ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ CAMSOC និងអនុគណៈកម្មការជំនាញ ព្រមទាំងមន្ត្រីសហព័ន្ធកីឡាជាតិ បានឆ្លងកិច្ចប្រជុំ ប្រចាំសប្តាហ៍ ទៅលើចំនុចជាច្រើន កាលពីព្រឹកថ្ងៃអង្គារ ក្នុងនោះប្រធានបទធំសំខាន់ ២ ចំណុច គឺផ្តោតទៅលើពិធីសម្ពោធពហុកីឡាដ្ឋានជាតិមរតកតេជោ គឺដាក់កម្មវិធីនេះ ជាមួយព្រឹត្តិការណ៍រាប់ថយក្រោយ (ខោនដោន)ចំនួន ៥០០ ថ្ងៃ ឈានឆ្ពោះទៅប្រារព្ធបើក ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
នៅក្រោយកិច្ចប្រជុំ ដែលដឹឆកនាំដោយលោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC និងជាប្រធាន NOCC នោះ លោក វ៉ាត់ ចំរើន បានផ្តល់សម្ភាសឱ្យបណ្តាញព័ត៌មានថា អង្គប្រជុំ ឆ្លងសកម្មភាពការងារថ្ងៃនេះ បានអនុម័តទៅលើបញ្ហាសំខាន់មួយចំនួន ក្នុងនោះមានពិធីសម្ពោធពហុកីឡាដ្ឋានជាតិមរតកតេជោ និងពីធីរាប់ថយក្រោយចំនួន ៥០០ ថ្ងៃ ដើម្បីឆ្ពោះទៅដល់ថ្ងៃបើកការប្រកួតស៊ីហ្គេមតែម្តង ព្រមទាំងរំឭកពីពិធីផ្ទាំងទស្សនិយភាព ទទួលទង់ពីប្រទេសវៀតណាម ដែលផលិតចំនួន ១០នាទី ប៉ុន្តែត្រូវបង្ហាញឱ្យឃើញពីទិដ្ឋភាពកីឡាវប្បធម៌ និងសក្តានុពល បច្ចុប្បន្នភាពរបស់កម្ពុជា។
អគ្គលេខាធិការ CAMSOC លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «អង្គប្រជុំ បានសម្រេចជាគោលការណ៍ នូវពិធីទាំងពីរ គឺសម្ពោធពហុកីឡាដ្ឋានមរតកតេជោ និងខោនដោនរាប់រយក្រោយចំនួន ៥០០ថ្ងៃ ដែលត្រូវធ្វើក្នុងថ្ងៃតែមួយ គឺថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១ តែម្តង»។
«ចំពោះពិធីសម្ពោធពហុកីឡដ្ឋានថ្មីនេះ គណៈកម្មការបានសម្រេចថា នឹងគ្មានការប្រកួតកីឡា ដើម្បីអបអរសាទរពិធីទេ ប៉ុន្តែយើងជំនួសមកវិញ នូវពិធីសម្តែង ឬបង្ហាញនូវសកម្មភាពកីឡា ដែលយកចេញពីជាង ៤០ ប្រភេទ ក្រោមការគ្រប់គ្រងរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កំពុងមានស្រាប់។ ពិធីនេះ យើងចាប់ផ្តើមរៀបចំជាបណ្តើរៗ ពីពេលនេះទៅ ដើម្បីរៀបចំលម្អិតឱ្យរលូនល្អ ឱ្យស័ក្តិសមទៅនឹងតម្លៃពហុកីឡាដ្ឋានជាតិមរតកតេជោ ជាជំនួយមិត្តភាពដែកថែប រវាងកម្ពុជា-ចិន ជាប្រវត្តិសាស្ត្រ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំនៃភាគីចិន»។
លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការ NOCC ផងនោះ បានបន្ថែមថា៖ «ចំណែកពិធីរាប់ថយក្រោយចំនួន ៥០០ ថ្ងៃ គឺជាការរំឭកដាស់ស្មារតីប្រជាពលរដ្ឋខ្មែរឱ្យបានដឹង ថា នៅសល់ប៉ុន្មានថ្ងៃទៀត នឹងឈានដល់ពេលវេលាបើកការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយ ហើយកម្មវិធីរាប់ថយក្រោយ ដែលហៅថា ខោនដោន នេះ គឺជាពិធីមួយ ដែលចាំបាច់ សម្រាប់គ្រប់ប្រទេស ដែលប្រារពធ្វើឡើង ជាដំណាក់កាលៗ មុននឹងពិធីបើក ការប្រកួតមកដល់»។
អ្នកជំនាញកីឡា លោក វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែមថា៖ «នៅក្នុងកិច្ចប្រជុំកាលពីព្រឹកមិញ ក៏បានរំឭកពីការឆ្លើយតបរបស់ប្រទេសវៀតណាម បានច្បាស់លាស់ សម្រាប់ត្រៀមបើកការប្រកួតស៊ីហ្គេម លើកទី៣១ គឺធ្វើនៅថ្ងៃ ១២ ខែ ឧសភា ឆ្នាំ ២០២២ ដោយដាក់កីឡាឱ្យប្រកួតប្រជែងចំនួន ៤៥ ប្រភេទ មានវិញ្ញាសារជាង ៥០០ ខណៈដែលប្រទេសកម្ពុជា បានត្រៀមកីឡាចំនួន ៣២ ប្រភេទឱ្យចូលរួម»៕