The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​ជម្រើសជាតិ​កម្ពុជា​ ទើប​ជាសះស្បើយ​ពី​ជំងឺកូវីដនៅ​បារ៉ែន ​ត្រូវ​ដាក់ឱ្យ​ធ្វើ​ចត្តាឡីស័កបន្ត​នៅបាទី




ក្រុម​ជម្រើសជាតិ​កម្ពុជា​ ទើប​ជាសះស្បើយ​ពី​ជំងឺកូវីដនៅ​បារ៉ែន ​ត្រូវ​ដាក់ឱ្យ​ធ្វើ​ចត្តាឡីស័កបន្ត​នៅបាទី

Content image - Phnom Penh Post
កីឡាករ​ជម្រើសជាតិ​ទាំង ៦ នាក់ ដែល​ទើប​វិលមកពី​ប្រទេស​បារ៉ែន ហើយ​ពួកគេ ត្រូវ​បន្ត​ដាក់ឱ្យ​ធ្វើ​ចត្តាឡីស័ក នៅបាទី។ រូប FFC

ក្រុម​ជម្រើសជាតិ​កម្ពុជា​ ទើប​ជាសះស្បើយ​ពី​ជំងឺកូវីដនៅ​បារ៉ែន ​ត្រូវ​ដាក់ឱ្យ​ធ្វើ​ចត្តាឡីស័កបន្ត​នៅបាទី

ភ្នំពេញ៖ កីឡាករ​ជម្រើសជាតិ​កម្ពុជា​ទាំង ​៦ នាក់ ដែល​ទើប​បាន​ជាសះស្បើយ​ពីជំងឺកូវីដ​ ១៩ នៅ​ប្រទេស​បារ៉ែន ហើយបាន​ធ្វើ​ដំណើរ​​មក​ដល់​មាតុប្រទេស​វិញ កាលពី​យប់​ម្សិលមិញ រួម​មាន ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ, កែវ សុខសិលា, សឿយ វិសាល, សារ៉េត គ្រីយ៉ា និង អ៊ាន ពិសី នឹងត្រូវ​ដាក់ឱ្យ​ធ្វើ​ចត្តាឡីស័ក មួយ​រយៈពេល​ទៀត មុន​ពួកគេត្រូវអនុញ្ញាតឱ្យ​​ធ្វើ​ដំណើរ​ទៅកាន់គេហដ្ឋានរៀងៗ​ខ្លួន។

ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ, កែវ សុខសិលា, សឿយ វិសាល, សារ៉េត គ្រីយ៉ា និង អ៊ាន ពិសី នឹង​ត្រូវ​បញ្ជូន​ឱ្យ​ទៅ​ធ្វើ​ចត្តាឡីស័កនៅមជ្ឈមណ្ឌល និង​សាលា​បាល់​ទាត់​ជាតិ​បាទី ជា​ទី​កន្លែង​ ដែល​កីឡាករ​ក្រុមធំជម្រើសជាតិ​កម្ពុជា ចំនួន ​១០ នាក់ផ្សេង​ទៀត (បាន​ធ្វើ​ចត្តាឡីស័ក​ ​​ដែរ បន្ទាប់ពី​ពួកគេ បានវិលត្រឡប់មកពីប្រទេស​កម្ពុជាមុន កាលពី​ថ្ងៃទី ​១៥ ខែតុលា។

យ៉ាង​ណា​ក៏​ដោយ​កីឡាករ​ចំនួន ​១០ នាក់ ដែល​មិន​​បាន​ឆ្លង​ជំងឺកូវីដទាំងនោះ ត្រូវ​បាន​អនុញ្ញាតឱ្យ​​វិល​ត្រឡប់​ទៅ​កាន់​គេហដ្ឋាន​​រៀងៗ​ខ្លួន​អស់​ហើយ បន្ទាប់ពី​ពួក​គេ បាន​បញ្ចប់ការ​ធ្វើ​ចត្តាឡីស័ក ទៅ​តាម​គោលការណ៍​​របស់​ក្រសួង​សុខាភិបាលរួច​រាល់កាលពី​ថ្ងៃទី ២១ ខែតុលា កន្លងមក​នេះ គឺ​មាន​ន័យ​ថា ពួកគេត្រូវ​បាន​ដាក់​​ឱ្យ​ធ្វើ​ចត្តាឡីស័កចំនួន​ ១ សប្តាហ៍។

យ៉ាង​ណា​មិញ សម្រាប់​អ្នកទាំង​ ៦ ដែល​ទើប​វិល​ត្រឡប់មកពីប្រទេស​បារ៉ែន ក្រោយគេ​នេះ ត្រូវបាន​សហព័ន្ធ​កីឡាបាល់​ទាត់កម្ពុជា ប្រាប់​ដល់​មហាជន តាម​រយៈការ​សរសេរ​បង្ហោះ​លើ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​​ថា៖ ​«​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​យើងទាំង ៦​ នាក់ បាន​ធ្វើ​ដំណើរ​មក​ដល់​​ព្រះរាជា​ណាចក្រ​កម្ពុជា​​វិញហើយ ដោយសុខសុវត្ថិភាព។ ពួកគាត់ធ្វើតេស្តនៅ​ព្រលាន​ជាមួយ​លទ្ធផលអវិជ្ជមាន នឹង​ត្រូវ​បន្ត​ធ្វើ​ចត្តាឡីស័កបន្តទៀត នៅមជ្ឈមណ្ឌល និង​សាលា​បាល់​ទាត់​ជាតិ​បាទី មុន​អាច​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​បាន»។

Content image - Phnom Penh Post
កីឡាករ​ជម្រើសជាតិកម្ពុជាទាំង​ ១០ នាក់ ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​វិល ត្រឡប់ ទៅគេហដ្ឋាន​វិញ ក្រោយ​បញ្ចប់ការ​ធ្វើចត្តាឡីស័ក រួចរាល់។ រូប FFC

ជាមួយ​គ្នា​នេះ ចាន់ វឌ្ឍនាកា បាន​សរសេរ​បង្ហោះ នៅលើ​ហ្វេសប៊ុក​របស់ខ្លួនដែរ​ថា៖​ «ពួកយើង​បាន​មកដល់ប្រទេស​កម្ពុជា​វិញហើយ ដោយ​សុវត្ថិភាព ដើម្បី​ឱ្យ​សុវត្ថិភាព​ខ្លួនឯង ​និង​មនុស្ស​ជុំវិញ​ខ្លួន ពួក​យើង​ត្រូវ​ដាក់​ដាច់​ដោយ​ឡែក ដើម្បី​សុវត្ថិ​ភាព​គ្រប់គ្នា នឹង​ធ្វើ​តាម​វិធានការណ៍​របស់​ក្រសួង​សុខាភិបាល។​ អរគុណ​ដល់​រាជរដ្ធាភិបាល សហ​ព័ន្ធកីឡា​បាល់​ទាត់​កម្ពុជា ក្រសួង​សុខាភិបាល​បារ៉ែន ដែល​បាន​មើល​ថែព្យាបាល​ពួកយើង​យ៉ាង​យក​ចិត្ត​ទុក​ដាក់ កុំភ្លេច​គោរព​តាម​វិធានការណ៍​របស់​ក្រសួង​សុខាភិបាល ៣ កុំ ៣ ការពារ»។

គួរ​រំឭក​ថា ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ, កែវ សុខសិលា, សឿយ វិសាល និង អ៊ាន ពិសី ត្រូវបាន​ធ្វើ​តេស្ត​រក​ឃើញ​វិជ្ជមាន​កូវីដ ​១៩ នៅមុនពេល​ក្រុមជម្រើសជាតិ​កម្ពុជា ត្រូវ​ប្រកួតជើង​ទី​២ វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC Asian Cup 2023 នៅប្រទេស​បារ៉ែន ចំណែក​ខ្សែ​ការពារ សារ៉េត គ្រីយ៉ា បាន​រក​ឃើញ​វិជ្ជមាន​កូវីដ តាំង​ពី​មុនពេល​កម្ពុជា ត្រូវ​ប្រកួត​ជើង​ទី​១ ជាមួយក្រុម​ជម្រើសជាតិ​ហ្គាម។

ជាមួយការ​ឆ្លង​ជំងឺកូវីដ​​ ១៩ នេះ ខ្សែ​ការពារ​ដ៏រឹងមាំ សារ៉េត គ្រីយ៉ា និង​កីឡាករ​វ័យក្មេង អ៊ាន ពិសី សុទ្ធតែ​មិនបាន​ចូល​លេង​សូម្បី​ ១ នាទី ចំណែក ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ, កែវ សុខសិលា និង ​សឿយ វិសាល សុទ្ធតែបាន​ចូល​លេង​ជម្រើស ​១១ នាក់​ដំបូង ពេល​កម្ពុជា ឈ្នះ​ក្រុម​ហ្គាម ១-០ ដែល​រក​បាន​ដោយ ចាន់ វឌ្ឍនាកា នៅជើង​ទី​១ តែពួគេ​ត្រូវអវត្តមានពេលកម្ពុជា បន្ត​ឈ្នះ ហ្គាម ២-១ នៅ​ជើង​ទី​២៕

អត្ថបទគួរចាប់អារម្មណ៍