​ក្រុង​មេន​ឆេ​ស្ទ័​រ​: ខ្សែប្រយុទ្ធ​​ឆ្នើម Cristiano Ronaldo ដែល​បាន​ត្រឡប់មក​ពាក់​ឯក​សណ្ឋាន​របស់​ក្រុម Manchester United (United) ជា​លើក​ទី​២ បាន​បង្កើតឱ្យមាន​នូវ​ពេលវេលា​ដ៏​គួរឱ្យ​ចងចាំ​ចំនួន ២ ​ដង​រួចហើយ ជាមួយនឹង​គ្រាប់​បាល់​ជ័យជម្នះ​នៅ​ចុង​ម៉ោង​លើ​ក្រុម Villarreal និង Atalanta ដែលជា​គ្រាប់​បាល់​ជួយ​ឱ្យ​ក្រុម​បិសាច​ក្រហម​សសៀរៗ​ឆ្ពោះទៅរក​ការ​បាន​ឆ្លងទៅ​វគ្គ ១៦​ ក្រុម​ចុងក្រោយ នៃ​ក្របខ័ណ្ឌ Champions League​។​

​តែ​យ៉ាងណាក្ដី ការវិល​វិញ​របស់​កីឡាករ​អន្តរជាតិ​ព័រ​ទុយ​​ហ្គា​ល់ Ronaldo ក៏​បង្កើតឱ្យមាន​នូវ​ការខាតបង់​សម្រាប់​កូន​​ក្រុម​របស់លោក Ole Gunnar Solskjaer ផងដែរ ដែល​មើល​​ទៅកាន់​តែ​ខ្វះ​ការរួម​គ្នា​ជា​ធ្លុង​មួយ ដោយ​លេង​ជាមួយនឹង​ទេពកោសល្យ​ផ្ទាល់ខ្លួន​ច្រើនជាង​ការលេង​ជា​ក្រុម​។​

​ក្រុម United បាននិងកំពុង​នៅលើ​ផ្លូវ​តម្រង់​ទៅរក​ការរង​​បរាជ័យ ជា​លើក​ទី៥ ក្នុងចំណោម ៨​ ហ្គេម​ចុងក្រោយ នៅពេលដែល​ក្រុម​ភ្ញៀវ Atalanta បាន​នាំមុខ ២-០ នៅ​វគ្គ​ទី១ នៃ​ការប្រកួត ក្នុង​កី​ឡ​ដ្ឋា​ន Old Trafford កាលពី​យប់​ថ្ងៃ​ពុធ ដោយ ២​ គ្រាប់​នោះ ធ្វើបាន​សម្រេច​ដោយ​កីឡាករ Mario Pasalic និង MerihDemiral​។​

​តែ​ការ​វាយបក​យ៉ាង​រំជើប​​រំជួល នៅ​វគ្គ​ទី​២ បាន​ជួយ​​សម្រាល​សម្ពាធ​ចំពោះ​គ្រូបង្វឹក លោក Solskjaer បន្តិច​ដែរ ខណៈដែល​ក្រុម United ហក់​ឡើង​ពី​ចំណាត់ថ្នាក់​នៅ​បាត​​ពូ​ល ទៅ​ឈរលើ​គេ ក្នុង​ពូ​ល F ពេល​សំឡេង​កញ្ចែ​ចុងក្រោយបាន​បន្លឺឡើង​។​

​កីឡាករ Ronaldo ជា​អ្នក​បញ្ចប់​សព្វគ្រប់ សម្រាប់​ការ​វាយបក​នោះ ដោយ​ការ​លោត​យ៉ាងខ្ពស់ ដើម្បី​តែ​តបាល់​បញ្ចូល​ទី ដែល​វា​ជា​គ្រាប់​ផ្ដល់​ជ័យជម្នះ​ឱ្យ​ក្រុម​បិសាច​ក្រហម បន្ទាប់ពី​ខ្សែប្រយុទ្ធ Marcus Rashford និង​ខ្សែការពារ Harry Maguire ទម្លុះ​សំណាញ់​ទី​ម្នាក់ ១ ​គ្រាប់ ជួយ​ឱ្យ​ក្រុម​ម្ចាស់ផ្ទះ​តាម​ទាន់​ការនាំ​មុខ​របស់​ក្រុម Atalanta​។​

​កីឡាករ​ជយលាភី​ពាន Ballon d''Or ៥ ​សម័យកាល Ronaldo ទទួលរង​នូវ​ការ​រិះ​​គន់​យ៉ាងខ្លាំង ក្នុង​ប៉ុន្មាន​សប្តាហ៍​នេះ សម្រាប់​ផលប៉ះពាល់​ជា​អវិជ្ជមាន នៃ​ការមកដល់​របស់គេ ដោយ​ត្រូវបាន​គេ​លើកឡើងថា នឹង​ក្លាយជា​ឧបសគ្គ​ដល់​កីឡាករ​ផ្សេងទៀត​ក្នុង​ក្រុម​។​

​កង្វះ​នៃ​ការបោះ​បាល់​ចេញ​របស់​កីឡាករ Ronaldo ត្រូវបាន​គេ​ពិនិត្យឃើញថា ជាដើម​ហេតុ ដែលនាំឱ្យ​មាននូវ​កំណត់ត្រា​ការពារ​ដ៏​អាក្រក់​បំផុត​របស់ ​United តែ​កីឡាករ​វ័យ​ ៣៦ ​ឆ្នាំ នេះ​កំពុង​បង្កើតឱ្យមាន​ជ្រុង​ម្ខាង​ទៀត ជាមួយ​ការ​ស៊ុត ៦​ គ្រាប់​ពី​ការបង្ហាញ​ខ្លួន ៩​ លើក​។​

«​គេ (Ronaldo) គឺជា​កីឡា​ករ​ដ៏​គ្រោះថ្នាក់នៅមុខ​ទី​។ ប្រសិនបើ​នរណាម្នាក់ ចង់​រិះ​គន់​គេ​ចំពោះ​អត្រា​ការងារ ឬ​ឥរិយាបថ សូម​ក្រឡេកមើល​ហ្គេម​នេះ មើលថា តើ​គេ​រត់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​យ៉ាងដូចម្ដេច​?»​។ នេះ​ជាការ​ថ្លែង​របស់​គ្រូបង្វឹក​ក្រុម United លោក Solskjaer​។​

​ការដណ្ដើម​បាន ៣ ​ពិន្ទុ​ដ៏​សំខាន់បំផុត​នេះ ជួយ​បន្ថយ​នូវ​ហានិភ័យ ក្នុងការ​ខ្ទាត​ចេញពី​ការប្រកួតប្រជែង​នេះ ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល ២ ​រដូវ​កាល​បន្តបន្ទាប់​គ្នា ទោះបីជា​ក្រុម​យក្ស​អង់គ្លេស នៅតែ​មានការ​-​ធ្ងន់​ដូច​ភ្នំ​រង់ចាំ​នៅខាងមុខ ដោយ​ត្រូវ​ធ្វើដំណើរ​ទៅផ្ទះ​របស់​ក្រុម ​Atalanta និង Villarreal ក៏ដោយ​។​

​ជាមួយនឹង​ការបញ្ចប់​បាន ៣ ​ហ្គេម ក្រុម United ឈរ​ទី១ ក្នុង​ពូ​ល F ដោយមាន ៦ ​ពិន្ទុ ខណៈដែល​ក្រុម​លេខ ២ Atalanta និង​លេខ ៣ Villarreal មាន ៤ ​ពិន្ទុ​ស្មើគ្នា រីឯ​ក្រុម​បាត​​ពូ​ល Young Boys មាន​ត្រឹមតែ ៣​ ពិន្ទុ​៕ AFP/VN