ភ្នំពេញៈ កីឡាករ​ជម្រើសជាតិ​ប្រដាល់សកល​កម្ពុជា វី ស​ម្ភ​ស្ស ដែល​បាន​រងរបួស​ដៃ និង​បោះ​​បង់​ការប្រកួត​ក្រោម​ទម្ងន់​ជើង​របស់ លន បញ្ញា សម្រាប់​ការប្រកួត​គុន​ខ្មែរ​អ​ល​ស្តារ កាល​​ពីថ្ងៃ​ពុធ​នោះ នៅតែ​អាច​ប្រើ​ជំនាញ​ប្រដាល់សកល យកឈ្នះ​លើ សែត សា​រឹត ដើម្បី​សម្រេចការ​ឈ្នះ​បាន​៣​ពិន្ទុ ជា​លើកដំបូង ក្នុងការ​ប្រកួត​ដណ្តើម​ប្រា​ក់លាន ពីថ្ងៃ​អាទិត្យ​។​

​វី ស​ម្ភ​ស្ស ដែលមាន​បញ្ហា​សុខភាព​បន្តិចបន្តួច មុនពេល​ប្រកួត ប៉ុន្តែ​ពេល​ប្រកួត​ជាក់​ស្តែង​គឺ​វ៉ៃ​បានល្អ​ណាស់​។ ទម្រង់​វ៉ៃ​ចេញ​បានល្អ និង​សមត្ថភាព​លេចធ្លោ​នេះ ធ្វើឱ្យ វី ស​ម្ភ​ស្ស ត្រូវបាន​គេ​សន្និដ្ឋាន និង​ព្យាករ​ថា អាច​នឹង​ឈានដល់​គោល​​ដៅតាម​ការតាំង​ចិត្ត គឺ​ឈ្នះ​ប្រាក់​លាន​នេះ​។​

​នៅក្រោយពេល​ប្រកួត​ចប់ វី ស​ម្ភ​ស្ស បាន​និយាយថា​៖ «​ខ្ញុំ​សប្បាយចិត្ត​ខ្លាំងណាស់ ដោយ​យកឈ្នះ​បាន​ ១​ លើក គឺ​នៅសល់​ពីរលើក​ទៀត ទើប​ឆ្លង​ទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​។ ជ័យជម្នះ​នេះ ខ្ញុំ​ប្រើ​បច្ចេកទេស​វ៉ៃ​ចូល​លឿន និង​គេចចេញ​លឿន គឺ​ខ្ញុំ​ធ្វើ​បានល្អ និង​បាន​ជ័យជម្នះ ចំណែក​ដៃគូ​របស់ខ្ញុំ គេ​ក៏​ល្អ មិនអាច​មើលងាយ​បានទេ​»​។​

​ដោយឡែក កីឡាករ ទូច ដេវីត បាន​បន្ត​យកឈ្នះ​លើ​កីឡាករ ម៉ាង ព្រហ្ម​ម៉ាញ ហើយ​ការ​​បន្ត​ឈ្នះ​បាន​៣​ពិន្ទុ​ពី ព្រហ្ម​ម៉ាញ ក្រោម​ការប្រកួត​យ៉ាង​ស្វិត​​ស្វា​ញ បន្ថែម​ទៅលើ​ការ​ឈ្នះ​ពិន្ទុ សែត សា​រឹត នេះ បានបង្ហាញ​ឱ្យឃើញថា ទូច ដា​វីត មានឱកាស​ស្ទើ ​១០០ ​ភាគរយ​ទៅហើយ ក្នុងការ​ឡើងទៅ​ឈរ​ចាំ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​ម្នាក់ទៀត ត្រូវបាន​គេ​គិតថា អាចជា វី ស​ម្ភ​ស្ស នេះ​តែម្តង​។​

​ទូច ដេវីត បាន​និយាយថា​៖ «​ការប្រកួត​ជាមួយនឹង ម៉ាង ព្រហ្ម​ម៉ាញ មានការ​លំបាក​ដែរ ព្រោះ​គាត់ ខ្លាំង និង​ចេញ​អាវុធ​ធ្ងន់ៗ​។ បន្ថែម​លើ​នេះ ខ្ញុំ​បាន​ដំឡើង​ទម្ងន់ ទៅ​វ៉ៃ​ទម្ងន់ ៦៣,៥​គីឡូក្រាម​បែបនេះ រឹតតែ​ពិបាក ព្រោះ​ទម្ងន់​ពិត​របស់ខ្ញុំ មិន​ដល់​ទេ ប៉ុន្តែ​ដោយសារតែ​តម្រូវការ ព្រមទាំង​ការ​ខំប្រឹង​ហ្វឹកហាត់ និង​ប្រកួត ដោយ​អស់ពី​សមត្ថភាព ទើប​អាច​ឈ្នះ​»​។​

​សម្រាប់​ការដាក់ឱ្យ​កីឡាករ​ជម្រើសជាតិ​ទាំង ​៤ ​នាក់ ឱ្យ​ប្រកួត​ដណ្តើម​ប្រាក់​លាន ដើម្បី​រក​អ្នក​បាន​លេខ ​១ និង ​២ ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ យកប្រាក់​៣​លាន​នេះ លោក ប៊ុ​យ សុ​ភ័​ណ្ឌ ជា​អ្នកគ្រប់គ្រង​កម្មវិធីបាន​និយាយថា ការប្រកួត​នេះ មាន​លក្ខណៈ​ស្វាហាប់ និង​មាន​បច្ចេកទេស​ល្អ ដោយ​វ៉ៃ​អស់ពី​សមត្ថភាព ទោះបីជា​ពួកគាត់ ជា​ក្រុម​ជម្រើសជាតិ ក្នុង​ដំបូល​តែមួយ​ក៏ដោយ​។​

​អគ្គលេខាធិការ​សហព័ន្ធ​កីឡា ប្រដាល់សកល​កម្ពុជា ប៊ុ​យ សុ​ភ័​ណ្ឌ បាន​បន្ថែមថា​៖ «​សហព័ន្ធកំពុងតែ​ទំនាក់ទំនង​តាម​ស្ថានីយទូរទស្សន៍ ដែលមាន​សង្វៀន​ប្រកួត ដើម្បី​ដាក់ឱ្យ​មានការ​ប្រកួត​ប្រដាល់សកល នៅ​ចុង​សប្តាហ៍ សម្រាប់​ក្រុម​ជម្រើសជាតិ បាន​ឱកាស​ពង្រឹងសមត្ថភាព​ឆ្ពោះ ទៅ​កម្មវិធី​ស៊ី​ហ្គេមខាងមុខ ហើយ​នៅក្រោយ​ដំណាច់ឆ្នាំ​ ២០២១ ​នេះ ប្រដាល់សកល នឹង​ទទួលបាន​ការប្រកួត​នៅតាម​ស្ថានីយមួយចំនួន ជាមិនខាន​»៕