ភ្នំពេញ៖ គណៈ​កម្មការ​រៀប​ចំ​ប្រណាំង​ទូក​ក្តោង​ជ្រើស​រើស​ជើង​ឯក​អាស៊ីអា​គ្នេយ៍ ឆ្នាំ​២០២១ ​បាន​ឈាន​ទៅ​ដល់ ការ​​ចុះ​ពិនិត្យ​វាយ​តម្លៃ ​និង​កំណត់​ទី​តាំង​ប្រកួត​រួច​ហើយ ​ដោយ​សហការ​ជា​មួយ​អាជ្ញា​ធរ​ខេត្ត​ព្រះ​សីហនុ ​និង​ភាគី​ពាក់​ព័ន្ធ ​ដើម្បី​ជ្រើស​រើស​ទី​កន្លែង​មួយ​ចំនួន ​នៅ​លើ​គោក ​ក្នុង​ការ​ទទួល​បដិ​សណ្ឋា​កិច្ច​កីឡាករ ​និង​គ្រូ​បង្វឹក​ចំនួន ​១៥០ ​នាក់​ ក្នុង​ការ​ហូប​ចុក ​ស្នាក់នៅ ព្រមទាំង​​ពិនិត្យ​កំណត់​ទីលាន​លំហ​សមុទ្រ​ ដែល​ត្រូវ​មាន​ទី​លាន​ប្រកួត​ចម្ងាយ​ពី​មាត់​ច្រាំង​សមុទ្រ​ ជាង​ ៥០០ ​ម៉ែត្រ​ ដោយ​បង្កើត​ជា​ផែ​ សម្រាប់​ការិយាល័យ​គណៈ​កម្មការ​នៅ​លើ​ផ្ទៃ​ទឹក​តែ​ម្តង​។

លោក ​វ៉ាត់ ​ចំរើន ​អនុ​ប្រធាន​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា ​និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​រៀប​ចំ​ការ​ប្រ​កួតនេះ ​ដែល​បាន​ចុះ​ទៅពិ​និត្យ ​កាល​ពី​ថ្ងៃ​អាទិត្យ​ ជា​មួយ​ក្រុម​បច្ចេកទេស ​និង​អាជ្ញា​ធរ​ពាក់​ព័ន្ធ បាន​ប្រាប់​​ថា​៖ «​ប្រតិ​ភូ ​ចុះ​ពិនិត្យ​ទីតាំង ​មាន​ការ​ចូល​រួម​ពី ​​ឯកឧត្តម ​អ៊ុក ​សិទ្ធិជាតិ​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋានកីឡា​ ​លោក​ ថោង​ រដ្ឋសក្តិ​ អនុ​ប្រធាន​សហព័ន្ធ​កីឡា​ទូក​ក្តោង​កម្ពុជា​ និង​មន្ត្រី​ពាក់​ព័ន្ធ​នៅ​ខេត្ត​ព្រះ​សីហុន​ ដើម្បី​ត្រៀម​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​ទូក​ក្តោង ​ជ្រើស​រើស​ជើង​ឯក​អាស៊ីអា​គ្នេយ៍​ ឆ្នាំ ​២០២១​ ចាប់​ពី​ថ្ងៃ​ទី ១២​ ដល់ថ្ងៃ​ទី ​១៧​ ខែ​ ធ្នូ ​ឆ្នាំ​ ២០២១​ ដោយ​មាន​សហការ​រៀប​ចំ ​ជាមួយ​សហព័ន្ធ​ទូកក្តោង​សិង្ហបុរី​ ហើយ​​មាន​ប្រទេស​ចូល​រួម​ចំនួន ​៧ ប្រទេស​ក្នុង​តំបន់​អាស៊ាន»​។​

លោក​​បានបន្ត​​ថា​ ​គណៈ​កម្មការ ​បាន​វាយ​តម្លៃ​ខ្ពស់ ​ចំពោះ​ក្រុម​ការងារ​អនុគណៈ​កម្មការ​ជំនាញ​នីមួយៗ របស់​គណៈ​កម្មការ ​ដើម្បី​រៀប​ចំការ​​ប្រកួត​កីឡាទូកក្តោង​នេះ​ នៅ​ខេត្ត​ព្រះ​សីហនុ​​ឱ្យ​​ទទួល​បាន​លទ្ធផល​ល្អ​ និង​ស្រប​​តាម​ស្តង់​ដារ​អន្តរជាតិ ជា​​ពិសេស​គោរព​គោល​ការណ៍ ​​និង​ធានា​សុវត្ថិភាព​ សន្តិសុខ ​សណ្តាប់​ធ្នាប់ ​​ចំពោះ​បញ្ហា​ប្រឈម​ជំងឺ​កូវីដ​១៩​។

​«​ការ​រៀប​ចំ ​ក្នុង​សម័យ​កូវីដ ១៩ នេះ យើង​ត្រូវ​​បង្កើត​ការ​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត ពោលគឺ​​ការ​ហូប​ចុក ​ស្នាក់​នៅ​, ការ​ប្រជុំ​, ការ​ហ្វឹក​ហាត់​ មុន​ប្រ​កួត​ និង​កំពុង​ប្រកួត ​សុទ្ធ​តែ​ត្រូវ​បាន​ត្រួត​ពិនិត្យ​ដាក់​ផែន​ការ​កម្ម​វិធី​ច្បាស់​លាស់​ តាម​សេចក្តី​ណែនាំ​ ចំណែក​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា សម្រាប់​ការ​ប្រកួត ​និង​ប្រព័ន្ធ​ចុះ​ឈ្មោះ​ អ្នក​ចូលរួម ត្រូវ​​ធ្វើ​​តាមរយៈ​គេហ​ទំព័រ​ផ្លូវការ​ និង​ប្រព័ន្ធ​ទូរស័ព្ទ​ (Mobile Application)»។

អ្នកជំនាញកីឡា​លោក វ៉ាត់ ចំរើន បាន​បន្ថែម​ថា៖​«​ចំពោះ​ការ​រៀប​ចំ​ទីតាំង​ប្រកួត​ផ្ទាល់ ត្រូវ​ធ្វើ​​​នៅ​លើ​លំហ​សមុទ្រ និង​នៅ​សណ្ឋាគារ​សុខា ​ខេត្តព្រះ​សីហនុ​ ក្នុង​គោល​បំណង​ គ្រប់​គ្រង​​ការ​ពារ​ហានិភ័យ​នានា ​ការ​ត្រួត​ពិនិត្យ​ និង​ធ្វើ​តេស្តរក​ជំងឺ​កូវីដ ១៩ និង​​នីតិវិធី​សុខាភិបាល​​នានា ព្រម​ទាំង​ការ​សម្អាត​ គោល​ដៅ​ប្រកួត​ ​គោលដៅសុវត្ថិភាព ​និង​ការ​ជំរុញ​ផ្សព្វផ្សាយ ពី​ព្រឹត្តិការណ៍​ក្នុង​​ស្រុក​ និង​ក្រៅ​ប្រទេស និង​ការងារ​ទីផ្សារ​ចលនូ​បត្ថម្ភ»​។​​

អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា លោក ​វ៉ាត់ ​ចំរើន ​បាន​លម្អិត​ពី​លទ្ធផល​សម្រេច​ចុង​ថា​៖ «​យើង​បាន​កំណត់​យក​ទីតាំង​សណ្ឋា​គារ​សុខា​ ដោយ​បាន​ពិនិត្យ​ទីតាំង​សំខាន់ៗ ​​សម្រាប់​​ប្រារព្ធ​ពិធី​បើក-បិទ ​រៀប​ចំ​ស្តង់​កីឡាករ​ប្រកួត ​ការ​កំណត់​ទំហំ​លំហសមុទ្រ​សម្រាប់​ការ​ប្រកួត ​ទី​តាំង​ទទួល​បដិសណ្ឋារ​កិច្ច ​ហូបចុក ​ស្នាក់នៅ ​ទីតាំង​សម្រាប់ផ្សព្វផ្សាយ​ ក្នុង​នោះ​មាន​ ​ទីតាំង​ហ្វឹកហាត់​របស់​កីឡាករ ​មុន​ប្រកួត​ ​ពេល​ប្រ​កួត​ និង​បាន​ពិភាក្សា​លម្អិត​ ជា​មួយ​តំណាង​សណ្ឋា​សុខា​ ខេត្ត​ព្រះ​សីហនុ​ លើ​នីតិវិធី​ និង​ដំណើរ​ការ​រៀបចំជា​ទូទៅ​ អំឡុង​ពេល​ប្រកួត​ដូច​ជា​ចត្តា​ឡីស័ក ​ឬពេល​មាន​បញ្ហា​​សុខ​ភាព​»។​

លោក​ វ៉ាត់ ចំរើន ដែល​ជា​អគ្គលេខាធិការ CAMSOC ផង​នោះ បាន​បញ្ជាក់​ថា៖​ ​«​ភាគី​អាជ្ញា​ធរ ​និង​ជំនាញ​សុខា​ភិ​បាល​ ទទួល​ខុស​ត្រូវ​ខ្ពស់​ ចំពោះ​ប្រតិ​ភូ ​និង​កីឡាករ​ សរុប​ចំនួន​ ១៥០​ នាក់​ ទាំង​នៅ​លើ​ដី​គោក ​និង​ក្នុង​លំហ​សមុទ្រ​ ដែល​មាន​ចម្ងាយ​​ជាង ​៥០០ ​ម៉ែត្រ​ ខណៈ​ដែល​ប្រទេស​ចូល​រួម ​មាន​ចំនួន​ ៧​ គឺ ​កម្ពុជា​ ហ្វី​លីពីន​ សិង្ហ​បុរី​ ម៉ី​យ៉ាន់​ម៉ា​ ម៉ាឡេ​ស៊ី ​និង​ប្រុយ​ណេ​ ខណៈ​ដែល​កម្ម​វិធី​ប្រកួត​នេះ​ មាន​ខ្លឹម​សារ​ជា​លំនាំ​ ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ ឆ្នាំ​ ២០២៣ ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ»​៕​