​ភ្នំពេញៈ ការប្រកួត​ម៉ាស​ហ្វៃ​រុំ​អំបោះឆៅ ៣ ​វ៉ៃ​ទល់ ​១ រវាង​កីឡាករ ព្រំ សំណាង ជាមួយ ឡុង សុវណ្ណ​ឌឿ​ន​, វង្ស ណ​យ និង ម៉ាជ សុខ​រ៉ា ដើម្បី​អបអរ​​សាទរ​ខួប ​២ ​ឆ្នាំ នៃ​ការបង្កើត​កម្ម​​វិធីម៉ាស​ហ្វៃ​កម្ពុជា កាលពី​យប់​ថ្ងៃអាទិត្យ បានក្លាយ​ជាការ​ប្រកួត​ដ៏​ប្លែក ដែលមាន​ការគាំទ្រ​យ៉ាងខ្លាំងពី​អ្នកទស្សនា ចំណែក ធឿន ធារ៉ា និង ឈុត សេរី​វ៉ាន់​ថង សុទ្ធតែ​ក្រសោប​បាន​ប្រាក់ ​១ ​ពាន់​ដុល្លារ ពី​ការប្រកួតដណ្តើម​ប្រាក់​លាន ទាំង​ ២ ​ប្រភេទ​ទម្ងន់ ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះដែរ​។​

​តាមរយៈ​ការប្រកួត នៅ​សង្វៀន​ថោ​ន​នោះ ព្រំ សំណាង បាន​ឈរ​វ៉ៃ​ ៦​ នាទី​ពេញ​ជាមួយនឹង ឡុង សុវណ្ណ​ឌឿ​ន និង វង្ស ណ​យ មុនពេល​រូបគេ បាន​បន្ត​ទៅបុក​កែង បណ្តាល ម៉ាជ សុខ​រ៉ា សន្លប់ ប៉ុន្តែ សំណាង នៅតែ​ត្រូវ​បានប្រកាស​ឱ្យ​ស្មើគ្នា​ជាមួយ ឡុង សុវណ្ណ​ឌឿ​ន​, វង្ស ណ​យ និង ម៉ាជ សុខ​រ៉ា ទៅតាម​ច្បាប់ គឺ​បើ សំណាង មិនអាច​វ៉ៃ​ឱ្យ​ភាគី​ទាំង ​៣ ​នាក់​នេះសន្លប់ ត្រូវ​កំណត់ឱ្យ​ស្មើគ្នា​។​

​ព្រំ សំណាង បាន​និយាយថា​៖ «​នេះ​ជាការ​ប្រកួត​ដំបូង​របស់ខ្ញុំ វា​រាង​លំបាក​ប​ន្កិ​ច ប៉ុន្តែ​ជាការ​ប្រកួត​អស់ពី​សមត្ថភាព មិនមែន​លក្ខណៈ​វ៉ៃ​សម្តែង ដូច​គេ​និយាយ​នោះឡើយ​។ មើលទៅ បើ​វ៉ៃ​សម្តែង​ម៉េច​បែក​មុខ បែក​ភ្នែក​អ៊ីចឹង​?​។ ទោះជា​យ៉ាងណាក្តី ខ្ញុំ​ចង់​ប្រកួត លក្ខណៈ​បែបនេះ​សប្បាយ និង​ទទួលបាន​ប្រាក់​ច្រើនជាង​ការប្រកួត​ធម្មតា​»​។​

​ដោយឡែក ឈុត សេរី​វ៉ាន់​ថង បាន​យកឈ្នះ ឡុង ជិន នៅ​វគ្គ​ជម្រុះ ​៣ ​ទឹក រួច​បាន​បន្ត​យកឈ្នះ​លើ ម៉ន សា​ម៉េ​ត ដោយ​ពិន្ទុ​ទៀត នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក ក្នុងការ​ប្រកួត​ម៉ា​រ៉ា​តុង​ដណ្តើម​ប្រាក់​លាន ទម្ងន់ ​៦០ ​គីឡូក្រាម រីឯ ធឿន ធារ៉ា បាន​ទាត់​ឱ្យ ថៃ រិទ្ធី ខូច​ជើងឆ្វេងត្រឹម​ទឹក​ទី​១ និង​បាន​បន្ត​ផ្តួល ឈឿន ល្វៃ ឱ្យ​សន្លប់​ធំ នៅក្នុង​ទឹក​ទី​២ ដើម្បី​គ្រង​តំណែង​ជើង​ឯក ការប្រកួត​ដណ្តើម​ប្រា​ក់លាន ទម្ងន់​ ៧១​ គីឡូក្រាម ខណៈ​ការ​ប្រកួត​លើក​នេះ អ្នក​លេខ​ ១ បាន​ ១ ០០០ ​ដុល្លារ ហើយ​អ្នក​លេខ​ ២ បាន ​៦០០ ​ដុល្លារ​។​

​ការប្រកួត ដែលមាន​រូបមន្ត​ប្រកួត​ប្លែក​នេះ នាំឱ្យ​មានការ​​ទាក់ទាញ​គាំទ្រ​ខ្លាំង ពី​មហាជន ​គឺមាន​អ្នកទស្សនា​តាម​អន​ឡាញ កើនឡើង​ជាង​ ៤ ​ដង ខណៈដែល​ខាង​ស្ព​ន​ស័​រ​សប្បាយចិត្ត និង​បន្ត​ការគាំទ្រ​។​

​លោក ជួប វុត្ថា អ្នកគ្រប់គ្រង​កម្មវិធី​ប្រដាល់​ប្រចាំ​សង្វៀន​ថោ​នបាន​និយាយថា​៖ «​កម្មវិធី​ដ៏​ប្លែក​នេះ មាន​អ្នកគាំទ្រ​ច្រើនណាស់ ក្នុងនោះ​ពេល​កំពុង​ផ្សាយ​ផ្ទាល់ តាម​ផេ​ច​ហ្វេ​ស​ប៊ុ​កមាន​អ្នក​ចូល​មើល​ដល់​ទៅ 23k ហើយ​នៅពេល​ចប់​ការប្រកួត មាន​អ្នកទស្សនា​ដល់​ជិត​កន្លះ​លាន​នាក់ គឺ​កើនឡើង​ជាង ​៤ ​ដង បើ​ប្រៀបធៀប​ជាមួយ​ការប្រកួត​បែប​ធម្មតាៗ កាលពី​សប្តាហ៍​មុនៗ​»​។​

​ជាមួយគ្នានេះ លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរបាន​ថ្លែងថា​៖ «​កម្មវិធី​នេះ គេ​រៀបចំ​បានល្អ ព្រោះ​ប្រជុំ​ដោយ​កីឡាករ​ខ្លាំងៗ​។ យើង​គាំទ្រ​ការប្រកួត​រូបមន្ត​ថ្មី​ប្លែក​នេះ ដែលជា​ការប្រកួតប្រជែង​ផ្នែក​ទីផ្សារសេរី ខណៈ​សកម្មភាព​ប្រកួត​កីឡា ជា​លក្ខណៈ​កម្សាន្ត ប៉ុន្តែ​គោរព​តាមច្បាប់ និង​លក្ខ​​ខណ្ឌ​ប្រកួត​របស់​ប្រភេទ​កីឡា​នីមួយៗ អ៊ីចឹង​ខ្ញុំ​បន្ត​គាំទ្រ​កម្មវិធី​ម៉ាស​ហ្វៃ​»​។​

​ទន្ទឹម​ជាមួយគ្នានេះ លោក ជឹម សុ​ផា តំណាង​អ្នក​ឧបត្ថម្ភ​កម្មវិធី​ប្រដាល់​នេះ និយាយថា​៖ «​កម្ម​វិធី​ប្រកួត នៅ​សង្វៀន​ថោ​ន​នេះ មានការ​គាំទ្រ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា និង​ផលិតផល​ក្រុមហ៊ុន​ជីបម៉ុង ហើយ​ក្នុង​រយៈ​​ពេល ​២ ​ឆ្នាំ​កន្លងមកនេះ ទទួល​​បាន​គាំទ្រ​ពី​មហាជន​ច្រើនជាងគេ ដូច្នេះ​យើង​នៅតែ​គាំទ្រ​បន្តទៅទៀត ដើម្បី​រួមចំណែក​ជួយ​លើកស្ទួយ​វិស័យ​កីឡា ទាំង​ប្រដាល់​គុន​ខ្មែរ និង​ប្រដាល់​ម៉ាស​ហ្វៃ នៅ​កម្ពុជា​»៕