​ភ្នំពេញ​: អ្នក​ប្រដាល់ ធន់ អៀន​ឡៃ បាន​សម្តែង​ការមិនសប្បាយចិត្ត ចំពោះ​ការ​ឈ្នះ​ប្រា​ក់លាន នៅលើ​សង្វៀន​ថោ​ន កាលពី​ថ្ងៃអាទិត្យ ព្រោះ​ការពិន័យ​ឱ្យ​ឈ្នះ លាភ រដ្ឋា ត្រឹម​ដើម​ទឹក​ទី​១ មុនពេល​បន្តទៅ​ផ្តួល ម៉ឺន ដា នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នោះ ត្រូវបាន អៀន​ឡៃ យល់ថា ជា​លទ្ធផល ១ ធ្វើឱ្យ​អ្នកគាំទ្រមិន​ពេញចិត្ត​ដល់​រូបគេ ប៉ុន្តែ​ម្ចាស់​ប្រាក់រង្វាន់​ចំនួន ៣,៤ ​លាន​រូបនេះ បាន​អះអាងថា ការ​ទាត់​ត្រូវ​ប្រដាប់​ការពារ​ពងស្វាស​ពី​សំណាក់ លាភ រដ្ឋា ពិតជា​ធ្វើឱ្យ​រូបគេ​ឈឺ​ចុក​ចាប់​ខ្លាំង រហូតដល់​ក្អួត មិនអាច​ប្រកួត​ទៀត​បាន​មែន​។​

​ធន់ អៀន​ឡៃ បាន​និយាយ ក្រោយ​ការប្រកួត​ថា​៖ «​ទោះបី​​ជា​ខ្ញុំ​បាន​លេខ ​១ ក៏ពិតមែន ប៉ុន្តែ​ខ្ញុំ​អត់​សប្បាយចិត្ត​ជាមួយ​លទ្ធផល​បែប​ហ្នឹង​នោះទេ ព្រោះ​ធ្វើ​អ៊ីចឹង សម្រាប់​មហា​​ជន គេ​អត់​គាំទ្រ​យើង​ទេ​។ តែ​ទោះបីជា​យ៉ាងណា ការ​ទាត់​ត្រូវ​របស់ លាភ រដ្ឋា ពិតជា​ចុក​ខ្លាំងណាស់ គឺ​ពេលទៅដល់​បន្ទប់​ពេទ្យ​ហើយ នៅតែ​ក្អួត​ទៀត ទោះ​ខ្ញុំ​ខំប្រឹង​ងើបឡើង​វិញ ក៏​អត់​រួច​»​។​

​កីឡាករ​រូបនេះ បាន​ប្រាប់​បន្ថែមថា​៖ «​ខ្ញុំ​ចង់​ឈ្នះ ដោយ​វ៉ៃ​អស់ពី​សមត្ថភាព​រៀងៗ​ខ្លួន ទោះបីបែក​មុខ ស្រក់ឈាម ក៏​ជា​មោទនភាព​ដែរ​។ ការដែល លាភ រដ្ឋា ល្មើស​ធ្វើឱ្យ​ខុស​បទបញ្ជា​ប្រកួត នាំឱ្យ​គណៈកម្មការ​ពិន័យ​ឱ្យ​ចាញ់​នេះ ខ្ញុំ​សោក​ស្តាយ គឺ​ខ្ញុំ​ចង់​ឈ្នះ​ដោយ​សមត្ថភាព​ពិតៗ មិនមែន​ចង់ស៊ី​ឡាក់​នោះទេ​»​។

​ចំណែក​កីឡាករ ម៉ឺន ដា ដែល​ឃ្លាត​ពីស​ង្វៀន ក្នុងស្រុកជិត ៤ ​ឆ្នាំ និង​ទើបតែ​បាន​ឡើង​ប្រកួត​ជាថ្មី នៅ​សង្វៀន​ថោ​ន​នេះ ក៏​សម្តែង​ការមិន​អស់ចិត្ត ចំពោះ​ការ​ចាញ់ ធន់ អៀន​ឡៃ ដោយ​សម្រេច​មិន​បន្ត​ការ​​ប្រកួតនៅ​ទឹក​ទី​៣ ​នេះដែរ​។ ម៉ឺន ដា ដែល​ឈ្នះ​ពិន្ទុ សូ​ដា លី​ម៉ូ ដោយ​វេទនា និង​គ្រាំគ្រានៅ​វគ្គ​ជម្រុះ​នោះ បានចាត់ទុក​ការប្រកួត​ជាមួយ ធន់ អៀន​ឡៃ ដូច ១ ​វ៉ៃ​ទល់ ​២ ​នាក់​អ៊ីចឹង​។​

​ម៉ឺន ដា បាន​ប្រាប់ថា​៖ «​ការ​​ប្រកួត​នេះ ដូច​ចាប់ផ្តើម​ថ្មី​ឡើងវិញ សម្រាប់​ខ្ញុំ ហើយ​ការ​​ប្រកួត ខ្ញុំ​ខ្លាច​បំផុត ១ ​វ៉ៃ​ទល់ ​២ តែ​ឥឡូវ​ជួប​ហើយ ព្រោះ​គាត់​អត់​ហត់​សោះ មក​វ៉ៃ​ជាមួយ​ខ្ញុំ​ហត់​ស្រាប់ ដល់​អ៊ីចឹង ខ្ញុំ​ពិបាក គឺ​គ្មាន​កម្លាំង​ទេ ទន់​តែម្តង​។ តែ​ទោះយ៉ាងណា ធន់ អៀន​ឡៃ ក៏​មិន​ចង់​ឈ្នះ ដោយ​បែប​នេះដែរ តែ​ធ្វើ​ម៉េច បើ​កាលៈទេសៈវា​ទៅជា​បែប​ហ្នឹង​»​។​

​កីឡាករ​ដែល​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ទម្ងន់ ​៥៧ ​គីឡូក្រាម សម្រាប់​ការប្រកួត នៅ​សង្វៀន​ប្រទេស ម៉ឺន ដា បាន​បន្ថែមទៀតថា​៖ «​បើ​បាន​ជួប ធន់ អៀន​ឡៃ លើក​ក្រោយ ខ្ញុំ​ធានា​ប្រកួត​ឈ្នះ​បាន ព្រោះ​ខ្ញុំ​បានដឹង​ពី​ល្បិច​ប្រកួត​របស់គេ គឺ​ចេញ​លឿន និង​ញាប់​»​។​

​ទាក់ទង​នឹង​ការវិល​មក​ប្រកួត​នៅ​សង្វៀន​ក្នុងស្រុក​ជាថ្មី ម៉ឺន ដា បញ្ជាក់ថា​៖ «​ខ្ញុំ​វិល​​មក​ហាត់​ជាប្រចាំ​វិញ ដើម្បី​ប្រកួត​រកប្រាក់ ព្រោះ​សមត្ថ​​ភាព​របស់ខ្ញុំនៅមាន​ប្រជា​​ប្រិ​យ ហើយ​សង្វៀន​ជាច្រើន កំពុង​ទាក់ទង​ឱ្យ​ខ្ញុំ​ហ្វឹកហាត់​ឱ្យបាន​ល្អ ដើម្បី​ប្រកួត​នៅ​សង្វៀន​របស់​កម្មវិធី​គេ​»៕