The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ ៣​ ស្ថាប័ន ​ជ័យ ​កុសល​ ត្អូញ​ត្អែ​រពីការ​​គ្មាន​កូនសិស្ស​បន្ត​វេន

អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ ៣​ ស្ថាប័ន ​ជ័យ ​កុសល​ ត្អូញ​ត្អែ​រពីការ​​គ្មាន​កូនសិស្ស​បន្ត​វេន

Content image - Phnom Penh Post
ជ័យ កុសល ពេល​ធ្វើ​ជាចៅ​ក្រមដាក់ពិន្ទុសម្រាប់ការ​ប្រកួតប្រដាល់គុនខ្មែរ នៅលើសង្វៀន​បាយ័ន កន្លងមក។ រូប សហការី

អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ ៣​ ស្ថាប័ន ​ជ័យ ​កុសល​ ត្អូញ​ត្អែ​រពីការ​​គ្មាន​កូនសិស្ស​បន្ត​វេន

ភ្នំពេញ៖ អតីត​អ្នក​ប្រដាល់​ឆ្នើម ជ័យ កុលស ដែល​​​ធ្លាប់​ឈ្នះ​ខ្សែ ​ក្រវាត់​ចំនួន ​៣ ​ស្ថាប័ន ​និង​ជើង​ឯក​រង​ចំនួន ​៧ ​ជំនាន់​នោះ គឺ​​​បច្ចុប្បន្ន ​បាននឹងកំពុង​បន្ត​អាជីពមួយ​នេះ ក្នុងនាម​ជា​គ្រូ​បង្វឹកវិញម្តង ​ដោយ​មាន​​​ក្លិប​ប្រដាល់​ផ្ទាល់​ខ្លួនមួយ ​ឈ្មោះ​ថា កុសល​កីឡា ​​មាន​អាស័យ​ស្ឋាន នៅ​ខណ្ឌ​កំបូល ​រាជ​ធានី​ភ្នំពេញ​ ​ប៉ុន្តែ​សកម្មភាព​ហ្វឹក​ហាត់ ​និង​ដំណើរ​ការ​របស់​ក្លិប​ទាំង​មូល ចាប់​ផ្តើម​ខ្សត់​ខ្សោយ​ ​ព្រម​ទាំង​គ្មាន​កីឡាករ ​ជា​សិស្ស​មក​ហ្វឹក​ហាត់​ ដើម្បី​ឡើង​ប្រ​កួត​​បន្ត​វេន​នោះ​ឡើយ​។

​ទោះ​ជា​យ៉ាង​នេះ​ក្តី ​ជ័យ ​កុសល ​នៅ​តែ​បន្ត​សកម្មភាព​បាន​ល្អ ​ក្នុង​ពិភព​ប្រដាល់ ​ដោយ​លោក​មាន​តួនាទី​ជា​ចៅ​ក្រម​អាជ្ញា​កណ្តាល​ របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ ប្រចាំ​សង្វៀន​ទូរទស្សន៍​បាន​យ័ន ​ពិសេសតាម​រយៈ​កីឡា​ប្រដាល់​គុនខ្មែរ​នេះ ជ័យ កុសល ទទួលបាន​ក្រប​ខ័ណ្ឌ​ជាប៉ូលិស ​ក្នុង​ក្រសួង​មហា​ផ្ទៃ ​ទោះ​បី​មិន​ធ្លាប់​ប្រកួត​តំណាង​​ឱ្យ​​ក្រសួង​​មួយ​នេះ​ កន្លង​មក​​ក៏​ដោយ​។​

លទ្ធផល​របស់ ​​ជ័យ ​កុសល​ មក​ដល់​ពេល​នេះ​ អាច​ចាត់​ទុក​ថា ​ទទួល​បាន​ល្អ​ប្រសើរ​ខណៈ​ដែល​រាជ​រដ្ឋា​ភិបាល​ បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ​ចំពោះ​អតីត​​កីឡាករ​ប្រដាល់ ​ដែល​ល្អ​ឆ្នើមៗ​មួយ​ចំនួន ​នៅ​ពេល​អាយុ​ច្រើន ​កម្លាំង​ធ្លាក់​ចុះ​ ប្រ​កួត​លែង​កើត ដោយឱ្យ​​ទទួល​បាន​ក្រប​ខ័ណ្ឌ​រដ្ឋ ​សឹង​តែ​ ៨០ ​ភាគរយ​។

អតីត​កីឡាករ ​ជ័យ ​កុសល ដែល​​​បាន​កើត​នៅ​ក្នុង​ព្រំ​ដែន​កម្ពុជា-​ថៃ​ក្នុង​ជំរំសាយ​ធូ បានជាប់​ចិត្ត និង​​បាន​ចិញ្ចឹមចិត្ត​ចង់​​ក្លាយ​ជា​អ្នកប្រដាល់ តាំងពី​នៅក្មេង ខណៈ​រូបគេ បាន​មើល​ការ​ប្រកួតប្រដាល់​ញឹកញ៉ាប់ ដែល​​គេបាន​រៀបចំ​ឱ្យ​មានការ​​ប្រកួត​គ្នា នៅ​​តាម​ជំរំ ​ព្រំ​ដែន នោះ។

Content image - Phnom Penh Post
ជ័យ កុសល បានទាត់​ទៅ​លើ​ ធន់ សុធា កាល​អ្នកទាំង​២ នៅជា​កីឡាករ។ រូប​ភាព ភ្នំពេញប៉ុស្តិ៍

នៅ​ឆ្នាំ​ ១៩៩២​ កុមារ ជ័យ កុសល ​​បាន​ធ្វើ​មាតុ​ភូមិ​និវត្តន៍ ​​វិល​មក​រស់​នៅ​ភ្នំពេញ​ ជា​មួយ​ក្រុម​គ្រួសារ​ និង​បាន​ធំ​ពេញ​វ័យ​ល្អ ​ចូល​​ហាត់​កីឡា​ប្រដាល់ ​ក្នុង​ឆ្នាំ ​១៩៩៧​ ដោយ​ត្រូវ​បាន​បង​ប្អូន​យក​មក​ផ្ញើ​នៅ​​ក្លិប​កង​អាវុធ​ហត្ថ​លើ​​ប្រ​ទេស​ ជា​មួយ​លោក​គ្រូ​បង្វឹក ​ទ្រឿង​ សុះសាយ​ ដែល​ជា​អ្នក​គ្រប់​គ្រង​ ហើយ​នៅ​ក្នុង​គ្រួសារ ​ដែល​មាន​បង​ប្អូន​ចំនួន​ ៨ នាក់ ​គឺ​មាន​តែ ​ជ័យ ​កុសល​ ម្នាក់​គត់ ​ដែល​លេង​កីឡា​ប្រដាល់​យ៉ាង​ល្បី​ល្បាញ​។​

ជុំវិញ​នឹង​ភាពជោគ​ជ័យ ដែល​ទទួលបាន កាល​នៅជា​កីឡាករ​ប្រដាល់ ​ជ័យ​ កុសល បាន​​និយាយ​​ថា​៖​ «ស្នាដៃ​ និង​ភាព​ល្បី​ល្បាញ​របស់​ខ្ញុំ​រយៈ​ពេល​ជាង ​១០​ ឆ្នាំ ​ក្នុង​អំលុងពេល​​ជា​កីឡាករ​​ដ៏​ល្បី​ល្បាញ ​​ចាប់​ពី​ឆ្នាំ ​១៩៩៩​ ដល់​ឆ្នាំ ​២០១៣ ​ខ្ញុំ​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ធំៗ​ចំនួន ​៣​ស្ថាប័ន ​និង​ធ្លាប់​ឈ្នះ​ជើង​ឯក​រង​ចំនួន​ ៧ ​លើក​​»។

អតីត​កីឡាករ​ជំនាញប្រើ​កែង និងកណ្តាប់ ជ័យ កុសល បាន​បន្ថែម​ថា៖​ «ខ្ញុំ​ឈ្នះ​ខ្សែ​ក្រវាត់​​លើក​ទី​ ១​ ពេល​ប្រកួត​​ដណ្តើម​ក្រវាត់​សម្តេច​ ជា​ ស៊ីម ​ទម្ងន់ ​៦៣​,៥ ​គីឡូក្រាម ​ក្នុង​ឆ្នាំ ២០០៥​ ដោយខ្ញុំ​បាន​​ផ្តួល​ជើង​ខ្លាំង ​នួន ​សូរិយា​ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​​ ចំណែក​​ខ្សែ​ក្រវាត់​ទី ​២​ គឺ​ខ្សែ​ក្រវាត់​ពិភព​លោក​ ទម្ងន់​ ៧០ ​គីឡូក្រាម ដែល​ដណ្តើម​បាន ​ក្នុង​ពិធី​អុំទូក​ ឆ្នាំ​ ២០០៦ ដោយ​​ឈ្នះ​លើ​កីឡាករ​អូស្ត្រាលី​ ឈ្មោះ​ ប៊ី​លីឃីត​ ហើយ​ខ្សែ​ក្រវាត់​ទី ​៣ គឺ​ឈ្នះ​​នៅ​ប្រទេស​អូស្ត្រាលី​ ក្នុង​ឆ្នាំ​២០០៨ ​ទម្ងន់ ​៦៧ ​គីឡូក្រាម»​។​

ក្រៅ​ពី​ឈ្នះបាន​ខ្សែ​ក្រវាត់​ទាំង​ ៣ ​ខាង​លើ​ ជ័យ ​កុសល​ ធ្លាប់​បាន​ឈ្នះ​ត្រឹម​ជើង​ឯក​រង​ចំនួន ​៧ ​លើក​ ដោយ​ក្នុង​នោះ​ ជ័យ កុសល ខ្លួនឯង នៅ​ចាំ​បាន​ថា រូបគេ ​បាន​ចាញ់​កីឡា​កីឡាករ​ជើង​ខ្លាំង​ៗ​ដូច​ជា ​អូត ​ភូថង​, ធន់ ​សុភា​, នួន​ សុរិយា​, កែវ ​រំចង់​ និង សេង​ ប៊ុន​ថេន​ ជា​ដើម​ ហើយ​​នៅ​ក្នុង​អាជីព​​ជា​កីឡាករ​លំដាប់​ខ្លាំង​ជួរ​មុខម្នាក់ ​ជ័យ ​កុសល ​អះអាង​ថា ធ្លាប់​​ឆ្លង​កាត់​ការ​ប្រ​កួត​ច្រើន​ណាស់​ ដោយ​ឈ្នះ​ច្រើន​ជាង​ចាញ់​ ប៉ុន្តែ​បាន​ចុះ​បញ្ជី​ត្រឹមតែ​​ជាង ​៣០០ ​ដង​ទេ ក្នុង​នោះ​បាន​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​បាន​​ជាង ​១០០ ​លើក​ឯណោះ​។​

Content image - Phnom Penh Post
ជ័យ កុសល ពាក់ឯកសណ្ឋាន​ជាប៉ូលិស ពេល​ទទួល​អំណោយ​ពី​ថ្នាក់ដឹកនាំ​ជាមន្រ្តី​នៅក្រសួងមហាផ្ទៃ។ រូប​ថត សហការី

​ជ័យ​ កុសល បាន​​បញ្ជាក់​ថា​៖ «​តាម​រយៈ​ស្នាដៃ​ល្បី​ក្នុង​កីឡា​ ខ្ញុំ​រក​ប្រាក់​បាន​ការ​ប្រពន្ធ និង​បាន​ទិញ​ដី​មួយ​កន្លែង ​នៅ​កំបូល ​ដើម្បី​ធ្វើ​ផ្ទះ​ឱ្យ​​កូន​ៗ​ចំនួន​ ៣​ នាក់​ បាន​ស្នាក់​នៅ។ ​ក្រៅ​ពី​នេះ​ ​នៅ​ពេល​ប្រ​កួត​លែង​កើត ​ខ្ញុំ​បច្ចុប្បន្ន ​ជា​មន្ត្រី​ប៉ូលិស​ ពាក់​ស័ក្តិ ​៣ ​នៅ​អង្គភាព​កីឡា​ក្រសួង​មហា​ផ្ទៃ ​និង​មាន​ការ​ងារ​ជា​ចៅ​ក្រម​អាជ្ញា​កណ្តាល​របស់​សហព័ន្ធកីឡា​ប្រ​ដាល់​គុន​ខ្មែរ ​ដែល​មាន​ប្រាក់​ឧបត្ថម ​ពី​សង្វៀន​ប្រ​កួត​ឯក​ជន​ផង​ដែរ»​។​

ទោះ​ជា​យ៉ាង​នេះ​ក្តី​ ជ័យ​ កុសល​ បាន​អះអាង​ថា​៖ «​ខ្ញុំ​មិន​ទទួលបាន​​ជោគ​ជ័យ​ ក្នុង​ការ​​បើក​​ក្លិប​ប្រដាល់​ ​​ឱ្យ​មាន​ការ​រីក​ចម្រើន​ដូច​គេនោះ​ទេ​ ដោយសារ​​​គ្មាន​អ្នក​ប្រដាល់​ជំនាន់​ក្រោយ​មក​ហាត់ ​ដើម្បី​ឡើង​ប្រ​កួត​បន្ត​វេន​​នោះ​ឡើយ​។​ សព្វ​ថ្ងៃ ​អស់​សិស្ស​មក​ហាត់​ហើយ​ ​ព្រោះ​អ្នក​ខ្លះ​គ្មាន​ភាព​រីក​ចម្រើន​ក៏ទៅ​រក​ការងារ​ធ្វើ​ផ្សេងៗ ​ដូចជា​សំណង់​ ឬ​រត់​អា​តុតុ ​ជា​ដើម​»។​​

ជ័យ កុសល បាន​បញ្ជាក់ថា៖​ «ខ្ញុំ​មិន​ចេះ​អក្សរ​ទេ ​មាន​តែ​មុខ​របរ​ប្រដាល់នេះ​ អ៊ីចឹង​ហើយ ​​ពេល​​ឈប់​ប្រ​កួត ខ្ញុំ​បាន​​ធ្វើ​ជា​គ្រូបង្វឹក ​តែ​មិន​ជោគ​ជ័យ​ឡើយ​ ព្រោះ​​គ្មាន​សិស្ស​​​។ ​ទោះ​យ៉ាង​ណា​ ខ្ញុំ​សូម​​អរគុណ​ចំពោះ​ឯក​ឧត្តម ​តែម ​ម៉ឺន ​ប្រធាន​សហព័ន្ធ​​កីឡា​​ប្រដាល់​គុន​ខ្មែរ​ ដែល​បាន​ជួយ​បណ្តុះ​បណ្តាល​​ឱ្យ​​ខ្ញុំ​បាទ ​ក្លាយ​​ជា​ចៅ​ក្រម​អាជ្ញា​កណ្តាល​ និង​អរគុណ​ដល់​​ឯកឧត្តម ​ជា ​ប៊ុន​ហេង​ ប្រធាន​អង្គភាព​កីឡា​ក្រសួង​មហា​ផ្ទៃ​ ដែល​បាន​ផ្តល់​ក្រប​ខ័ណ្ឌ​ឱ្យ​​ខ្ញុំ​បាទ ​បាន​ជាប់​ជា​ប៉ូលិស​ និង​មាន​ប្រាក់​ខែ ​សម្រាប់ផ្គត់​ផ្គង់​គ្រួសារ»​៕​​

អត្ថបទគួរចាប់អារម្មណ៍