​ភ្នំពេញ​: កីឡាករ​ជម្រើស​​ជាតិ​ប្រដាល់សកល​កម្ពុជា ទាំង ៤ ​រូប នឹងត្រូវ​បន្ត​ប្រកួត​​ជម្រុះ​វិលជុំ ជា​លើក​ទី​២ នៅ​ថ្ងៃអាទិត្យ​នេះ ដើម្បី​ស្វែងរក​អ្នកមាន​ពិន្ទុ​ខ្ពស់​ជាងគេ​ចំនួន ២ ​នាក់ ឡើងទៅ​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដណ្តើម​ខ្សែក្រវាត់ ទម្ងន់ ៦៣,៥​ គីឡូក្រាម នៃ​ព្រឹត្តិការណ៍ Ultimate Boxing Championship 2021 ខណៈ​ការប្រកួត​លើក​នេះ វី ស​ម្ភ​ស្ស ត្រូវ​ជួប សែត សា​រឹត ហើយ ម៉ាង ព្រហ្ម​ម៉ាញ ត្រូវ​ប៉ះ​ជើង​ខ្លាំង ទូច ដេវីដ​។​

​សម្រាប់ វី ស​ម្ភ​ស្ស និង ម៉ាង ព្រហ្ម​ម៉ាញ ទើបតែ​ចាប់ផ្តើម​ប្រកួត​បើកឆាក នៅ​ថ្ងៃអាទិត្យ​នេះ​ទេ ព្រោះ​ការជួបគ្នា​លើក​មុន​របស់​អ្នក​ទាំង​ ២​ នេះ ត្រូវបាន​លើក​ពេល ដោយសារតែ ព្រហ្ម​ម៉ាញ មាន​បញ្ហា​ផ្នែក​សុខភាព ចំណែក ទូច ដេវីដ កំពុង​ឈរ​នៅ​លេខ ​១ ជា​បណ្តោះអាសន្ន ខណៈ​រូបគេបាន​យកឈ្នះ​ដោយ​ពិន្ទុ​ដាច់​លើ សែត សា​រឹត សម្រាប់​ការ​ប្រកួត​លើក​ទី​១ កាលពី​ថ្ងៃទី​ ១០ ខែតុលានោះ​។​

​យ៉ាងណាក៏ដោយ វី ស​ម្ភ​ស្ស ដែល​បាន​យកឈ្នះ​លើ​រៀម​​ច្បង ផល សោ​ភ័​ណ្ឌ ក្នុងការ​​ប្រកួត​មិត្តភាព កាលពី​ថ្ងៃទី ​១០ ខែតុលានោះ មាន​ការជឿ​​ជាក់​ថា រូបគេនឹង​អាច​ឆ្លង​ផុតការប្រកួត​វគ្គ​ជម្រុះ​នេះ ដើម្បី​បាន​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​ការជួប​ជាមួយ សែត សា​រឹត នៅ​ថ្ងៃអាទិត្យ​នេះ គេ​សង្ឃឹម​ខ្ពស់បំផុត ក្នុងការ​ដណ្ដើមបាន ​៣ ​ពិន្ទុ​។​

​កីឡាករ​មាន​កម្ពស់ ​១,៧៣ ​ម៉ែត្រ និង​មាន​ប្រវត្តិ​ប្រកួត​ចំនួន ៣៨​ ដង ឈ្នះ ៣៤​ ដង ចាញ់ ៣​ ដង និង​ស្មើ ១ ​ដង វី ស​ម្ភ​ស្ស បាន​និយាយថា​៖ «​ខ្ញុំ​មាន​ទំនុកចិត្ត​ថា នឹង​ឈានទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​ការ​​ប្រកួត​ជម្រុះ​ជាមួយ សែត សា​រឹត លើក​នេះ ខ្ញុំ​សង្ឃឹម​ឈ្នះ ​៩០ ​ភាគរយ​»​។​

​ចំណែកឯ​កីឡាករ សែត សា​រឹត ហាក់​មិនសូវ​ហ៊ាន​រំពឹង​ខ្ពស់​ប៉ុន្មាន​ទេ ព្រោះ​គេ​មើលឃើញថា វី ស​ម្ភ​ស្ស ពេលនេះកំពុង​ល្អ​។ កីឡាករ​ដែលមាន​កម្ពស់ ១,៧០ ​ម៉ែត្រ និង​ធ្លាប់​ប្រកួត ២៥​ ដង ក្នុងនោះ​ឈ្នះ ១៧ ចាញ់ ​៥ និង​ស្មើ ៣ ​ដងរូបនេះ បាន​និយាយថា​៖ «​ខ្ញុំ​ធានា​ប្រកួត​អស់ពី​សមត្ថ​​ភាព ប៉ុន្តែ​លទ្ធផលមិន​ហ៊ាន​រំពឹង​មុន​ទេ ព្រោះ​ដៃគូ​របស់ខ្ញុំ គេ​ខ្លាំង និង​កំពុង​ល្អ​ផងដែរ ហេតុនេះ ខ្ញុំ​រំពឹង​ឈ្នះ​ត្រឹម ​៦០ ​ភាគរយ​ប៉ុណ្ណោះ​»​។​

​ចំណែក​ការជួបគ្នា​រវាង ម៉ាង ព្រហ្ម​ម៉ាញ និង ទូច ដេវីដ ពិតជា​លំបាក​ទស្សន៍ទាយ​ណាស់​ពីព្រោះ​អី​អ្នក​ទាំង ២ នេះ សុទ្ធ​តែមាន​សមត្ថភាព​ល្អ​ដូចគ្នា​។ ព្រហ្ម​ម៉ាញ ទោះ​ជាមាន​បទពិសោធ​តិច ក្នុង​ការប្រកួត​ប្រដាល់សកល ដោយ​ធ្លាប់​ប្រកួត​បាន​ត្រឹម​ ១១ ​ដង ឈ្នះ ​១០ ​ដង និង​ចាញ់​ ១​ ដង ប៉ុន្តែ​កីឡាករ​កម្ពស់ ១,៧២ ​ម៉ែត្រ​រូបនេះ មាន​ភាពរឹងមាំពី​ប្រដាល់​គុន​ខ្មែរ ហើយ​ជំនួប​លើក​នេះ គេ​មានសង្ឃឹម​ឈ្នះ ​៧០ ​ភាគរយ​។​

​ចំពោះ ទូច ដេវីដ វិញ គេ​មាន​កម្ពស់ ១,៧០ ​ម៉ែត្រ និង​ធ្លាប់មាន​ប្រវត្តិ​ប្រកួត ​៣២ ​ដង ​ឈ្នះ ​២៧ និង​ចាញ់ ៥​ ដង ហើយ​ការប្រកួត​លើក​នេះ បើសិនជា ទូច ដេវីដ អាច​ដណ្តើម​ជ័យជម្នះ​ពី ព្រហ្ម​ម៉ាញ បាន​នោះ គឺ​គេ​នឹងមាន​ភាគរយ​ខ្ពស់បំផុត ក្នុងការ​ឈ្នះ​កៅអីឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ តែ​ទោះ​យ៉ាងណាក្ដី ទូច ដេវីដ បាន​អះអាងថា គេ​សង្ឃឹម​ឈ្នះ ម៉ាង ព្រហ្ម​ម៉ាញ រហូតដល់​ ៩០​ភាគរយ​ឯណោះ​។​

​ជាមួយគ្នានេះដែរ លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​ជា​អ្នកគ្រប់គ្រង​ការប្រកួត​នេះ បាន​ប្រាប់​ឱ្យដឹងថា កម្មវិធី​ប្រកួត Ultimate Boxing Championship ជាមួយនឹង​ការដាក់ឱ្យ​មានការ​ប្រកួត​គូ​ដណ្តើម​ប្រាក់​លាន​នេះ គឺ​ពិតជា​ទាក់ទាញ​ណាស់ ហើយ​នៅ​សប្តាហ៍​នេះ យើង​ក៏មាន​គូ​ប្រដាល់​ចំនួន ៤​ គូ​បន្ថែមទៀត ឱ្យ​ប្រកួត​ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះ ផងដែរ​៕