ភ្នំពេញ៖ អ្នកចាត់ការទូទៅ​ក្រុម​ជម្រើសជាតិកម្ពុជា លោក Keisuke Honda បាន​ជំរុញ និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​កម្ពុជា ដែល​ទើប​បានបញ្ចប់​ភារកិច្ច ក្នុង​ការ​ប្រកួត​ជម្រុះតាមពូល ​K នៃ​ពាន​រង្វាន់ AFC U23 Asian Cup Uzbekistan 2022 នៅ​កីឡដ្ឋាន J-Village ប្រទេស​ជប៉ុន ឱ្យ​ព្យាយាម​កែ​តម្រូវការ​លេង​របស់​ខ្លួន ជាពិសេស​ត្រូវ​មានភាព​​ស្រេក​ឃ្លាន ក្នុងការ​ចង់​អភិវឌ្ឍ​សមត្ថ​ភាព​ខ្លួនឯង​បន្ថែម​ទៀត។

វីរបុរស​បាល់​ទាត់​របស់ជប៉ុន លោក Keisuke Honda មិនបានចាត់ទុក ​​ការ​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​​ជម្រើសជាតិ​ជប៉ុន​អាយុ​ក្រោម​២៣​ឆ្នាំ ៤-០ កាលពី​ថ្ងៃអង្គារ ជា​ការ​ប្រកួត​ដ៏​អាក្រក់​សម្រាប់ក្រុម​ U23 កម្ពុជា នោះទេ ប៉ុន្តែ​ការ​ស្រេក​ឃ្លាន ចង់​អភិវឌ្ឍ​បន្ថែម​ទៅ​​ផ្នែក​កលល្បិច បច្ចេក​ទេស និងផ្នែកកាយសម្បទា គឺ​ជាចំណុចចាំបាច់ ដែល​កម្ពុជា ត្រូវ​ធ្វើ​ឱ្យ​បាន ព្រោះ​លោក​គិត​​ថា ក្រុមខ្លាំងៗ នៅអាស៊ាន មួយ​ចំនួន នឹង​មានសមត្ថភាព ស្មើ​ក្រុមជប៉ុន នាពេលនេះ នៅ​ពេល កម្ពុជា ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ីហ្គេម លើកទី៣២ ឆ្នាំ​ ២០២៣ ជា​ប្រវត្តិសាស្រ្ត។

តាម​រយៈសហព័ន្ធ​កីឡា​បាល់ទាត់កម្ពុជា លោក Keisuke Honda បាន​និយាយ នៅ​ថ្ងៃ​ពុធ​នេះ​ថា៖ ​«វាមិនមែន ជា​ការ​ប្រកួត​ដ៏​​អាក្រក់​​នោះ​ទេ សម្រាប់​ពួក​យើងទាំងអស់​គ្នា ព្រោះ​ពួក​យើង បាន​បង្ហាញ​ទៅ​ពួកគេ (ក្រុម​ U23 ជប៉ុន) ពីការ​លេង​ល្អ​ខ្លះ ប៉ុន្តែ​ពួក​យើង ត្រូវតែ​កែ​តម្រូវ​ការ​លេង​របស់យើង​ជា​ច្រើន​ទៀត ដោយសារ​ពួក​យើង នឹង​ត្រូវ​លេង​ជាមួយ​ក្រុម ដែល​មានកម្រិត​ស្មើ​ជប៉ុន នៅឆ្នាំ ​២០២៣»។

ក្រុម​កម្ពុជា បាន​ថត​ជុំគ្នា ក្នុង​ព្រលាន​យន្ត​ហោះ នៅក្នុង​ប្រទេសជប៉ុន មុនពេល​ហោះបន្ត មកកាន់ប្រទេស​កំណើត​វិញ។ រូប FFC

លោក Keisuke Honda បាននិយាយ​ផ្តោតបន្ថែម ​ទៅ​លើ​​ការ​ត្រៀម​ខ្លួន​របស់​ក្រុម​ជម្រើសជាតិកម្ពុជា ដើម្បី​ឆ្ពោះ​ទៅកាន់ស៊ីហ្គេម ឆ្នាំ​ ២០២៣ ទៀតថា៖​ «យើង​មាន​ពេលវេលាតែ​មួយ​ឆ្នាំ​ជាង​ទៀត​ទេ ដូច្នេះ​យើង​មិនមាន​ពេល​ច្រើន​ទេ ហេតុ​​នេះ​ទាំង​ផ្នែក​កលល្បិច (Tactics) ផ្នែកបច្ចេក​ទេស និងផ្នែកកាយសម្បទា គឺ​អ្នកទាំង​អស់​គ្នា ​ត្រូវ​មាន​ភាព​ស្រេក​ឃ្លាន ចង់​រីក​ចម្រើន​នូវសមត្ថភាព នៃ​ផ្នែកទាំង​នេះ ជា​រៀង​រាល់​ថ្ងៃ»។

គួរ​បញ្ជាក់ថា សម្រាប់ការ​ប្រកួត​ជម្រុះតាមពូល ​K ទាំង​ ២ ​លើក នៃ​ពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 នៅ​ប្រទេស​ជប៉ុននេះ ក្រុម​ U23 កម្ពុជា បាន​យក​ឈ្នះក្រុម​ U23 ហុងកុង ៤-២ តែ​បាន​ចាញ់ក្រុម​ម្ចាស់​ផ្ទះ ជប៉ុន ៤-០ កាលពី​ថ្ងៃអង្គារ ហើយ​ពេលនេះ ពួកគេបាននឹង​កំពុង​ធ្វើ​ដំណើរ​ត្រឡប់ មកមាតុប្រទេស​វិញ ចំណែក​លោក សាតូស៊ី សៃតូ ក៏បាន​ធ្វើ​ដំណើរ មកជាមួយ​ក្រុម​កម្ពុជា ផងដែរ ដើម្បី​ចាប់​ផ្តើម​បំពេញការងារ​របស់​លោក ក្នុង​នាម​​ជានាយកប្រតិបត្តិ​ នៃក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា។

តាម​រយៈ​លទ្ធផល ​នៃ​ការ​ប្រកួតជម្រុះ​តាមពូល K នេះ ក្រុម​កម្ពុជា បាន​ធ្លាក់ពីលេខ​ ១ មក​ឈរ​នៅលេខ​ ២ ​វិញ ដោយមាន ​៣ ពិន្ទុ ស្មើជាមួយ​ក្រុមលេខ​ ១ ជប៉ុន ដែល​នៅ​សល់ការ​ប្រកួត ​១ ​លើក​ទៀត ជាមួយ​ក្រុម​ហុងកុង នៅ​ថ្ងៃទី​ ២៨ ខែតុលា​នេះ ហើយ​កម្ពុជា ក៏កំពុង​ឈរ​នៅ​ក្នុង​ចំណាត់​ថ្នាក់លេខ ​៤ ក្នុង​នាមជា​ក្រុម​លេខ ​២ ​ល្អ ដែល​ជា​ចំណាត់​ថ្នាក់ អាច​មាន​សិទ្ធិ បាន​ឡើង​ទៅ​ប្រកួត​វគ្គ​បន្ត​ផងដែរ។

កីឡាករ​ជម្រើស១១នាក់ដំបូង​របស់​ជប៉ុន ដែលបាន​យក​ឈ្នះក្រុម​U23កម្ពុជា ៤-០ កាលពី​ថ្ងៃអង្គារ។ រូប FFC

តែ​ទោះបីជា​យ៉ាង​ណា ចំណាត់ថ្នាក់នេះ វា​អាច​នឹងមានការ​ប្រែប្រួល ដែល​អាស្រ័យ ទៅ​លទ្ធផល​ប្រកួតបញ្ចប់ពូល K នេះ ​រវាង​ក្រុម​ជប៉ុន និង​ហុងកុង ជាពិសេស​លទ្ធផលនៃ​​ការប្រកួត​​ជម្រុះ​តាម​ពូល​​ចំនួន ​៩ ​ទៀត (មិនរាប់បញ្ចូលពូល G ព្រោះមានត្រឹម​២ ក្រុម) ដែលពូល​ខ្លះ កំពុង​ប្រកួតប្រជែង​គ្នា ចំណែក​ពូល​ខ្លះទៀត នៅ​មិនទាន់​បាន​ចាប់ផ្តើម​ប្រកួត នៅ​ឡើយ​ទេ ខណៈ​ព្រឹត្តិការណ៍នេះ គេកំណត់យក​ក្រុមលេខ​ ១ នៅតាមពូល​ទាំង​ ១១ រួមទាំង​ក្រុម​លេខ ​២ ល្អ ចំនួន ៤ ​ក្រុម ឡើង​ទៅ​លេខវគ្គ​១៦​ក្រុម​ចុ​ងក្រោយ នៅ​ប្រទេស Uzbekistan នា​ឆ្នាំ​ ២០២២៕

លោក សាតូស៊ី សៃតូ (កណ្តាល) នាយកប្រតិបត្តិ​នៃក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា ពេលថតជាមួយ​ក្រុមគ្រូបង្វឹក​របស់កម្ពុជា មុន​ចេញ​ដំណើរ មកកម្ពុជា។ រូប FFC