ភ្នំពេញ៖ អ្នកប្រដាល់ចាស់វស្សា មុត ខ្លឹមខ្មៅ និង មិន សិលា ដែលធ្លាប់ប្រកួតគ្នា យ៉ាងស្វិតស្វាញនិងល្បីល្បាញ តាំងពីអំឡុងឆ្នាំ ២០១២ ដោយធ្វើឱ្យមហាជនអ្នកទស្សនាមួយចំនួននៅចងចាំបានថា ជាគូប្រដាល់សងសឹកដ៏ល្បីល្បាញនោះ គឺសប្តាហ៍នេះ អ្នកទាំង ២ នឹងត្រូវជួបប្រកួតគ្នាជាថ្មី នៅលើសង្វៀនបាយ័ន នារសៀលថ្ងៃអាទិត្យនេះ ក្នុងកម្មវិធីប្រដាល់ Boostrong។
តាមប្រវត្តិប្រកួតរបស់ មុត ខ្លឹមខ្មៅ និង មិន សិលា កាលពីជិត ១០ ឆ្នាំមុន គឺពួកគេធ្លាប់ប្រកួតគ្នា បានចំនួន ៥ លើក ហើយលទ្ធផល ខ្លឹមខ្មៅ ឈ្នះ ៣ ដង ហើយ មិន សិលា ឈ្នះ ២ ដង។ ចំណែកនៅសប្តាហ៍នេះ អ្នកទាំង ២ ត្រូវប្រកួតគ្នាជាថ្មី ក្នុងលំដាប់គូឯកប្រចាំសប្តាហ៍ខណៈដែលកីឡាករ មុត ខ្លឹមខ្មៅ ត្រូវបានគេមើលឃើញថា នៅមានសមត្ថភាពប្រកួតល្អជាងកីឡាករ មិន សិលា។
មួយរយៈចុងក្រោយនេះ ពិសេសនៅក្នុងការប្រកួត ៣ លើកចុងក្រោយ មុត ខ្លឹមខ្មៅ ប្រកួតចាញ់ជើងថ្មី ធន់ ចាន់តាក់ ចាញ់ សូត្រ ប៊ុនធី តែឈ្នះ សូត្រ ខេវិន។ ចំណែក មិន សិលា ៣ ប្រកួតចុងក្រោយ បានឈ្នះ សូដា កូម៉ាន់ ឈ្នះ តក់ សុភ័ណ្ឌ និងចាញ់កីឡាករ សោម ពិសិដ្ឋ។ ទោះជាយ៉ាងណា អ្នកប្រដាល់ជើងចាស់ទាំងពីរនេះ ខកខានប្រកួតគ្នាជិត ១០ ឆ្នាំមកហើយ។
លោក ធន់ សុភា អ្នកផ្គងផ្គងប្រចាំសង្វៀនបាយ័ន បាននិយាយថា៖ «ពួកគេទាំងពីរ ទោះជាចាស់បន្តិច កម្លាំងធ្លាក់ខ្សោយជាងមុន ប៉ុន្តែការប្រកួត មិនងាយសន្លប់ទេ ព្រោះមានបទពិសោធ និងមានស្នៀតការពារល្អ។ ពួកគេ មានសមត្ថភាពក្បាច់គុនប្រហាក់ប្រហែលគ្នា ហើយក៏មិនងាយនឹងសន្លប់ដែរ គឺខ្ញុំសន្និដ្ឋានថា ចាញ់ ឬឈ្នះគ្នាអាច ៥ ទឹកឯណោះ»។
ចំណែកកីឡាករ គង់ ហូវ សិស្សច្បងនៅក្លិបគុហារព្រហ្មជ័យខេត្តសៀមរាបបាននិយាយថា៖ «មិន សិលា កំពុងហាត់ជាប្រចាំជាមួយខ្ញុំ នៅភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីបង្កើនកម្លាំង ត្រៀមប្រកួតសប្តាហ៍នេះឱ្យល្អ សមជាគូឯក។ ទោះយ៉ាងណា កម្លាំងគាត់ខ្សោយជាងមុន ហើយការប្រកួតនេះ ខ្ញុំសង្ឃឹមត្រឹម ៥០ ភាគរយប៉ុណ្ណោះ ព្រោះ ខ្លឹមខ្មៅ ក៏ជាជើងខ្លាំងលំបាកបង្ក្រាបដែរ»។
ចំពោះកីឡាករ មុត ខ្លឹមខ្មៅ បាននិយាយថា៖ «មួយរយៈនេះ ខ្ញុំខ្សោយផ្នែកកម្លាំង ប៉ុន្តែសប្តាហ៍នេះ ធានាប្រឹងវ៉ៃយកឈ្នះឱ្យបាន គឺមានទំនុកចិត្តឈ្នះ ៨០ ភាគរយ ព្រោះខ្ញុំហាត់បានល្អ ធានាមិនចាញ់សន្លប់ទេ»៕