The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - នូវ ដា​រ៉ូ អាច​ស៊ូ​ជាមួយ រិ​ន សា​រ័ត្ន បាន​ចប់​ទឹក​ឬទេ​?

នូវ ដា​រ៉ូ អាច​ស៊ូ​ជាមួយ រិ​ន សា​រ័ត្ន បាន​ចប់​ទឹក​ឬទេ​?

Content image - Phnom Penh Post
កីឡាករ នូវ ដារ៉ូ ត្រូវ​ប្រកួតជាមួ​យជើង​ចាស់ រិន សារ័ត្ន​​។ រូបថត សហ​ការី

នូវ ដា​រ៉ូ អាច​ស៊ូ​ជាមួយ រិ​ន សា​រ័ត្ន បាន​ចប់​ទឹក​ឬទេ​?

ភ្នំពេញៈ អ្នក​ប្រដាល់​ចិត្ត​ស្លូត រិ​ន សា​រ័ត្ន មកពី​ក្លិប​បញ្ជាការដ្ឋាន​ទ័ពជើងទឹក ត្រូវ​ទទួល​ស្វាគមន៍​អ្នក​ប្រដាល់​ចិត្តធំ ជា​សិស្ស​ប្អូន​ជំនាន់​​ក្រោយ នូវ ដា​រ៉ូ របស់​ក្លិប​ប្រដាល់​គជសារ​សមាន​រិ​ទ្ធិ ក្នុង​ប្រភេទ​ទម្ងន់​ ៦០ ​គីឡូក្រាម នៅ​សង្វៀន​ PNN ថ្ងៃអាទិត្យ ហើយ​ជំនួប​នេះ ត្រូវបាន​គេ​មើលឃើញថា សមត្ថភាព​ទំនង​ដូចជា​ឃ្លាត​ពីគ្នា​ឆ្ងាយ ព្រោះ រិ​ន សា​រ័ត្ន មានប្រៀប​ជាងចាស់វស្សា​ជាង និង​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ទៀតផង​។​

​ប្រភពពី​អ្នកតាមដាន​ការ​ប្រដាល់​ភាគច្រើន​លាន់មាត់​ថា សមត្ថភាព​របស់​កីឡាករ នូវ ដា​រ៉ូ ប្រសិនបើ​ទប់ទល់​នឹង រិ​ន សា​រ័ត្ន កុំ​ឱ្យតែ​សន្លប់ ចាត់ទុកថា​ប្រសើរ និង​គ្រាន់បើ​ទៅ​​ហើយ ពោលគឺ​ពួកគាត់​ចង់​និយាយថា ភាគរយ​ដែល នូវ ដា​រ៉ូ ឈ្នះ​មាន​តិច​។​

​តែ​ទោះយ៉ាងណា លោក ធី ណា​រិ​ទ្ធ គ្រូបង្វឹក នូវ ដា​រ៉ូ បាន​និយាយថា​៖ «​កម្រិត​វិជ្ជា​គុន​វា​ល្អ​គួរសម ប៉ុន្តែ​វា​នៅ​ខ្ចី​ជាងគេ​បន្តិច ហើយ​សម្រាប់​ការប្រកួត​នេះ វា​ត្រៀម​បានល្អ តែ​មិន​ហ៊ាន​និយាយ​មុន​ទេ ចំណែក​ពាក្យ​គេ​ថា នូវ ដា​រ៉ូ អាច​ចាញ់​ដោយ​សន្លប់​នោះ គឺ​និយាយ​បែប​នោះ មិន​ប្រាកដ​ទេ ព្រោះ​វា​មាន​កណ្តាប់ដៃ និង​ជង្គង់​ចេញ​ល្អ​ដែរ​»​។​

​ចំណែក​កីឡាករ អ៊ូច ធា​រិ​ទ្ធ ជា​សិស្ស​ច្បង​រួម​ក្លិប​ជាមួយ នូវ ដា​រ៉ូ បាន​និយាយថា​៖ «​ដា​រ៉ូ វា​មាន​បទពិសោធ​ខ្ចី​ជាងគេ​បន្តិច ប៉ុន្តែ​ចាញ់​គេ​សន្លប់​នោះ វា​ជា​រឿង​កម្រ​ណាស់ ព្រោះ​ក្បាច់​ចេញ និង​ចិត្ត​របស់ ដា​រ៉ូ មិន​ងាយ​ចុះ​ញ៉ម​ដៃគូ​ទេ ហើយ​តាម​ខ្ញុំ​ចាំ ៣​ ប្រកួត​ចុងក្រោយ​នេះ នូវ ដា​រ៉ូ បាន​ចាញ់ គង់ សំបូរ ចាញ់ ចាន់ សំអាត និង​ស្មើ​ ១ ​លើក តែ​មិន​ចាំ​ឈ្មោះ​កីឡាករ​»​។​

​ជាមួយគ្នានេះ លោកស្រី សុខ សុខុម អ្នក​មើលថែ រិ​ន សា​រ័ត្ន បាន​និយាយថា​៖ «​រិ​ន សា​រ័ត្ន ហាត់​បានល្អ ជាប្រចាំហើយ​៣​ប្រកួត​ចុងក្រោយ​នេះ វា​វ៉ៃ​ល្អ គឺ​ចាញ់​តែ គង់ សំបូរ ១ ​ទេ និង​បានឈ្នះ ផាន់ គ្រាន់ និង​ឈ្នះ ឌុ​ម កែវ​ដា ដែលជា​ជើង​ខ្លាំង​។ ចំណែក​ការប្រកួត​លើក​នេះ ខ្ញុំ​មិន​ហ៊ាន​រំពឹង​ឈ្នះ​ច្រើន​ទេ ព្រោះ​ការប្រកួត ពេលខ្លះ​សុខភាពវា​មិនល្អ អាច​ចាញ់​ក៏មានដែរ​»​។​

​តាម​ក្រុម​គណៈកម្មការ​ផ្គូផ្គង​ប្រចាំ​សង្វៀន ​PNN បានឱ្យដឹងថា រិ​ន សា​រ័ត្ន ប្រកួត​បាន ​៧៥ ​ដង ឈ្នះ ​៥០ ចាញ់​ ២៣ ស្មើ ​២ ក្នុងនោះ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​បាន​ដង ​១០ ​ដង ហើយ​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់ ​១ ​លើក​។ រីឯ នូវ ដា​រ៉ូ ប្រកួត​បាន​ ៥៩​ ដង ឈ្នះ​ ៤៣ ចាញ់ ​១៤ ស្មើ ​២ ក្នុងនោះ​វ៉ៃ​គេ​ឱ្យ​សន្លប់​បាន ​១៩ ​ដង​។​

​ចំពោះ​លោក តាំង លី​ហួរ អ្នកសម្របសម្រួល​ការ​ផ្គូផ្គង​ប្រចាំ​សង្វៀន PNN និយាយថា​៖ «​សម្រាប់​គូ​នេះ មិនទាន់​អាច​ទស្សន៍ទាយ​ពី​លទ្ធផល​មុនបានទេ ព្រោះ​កម្រិត និង​ប្រវត្តិ​របស់​ពួកគេ​មិន​ដាច់​ឆ្ងាយ​ពីគ្នា​ប៉ុន្មាន​ទេ ហើយ​លទ្ធផល អាច​អាស្រ័យទៅលើ​ការហាត់ និង​ប្រកួត​ជាក់ស្តែង​»៕

អត្ថបទគួរចាប់អារម្មណ៍