ភ្នំពេញ៖ ព្រឹត្តិការណ៍​ប្រកួត​ដ៏​ប្លែកមួយ ​នឹងត្រូវ​រៀបចំ​ឡើងនៅ​ថ្ងៃអាទិត្យនេះ ដើម្បី​អបអរ​គម្រប់​ខួប ​​២ ​ឆ្នាំ នៃ​ការ​បង្កើតកម្ម​វិធីម៉ាសហ្វៃកម្ពុជា (Mas Fight Cambodia) នៅ​លើ​សង្វៀន​ថោន ដោយ​ក្នុង​នោះ គណៈ​កម្មការ​បច្ចេកទេស​​របស់​សហព័ន្ធកីឡា​ប្រដាល់​គុន​ខ្មែរ ​និង​ម្ខាស់​សង្វៀន​ថោន ​ព្រម​ទាំង​តំណាង​ក្រុម​ហ៊ុន​ឧបត្ថម្ភ ​បាន​សម្រេច​បង្កើតឱ្យ​​មានការ​​ប្រ​កួត​មួយ​ដ៏​អស្ចារ្យ​ លក្ខណៈ​ម៉ាស​ហ្វៃ​ កីឡាករ​ ១ នាក់ វ៉ៃ​ទល់ ​​៣ នាក់​ ហើយ​ក្នុង​ថ្ងៃជាមួយ​គ្នា​នោះ ក៏មានការ​ប្រកួត​ម៉ាស​ហ្វៃ​ ១​ ទល់​ ១ ​និងការ​​ប្រកួត​ម៉ារ៉ាតុងដណ្តើម​ប្រាក់​លាន ​ជា​លក្ខណៈ​ម៉ារ៉ាតុង​ចំនួន​ ២ ​ឈុត ឬ ២ ប្រភេទ​ ទម្ងន់ផ្សេង​គ្នា គឺ ​៦០​ ​និង​​ទម្ងន់ ​៧១ ​គីឡូក្រាម​ផងដែរ​។​

លោក ​តែម ​ម៉ឺន ​ប្រ​ធាន​សហព័ន្ធកីឡា​ប្រ​ដាល់​គុន​ខ្មែរបាន​ថ្លែង​ថា​៖ «​ក្នុង​នាម​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ​ដែល​បាន​សហការ​រៀប​ចំ​ប្រ​កួត ​បាន​លទ្ធផល​ល្អ​ជោគជ័យ​កន្លង​មក ​ខ្ញុំ​សូម​កោត​សរសើរ​ និង​គាំ​ទ្រ​លើក​ទឹក​ចិត្ត ​ចំពោះ​ការ​បង្កើត​ឱ្យ​​មាន​ការ​ប្រ​កួត​ដ៏ប្លែក​ និង​ទាក់​ទាញ​អារម្មណ៍​នេះ​ឡើង ​ដែល​បង្ក​ឱ្យ​​មាន​សកម្មភាព​​ និង​ការ​គាំ​ទ្រ​ពី​វិស័យ​ឯក​ជន​មហាជន ​ដើម្បី​​ភាព​រីក​ចម្រើន​ទាំង​អស់​គ្នា​»។​

លោក​បាន​​បន្ថែម​ថា​៖ «​ការ​បង្កើត​ឱ្យ​​មាន​ការ​ប្រកួត​ប្លែក​ មាន​ភាព​ទាក់​ទាញ​នេះ ​បាន​នាំ​មក​នូវ​ប្រាក់​ចំណូល​ឧបត្ថម្ភ​ ដល់​មន្ត្រី​បច្ចេកទេស ​និង​គ្រូ​បង្វឹក ​កីឡាករ​ ដែល​ជា​ការ​រួម​ចំណែក​មួយ​ផ្នែក​ធំ ​ដល់​ជី​វ​ភាព​ប្រចាំ​ថ្ងៃ​។ ​បន្ថែម​លើស​ពី​នេះ ខ្ញុំ​សូម​​ថ្លែង​អំណរ​គុណ​ដល់​ក្រសួង​អប់​រំ យុវជន​ និង​កីឡា​, ក្រ​សួង​សុខាភិបាល​ និង​រាជ​រដ្ឋាភិបាល​ ដែល​យក​ចិត្ត​ទុក​ដាក់​ ក្នុង​ការ​អនុញ្ញាត​​ឱ្យ​​មាន​ការ​ប្រកួត​ ក្រោមការ​ណែនាំ​​ឱ្យ​​រក្សា​បាន​នូវ​អនាម័យ​ និង​វិធាន​ការពារ​កូវីដ​ ១៩​ បាន​ល្អ​ប្រសើរ​»។​

ចំណែក​លោក ​ជួប ​វុត្ថា​ អ្នក​ផ្គូ​ផ្គង​ប្រចាំ​សង្វៀន​ថោន​ បាន​ប្រាប់​ថា ៖​«​​ដើម្បីអប​អ​សាទរ​ខួប​ ២​ ឆ្នាំ​ នៃ​ការ​បើក​សង្វៀន​ថោន ជា​ពិសេស​កម្ម​វិធី​ប្រ​កួត​​ប្រដាល់​ម៉ាស​ហ្វៃ​,គុន​ខ្មែរ ​និង​គុន​ខ្មែរ​លក្ខណ​ម៉ារ៉ាតុង​ ជា​ដើម​នោះ យើង​នឹង​រៀបចំ​ឱ្យមានការ​ប្រកួត​ដ៏ពិសេស គឺ​​​កីឡាករ​ម្នាក់ ​ប្រកួត​ទល់​ជា​មួយ​កីឡាករ ​​៣ ​នាក់ ​ដោយ​ចូល​ប្រ​កួត​ម្នាក់ ​១ ​​ទឹក​ សម្រាប់ការ​ប្រកួត​ ៣ ​ទឹក (១​ ទឹក មាន​ ៣ នាទី)។ ​បន្ថែម​ពី​លើ​នេះ​ យើង​មាន​គូ​ម៉ាស​ហ្វៃ​ធម្មតា​ ១ ​​ទល់​ ១ នាក់ ​ព្រម​ទាំង​គូ​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​ដូច​មុនៗ​ តែ​មានចំនួន ​២ ឈុត​ ឬ​ ២ ​ប្រភេទ​ទម្ងន់​ផ្សេងគ្នា»​។​

គណៈ​កម្មការ​ចម្រុះ​ ​បាន​ឱ្យ​ដឹង​ថា ការ​​គូ​ម៉ាស​ហ្វៃ​ ៣​ វ៉ៃ​ ១​ គឺ​​កីឡាករ ​ព្រំ​ សំណាង​ ត្រូវ​វ៉ៃ​​តទល់​ជាមួយ​កីឡាករ​ ៣​ នាក់​ ​ទី១​ កីឡាករ ​ម៉ាជ ​សុខរ៉ា ​ទី​២ ​​ឡុង​ សុវណ្ណឌឿន​ និង​ទី​៣​ កីឡាករ ​វង្ស ​ណយ​។ ការ​ប្រ​កួត​ដ៏​ប្លែក​នេះ​ តម្លៃ​ខ្លួន​កីឡាករ​តួ​ឯក ​ព្រំ ​សំណាង​ កើន​ដល់​ ៦០០​ ដុល្លារ​ ហើយ​​បើ​​វ៉ៃ​ដៃ​គូ​ឱ្យ​​សន្លប់ នឹង​​ទទួល​បាន​ប្រាក់​បន្ថែម ​២០០ ​ដុល្លារ​ទៀត​។​

ចំណែក​គូ​​ដណ្តើម​ប្រាក់​លាន​វិញ ​ឈុត​ទី១ ក្នុង​​ប្រភេទ​ទម្ងន់ ​៦០ ​គីឡូក្រាម ​មាន​ជើង​ខ្លាំង​ចំនួន​ ៤​ នាក់ គឺ ​ឈុត ​សេរី​វ៉ាន់​ថង​, ម៉ន​ សាម៉េត​, វ៉េង សុភ័ក្រ ​និង ​ឡុង​ ជិន​ រីឯ​ឈុត​ទី២ ក្នុង​​ទម្ងន់ ​៧១ ​គីឡូក្រាម​ មាន​ជើង​ខ្លាំង​ ​ធឿន ​ធារ៉ា​, ​ថៃ ​រិទ្ធី, ​ឈឿង ​ល្វៃ​ និង​កីឡាករ ថៃ ​រ៉េត​ ហើយលោក​ ជួប​ វុត្ថា បាន​​បង្ហើប​​ថា​ ​សម្រាប់​ជម្រើស​ជើង​ខ្លាំង​ទាំង​ពីរ​ឈុត​នេះ ​ប្រាក់​រង្វាន់​ បាន​កើន​ឡើង​ គឺ​ជើង​ឯក​រង នឹង​ទទួល​បាន ​៦០០ ​ដុល្លារ និង​​ជើង​ឯកបាន​ ​១ ០០០ ​ដុល្លារ​ឯណោះ​។​​

ចំពោះការ​ប្រកួតនេះ កីឡាករ ​ព្រំ​ សំណាង​ បាន​និយាយ​ថា​៖ «​ខ្ញុំ​គ្មាន​ព្រួយ​បារម្ភ​នោះ​ទេ​ព្រោះទោះបីជា​គេ​ ៣ នាក់ ប៉ះ​ជាមួយ​ខ្ញុំ​ម្នាក់​ឯង​មែន ​តែ​រូប​មន្ត​ប្រ​កួត​នេះ គឺ​​ពួកគេ ​ចូល​វ៉ៃ​ជា​មួយ​ខ្ញុំ ម្នាក់ ​១​ទឹក​ៗ​ អ៊ីចឹង​​បើ​សរុប​ទៅ ​ខ្ញុំ​ប្រកួត​ ៩ ​នាទី​ ដូច​ម៉ាស​ហ្វៃ​ ​កន្លង​មក​ដែរ​ ហេតុនេះ ខ្ញុំ​សង្ឃឹម​​ថា ​មិន​អាច​ចាញ់​បាន​ឡើយ​ ព្រោះខ្ញុំ​បាន​ហាត់​ត្រៀម​យូរ​ដែរ។ បើ​ពួកគេ វាយ​សម្រុក​ខ្លាំង​យ៉ាង​ណា​ ក៏ការ​ប្រ​កួត​មាន​តែ ​៣ ​ទឹក ​រយៈ​ពេល​ចំនួន ​៩ នាទី​ប៉ុណ្ណោះ​ ហើយខ្ញុំ​មានពេល​​សម្រាក​ពេល​ចប់​ទឹក​នីមួយៗ​ផង​ដែរ ​អ៊ីចឹង​​មិន​ខុស​ពីការ​ប្រកួត​​ធម្មតា​ប៉ុន្មាន​ឡើយ»​។​

ចំណែក​កីឡាករ​ជើង​ចាស់ ​​ម៉ន ​សាម៉េត​ ដែល​ត្រូវ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់លាន ទម្ងន់​ ៦០ ​គីឡូក្រាម បាន​និយាយ​ថា៖​ «នៅ​​ក្នុង​ចំណោម ​៣​នាក់​​នេះ​ ខ្ញុំ​សុទ្ធ​តែ​ធ្លាប់​ឈ្នះ​ ប៉ុន្តែ​បច្ចុប្បន្ន ​ពួក​គេ​ក៏​ល្អ​ដែរ​ ហេតុ​នេះ​មិន​ងាយ​ស្រួល​ឈ្នះ​​នោះ​ឡើយ​ ដោយ​ខ្ញុំ​រំពឹង​តែ​៥០​ភាគ​រយ​ប៉ុណ្ណោះ​»។​ រីឯ ឡុង​ ជិន ​ក៏​​សង្ឃឹម​ឈ្នះ​​ត្រឹម​​ ៥០ ​ភាគ​រយដែរ​។

សម្រាប់​គូ​ម៉ារ៉ាតុង ទ​ម្ងន់ ​៧១​ គីឡូក្រាម ​ដែល​មាន​បេក្ខភាព​ ​ឈឿង​ ល្វៃ​, ធឿន​ ធារ៉ា​ និង ​ថៃ​ រ៉េត​ នោះ ត្រូវ​បាន​​លោក​ ធន់​ សុភា​ គ្រូ​បង្វឹក​ ​ថៃ ​រិទ្ធី ​និយាយ​ថា​៖ «ខ្ញុំ​គិត​ថា ​ដៃ​គូ ​ដែល​ជាឧបសគ្គរបស់ ថៃ រិទ្ធី ​គឺ​មាន​តែ​ ធឿន ​ធារ៉ា មួយ​ទេ ​ចំណែក​ ​ឈឿង ​ល្វៃ​ ​និង ​ថៃ ​រ៉េត ​លំបាក​មធ្យម​ទេ ​​តែ​ការ​ប្រកួត​ប្រ​ភេទ​ទម្ងន់​ធ្ងន់​នេះ អាច​សន្លប់​ផុយ​ស្រួយ ​បើ​​វាយ​ចូល​គោល​ដៅ​ល្អ»​៕​​