ភ្នំពេញៈ ក្រោម​ការខិតខំ​ហ្វឹកហាត់ ដោយបាន​ឆ្លងកាត់​ហានិភ័យ​ជា​បន្តបន្ទាប់ នៅក្នុង​របត់​នៃ​ជំងឺ​កូ​វីដ ​១៩ ក្រុម​គុន​​ល្បុក្កតោ​កម្ពុជា បាន​រកឃើញ​ជោគជ័យ​កាន់តែ​ធំ ដោយ​ពួកគេ​បានឈ្នះ​មេដាយមាស​ចំនួន ៣ និង​ប្រាក់ ២ ទៀត ពី​ការប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ពិភពលោក ឈ្មោះថា The 2021 International Martial Arts Contest ដែល​រៀបចំ​ដោយ​ស្ថាប័ន​យុទ្ធ​គុន​ចម្រុះ​ពិភពលោក (WoMAU) តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​។​

​លោក អ៊ូ តារា អគ្គលេខា​​ធិ​ការរង សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជាបាន​ប្រាប់ថា​៖ «​កីឡាករ​កីឡាការិនី​គុន​ល្បុក្កតោ​កម្ពុជា ប្រជែង​ឈ្នះ​មេដាយមាស ៣ និង​មេដាយប្រាក់​ ២ ពី​ព្រឹត្តិការណ៍​នេះ​ដែលមាន​ចំនួន ​១២ ​ប្រទេស​ចូលរួម គឺ​ឡាវ​, អេ​ហ្ស៊ី​ប​, វៀតណាម​, ឥណ្ឌា​, ​អ៊ូ​ស​បេ​គី​ស្ថាន​, ហ្គា​ណា​, ហ្វីលីពីន​, ម៉ាឡេស៊ី​, អ៊ីរ៉ង់​, សិង្ហ​បុរី​, កូរ៉េ និង​ក​ម្ព​ជា​»​។​

​ទាកទង​នឹង​បែបបទ​នៃ​ការ​ប្រកួត The 2021 international Martial Arts Contest នេះ មាន​កីឡាករ-កីឡា​ការិនី​ចូលរួម​សរុប​ចំនួន ​២២០ នាក់ ហើយ​ការប្រកួតប្រជែង ត្រូវបាន​ធ្វើឡើង តាម​អន​ឡាញ គឺ​មានន័យថា ក្រុម​អត្ត​ព​លិ​ក​តំណាងឱ្យ​ប្រទេស​នីមួយៗ ត្រូវ​សម្តែង​រួច​ថត​ជា​រូបភាព​វីដេអូ ដាក់ជូនទៅ​គណៈ​កម្ម​ការវាយតម្លៃ​ដាក់ពិន្ទុ​តែម្តង​។ ជា​លទ្ធផល ក្រុម​អត្ត​ព​លិ​ក គុន​ល្បុក្កតោ​កម្ពុជា ទទួលបាន​ចំណាត់ថ្នាក់​ល្អ ដោយ​ឈ្នះ​បាន​មេដាយមាស​ ៣ និង​មេដាយប្រាក់​ ២ តែម្តង​។​

​តាម​ការរៀប​រាប់រប​ស់លោក អ៊ូ តារា បានឱ្យដឹងថា សម្រាប់​ការប្រកួត The 2021 International Martial Arts Contest នេះ កីឡាការិនី យស់ សញ្ច​នា បានឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​ទ្វារ​មេគុន​ដៃ ស្របពេល​កីឡាករ ធួន ណារ៉ាក់ និង វ៉ន សុខ​ស្រីពិសិដ្ឋ បានរួម​គ្នា​ឈ្នះ​មេដាយមាស​ទី​២ លើ​វិញ្ញាសា​មេគុន​ដៃ​ជា​គូ ហើយ​មេដាយមាស​ទី​៣ រកបាន​ដោយ​ការប្រកួត​សម្តែង​ជា​ក្រុម របស់​កីឡាករ គឹម ទិ​ត្យ​សុ​វឌ្ឍន​:, រុន សាលី​ត​, ​ពន្លឺ ពេជ្រ​មរកត​, ​អោក រិ​ទ្ធា​នី​, ​ព្រំ ពេញ​ពិសាល កីឡាករ ឈើ​ន វណ្ណ​រិ​ទ្ធ កីឡាការិនី យស់ សញ្ច​នា និង​កីឡាការិនី ភិរម្យ មន្នី​រ័ត្ន​។​

​ចំណែក​មេដាយប្រាក់​ទាំង​ ២ ​វិញ គឺ​គុន​ល្បុក្កតោ​កម្ពុជា ដណ្តើមបានក្នុងការ​ប្រកួត​សម្តែង​ទ្វារ​មេគុន​ដៃ​របស់​កីឡាករ ពេជ្រ ពន្លឺ និង​លើ​វិញ្ញាសា​សមយុទ្ធ​ដៃគូ​របស់​កីឡាការិនី​ស៊ិន សៀវ​ស៊ាន និង​កីឡាករ អៃ សំ​អ៊ុន​។​

​លោក​ វ៉ា​ត់ ចំរើន អគ្គលេខា​​ធិ​ការសហព័ន្ធ​កីឡា​គុន​ល្បុ​ក្កតោ​កម្ពុជាបាន​ថ្លែងថា​៖ «​ការ​ប្រកួត​យុទ្ធ​គុន​ចម្រុះ​ពិភព​លោក តាម​ប្រព័ន្ធ​អន​ឡាញ ក្រោម​ការរៀបចំ​របស់​ស្ថាប័ន​យុទ្ធ​គុន​ចម្រុះ​ពិភពលោក​នេះ កម្ពុជា​តែងតែបាន​ចូលរួម​ជា​រៀងរាល់ឆ្នាំនៅ​សាធារណ​​រដ្ឋ​កូរ៉េ គឺ​ក្រុម​កីឡាករ​-កីឡា​ការិនី​ល្បុក្កតោ ដែលជា​កីឡា​ប្រពៃណី​របស់​យើង បាន​ទៅ​ចូលរួម​នៅ​ទីតាំង​ប្រកួត​ផ្ទាល់ ប៉ុន្តែ​នៅ​ឆ្នាំ ​២០២១ ​នេះ ដោយ​​សារ​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ ការរៀបចំ​ការប្រកួត គឺធ្វើឡើង​តាម​អន​ឡាញ​»​។​

​លោក វ៉ា​ត់ ចំរើន ដែលជា​អគ្គលេខាធិការ CAMSOC ផង​នោះ បាន​ប្រាប់​បន្ថែមថា​៖ «​កន្លងមក​កម្ពុជា ធ្លាប់​ឈ្នះ​មេដាយមាស​ម្តង​ហើយ ហើយ​ពេលនេះ កម្ពុជា​យើង​ឈ្នះ​មេ​ដាយ​មាស​ជាថ្មី​ម្តងទៀត ដែល​នេះ ជា​កិត្តិយស ដ៏​ធំធេង សម្រាប់​គុន​ល្បុក្កតោ​កម្ពុជា និង​ជាការ​ផ្សព្វផ្សាយ​គុន​ល្បុ​ក្ក​​តោ ទៅកាន់​ពិភពលោក​ផងដែរ ដោយ​កម្ពុជា​តែងតែ​ជំរុញ​ការ​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំ​​ទូលាយ​ជា​អន្តរជាតិ​»៕

វីដេអូ៖