​ភ្នំពេញៈ កីឡា​កាយ​វប្បកម្ម​កម្ពុជា ដែល​ធ្លាប់​ឈ្នះ​មេដាយ​ជាច្រើន​នៅលើ​ឆាក​អន្តរជាតិ​នោះ បាននិងកំពុង​ប្រមូលផ្តុំ​ហ្វឹកហាត់ នៅក្នុង​ក្លិប​ឯកជន​របស់​សហព័ន្ធ ដើម្បី​ពង្រឹងសមត្ថភាព ព្រមទាំង​សម្រួល​លក្ខខណ្ឌ សម្រាប់​កីឡាករ​ជម្រើសជាតិ និង​គ្រូបង្វឹក ងាយស្រួល​ក្នុងការ​គ្រប់គ្រង និង​ទទួលបាន​គុណ​ផល​ល្អ​។​

​ជាមួយគ្នានេះ ស្ថាប័ន​គ្រប់​គ្រង​កីឡា មាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា និង​អគ្គ​​នាយកដ្ឋាន​កីឡា ក៏ដូចជា​ក្រសួង​អប់រំ បាន​យល់ព្រម តាម​សំណើ​របស់​សហព័ន្ធ ដែល​សុំឱ្យ​ហាត់​ជុំគ្នា នៅក្នុង​ក្លិប​ផ្ទាល់ខ្លួន​នេះ ដើម្បី​លើកកម្ពស់ និង​ជំរុញ​បន្ថែម​ដល់​ការហ្វឹកហាត់​អត្ត​ព​លិ​ក ឱ្យទទួល​បាន​គុណ​ផល​ខ្ពស់ ខណៈ​ប្រធាន​ស​ព័ន្ធ​មានការ​រំពឹងថា ក្រុម​កាយ​វប្បកម្ម​កម្ពុជា​នឹង​អាច​ដណ្តើមបាន​មេដាយមាសនៅ​ស៊ី​ហ្គេមមិន​ខាន​។​

​លោក ​សុខ វណ្ណៈ អគ្គលេខា​ធិ​ការ​សហព័ន្ធ​កីឡា​កាយ​វប្ប​កម្ម​កម្ពុជាបាន​ប្រាប់ថា ក្រុម​ជម្រើសជាតិ​កាយ​វប្បកម្ម ឆ្នាំ ​២០២១ ​នេះ មាន​កីឡាករ កែវ សំណាង​, ទ្រី​ង ចាន់​, អ៊ុន បូរ៉ាត់ និង អ៊ុត សុធា នៅក្រោម​ការ​បង្វឹក​របស់​លោកគ្រូ ចាប វ៉ាន​នី​។ ពួកគាត់​កំពុង​ហាត់​យ៉ាងសកម្ម ក្នុង​ក្លិប​ទំនើប​មួយ​ជា​ក្លិប​ឯកជន​របស់​ប្រធាន​សហព័ន្ធ លោក តឹក ប៊ុន​វី ដែលមាន​ទីតាំងនៅ​ផ្សារ​សំណង់​ ១២ រាជធានី​ភ្នំពេញ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ការ​​ប្រកួត​ស៊ី​ហ្គេម លើក​ទី​៣១ ​ឆ្នាំ ​២០២២ នៅ​ប្រទេស​វៀតណាម និង​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ ​២០២៣ ដែល​កម្ពុជាធ្វើជា​ម្ចាស់ផ្ទះ​។​

​លោក​បន្តថា​៖ «​សហព័ន្ធ​បានស្នើ​សុំ​ទៅកាន់​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គ​​នាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា និង លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​​កីឡា ដើម្បី​បានការ​ឯកភាព​ឱ្យ​ហ្វឹកហាត់ នៅ​ទីលាន​របស់​សហព័ន្ធ​តែម្តង ដែលមាន​គុណភាព និង​គ្រប់គ្រង​ល្អ​ខណៈ​កាយ​វប្បកម្ម រាល់​ការ​​ចេញទៅ​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ តែងតែ​ឈ្នះ​បាន​មេដាយមាស​រហូត​»​។​

​បើទោះបីជា ក្រុម​កាយ​វប្ប​កម្មធ្លាប់បាន​ជួបប្រទះ​ឧបសគ្គ​ច្រើន និង​បាន​បែកបាក់​ផ្ទៃក្នុង នោះ​ក្នុង​សហព័ន្ធ តែ​រហូតមកដល់​បច្ចុប្បន្ន ក្រុម​នេះ​ទទួលបាន​ភាព​រីកចម្រើន​វិញ គួរឱ្យ​មោទនៈ ខណៈ​កន្លងមកនេះ ក្រុម​កាយ​វប្បកម្ម ធ្លាប់​ឈ្នះ​មេដាយមាស​ ២ ប្រាក់ ​១ និង​មេដាយ​សំរឹទ្ធ​ ២ ពី​ការប្រកួត​ជើងឯក​ពិភពលោក ព្រមទាំង​មេដាយមាស​ ៥ ប្រាក់ ​៣ និង​មេដាយ​សំរឹទ្ធ ​២ ពី​ការប្រកួត​ជើងឯក​អាស៊ាន​។​

​ចំណែក​លោក តឹក ប៊ុន​វី ជា​ប្រធាន​សហព័ន្ធបាន​ប្រាប់ថា​៖ «​ក្រុម​យើង​ត្រៀមខ្លួន​ហាត់​ឱ្យ​ល្អ ដើម្បី​ចេញ​ប្រកួត​លក្ខណៈ​អន្តរជាតិ​នានា ហើយ​ការហាត់​នៅក្នុង​ក្លិប​ផ្ទាល់ខ្លួន​របស់​សហព័ន្ធ​នេះ មាន​ផល​​ចំណេញ​ច្រើន ដោយសារ​មាន​សម្ភារ​ទំនើប និង​គ្រប់គ្រង​ផ្ទាល់ រួមទាំង​មានការ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ ពិសេស​បញ្ហា​ហូបចុក​ប្រចាំថ្ងៃ​ដើម្បី ថែរក្សា​សាច់​ឱ្យ​ល្អ ដោយ​ត្រូវ​​ការគោរព​នូវ​លក្ខខណ្ឌ តាម​លក្ខណៈ​វិទ្យាសាស្ត្រ ក្នុងនោះ​ខ្ញុំ​នឹង​បន្ថែម​នូវ​របបហូបចុក​ពីលើ​របប​របស់​ក្រសួង​ដើម្បី​លើកទឹកចិត្ត​ផង និង​ថាមពល​កីឡាករ​ផង​»​។

​ប្រធាន​សហព័ន្ធ​ដែល​ធ្លាប់​ឈ្នះ​មេដាយប្រាក់ ពី​ការប្រកួត​ជើងឯក​ពិភពលោក រូបនេះ បញ្ជាក់ថា​៖ «​ជាមួយនឹង​ការ​ហ្វឹកហាត់​នេះ សហព័ន្ធ​តែងតែ​ធ្វើតេស្ត​ពួកគាត់​រាល់ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍ ដើម្បី​ស្វែងរក​នូវ​ចំណុច​ខ្វះខាត និង​ចំណុចខ្លាំង ហើយ​យើង​តែងតែ​ណែនាំ​ពួក​គាត់ អំពី​របប​អាហារ សម្រាប់​ការពារ​សុខភាព​ឱ្យ​ល្អ​មិនអាច​ធ្វេសប្រហែស​បានឡើយ ដូច្នេះ​ក្នុងនាម​ខ្ញុំ​ជា​អតីត​កីឡាករ​កាយ​វប្បកម្ម​ឆ្នើម​ម្នាក់ ខ្ញុំ​រំពឹងថា ការប្រកួត​ស៊ី​ហ្គេមលើក​ទី​៣១ និង​ស៊ី​ហ្គេមលើក​ទី​៣២ កីឡាករ​កាយ​វប្បកម្ម​កម្ពុជា នឹង​ទទួលបាន​មេដាយមាសជាមិនខាន​»៕