន្ទាយ​មាន​ជ័យ ១-០ ដើម្បី​ឡើងមក​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ តែ​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​គណៈកម្មការ​សម្រេច​ឱ្យ​ឈ្នះ​ក្រុម​ខេត្តបាត់ដំបង ដោយ​ស្វ័យប្រវត្តិ ព្រោះ​កីឡាករ​របស់​បាត់ដំបង បានធ្វើ​តេស្ត​រកឃើញ​វិជ្ជមាន​កូ​វីដដល់​ទៅ ​២ ​លើក ដែល​ត្រូវបាន​កំណត់ឱ្យ​ចាញ់តាមច្បាប់​បានកំណត់​តែម្តង​៕