
ម្ចាស់មេដាយមាស ធៀង សុចិត្ត្រា និងកីឡាការិនីម្ចាស់មេដាយប្រាក់ គង់ ម៉ូណាជេស៊ីកា ពេលថតជាមួយថ្នាក់ដឹកនាំ និងគ្រូបង្វឹក ក្រោយការប្រកួត បានបញ្ចប់។ រូប សហការី
ភ្នំពេញ៖ កីឡាករ ជា វ៉ាន់សាន្ត និង ធៀង សុចិត្ត្រា ដែលជាអ្នកនិយមហាត់ក្បាច់គុនកីឡាហាប់គីដូ បានឈ្នះមេដាយមាសរៀងៗខ្លួន នៅក្នុងការប្រកួតសម្តែងដាក់ពិន្ទុ ក្នុងព្រឹត្តិការណ៍កីឡាយុទ្ធសិល្ប៍គុនចម្រុះ ពានរង្វាន់សម្តេច ស ខេង លើកទី៤ ឆ្នាំ ២០២១ នៅឯអគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមាហផ្ទៃ។
ជាមួយគ្នានេះ បងប្អូនបង្កើត ជាអ្នកហ្វឹកហាត់ក្បាច់កុនហាប់គីដូ តាំងពីកុមារភាព គឺកីឡាករ គង់ ម៉ូណាមិថុរ៉ា និងកីឡាការិនី គង់ ម៉ូណាជេស៊ីកា បានទទួលបានមេដាយប្រាក់លើវិញ្ញាសាបង្ហាញក្បាច់ការពារខ្លួន ពីការប្រកួតមិនបើកទូលាយ ដែលបានធ្វើឡើង កាលពីចុងសប្តាហ៍មុននេះដែរ។
ការដណ្តើមបានមេដាយមាស និងមេដាយប្រាក់របស់អត្តពលិកទាំង៤នាក់នេះ បន្ទាប់ពីពួកគេ បានព្យាយាមហ្វឹកហាត់បំប៉នបច្ចេកទេសជាពិសេស ដោយត្រៀមបានចំនួន ១ សប្តាហ៍ជាមួយលោកគ្រូធំ សេង ប៊ុនសុង នៅឯក្លិប Top Team របស់លោកគ្រូ ហ៊ុន ច័ន្ទរាជ នៅបឹងត្របែក។
ក្រុមអត្តពលិកទាំង ៤ នាក់ខាងលើនេះ ទទួលបានលទ្ធផលល្អ ដោយឆ្លងកាត់ការសម្តែងនូវវិញ្ញាសាសំខាន់ៗជាច្រើន ដូចជាប្រើកម្លាំងថាមពល បំបែកដុំឥដ្ឋ និងឧបករណ៍រឹងផ្សេងៗ ព្រមទាំងបង្ហាញក្បាច់ការពារខ្លួន ចំណែកអត្តពលិក ចំនួន ៦ នាក់ទៀត មិនទទួលបានពិន្ទុជាប់ចំណាត់ថ្នាក់នោះឡើយ។

កីឡាករ ជា វ៉ាន់សាន្ត បានថតជាមួយគ្រូធំ លោក សេង ប៊ុនសុង បន្ទាប់ពីរូបគេ ដណ្តើមបានមេដាយមាស។ រូប សហការី
លោក គង់ ចាន់ធីណា ជំនួយការលោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានប្រាប់ថា៖ «ការប្រកួតនេះ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលមានកីឡាប្រភេទប្រយុទ្ធចំនួន ៤ ប្រភេទ គឺកីឡាហាប់គីដូ ការ៉ាតេដូ យូដូ និងកីឡាតេក្វាន់ដូ ប៉ុន្តែខ្ញុំមិនបានដឹងលទ្ធផល ការប្រកួតកីឡាចំនួន៣ប្រភទទៀតនោះទេ ព្រោះការប្រកួតមានការរឹតបន្តឹង មិនបើកទូលាយនោះឡើយ ដោយគោរពតាមគោលការណ៍ បញ្ហាកូវីដ ១៩ របស់ក្រសួងសុខាភិបាល»។
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ លោក គង់ ចាន់ធីណា បានបន្ថែមថា៖ «ខ្ញុំដឹងច្បាស់តែសកម្មភាពហ្វឹកហាត់ និងការឈ្នះមេដាយ សម្រាប់ប្រភេទកីឡាហាប់គីដូប៉ុណ្ណោះ ព្រោះខ្ញុំកាន់ផ្ទាល់»។
លោកថា ជាមួយនឹងលទ្ធផលនេះ អត្តពលិកហាប់គីដូ មានកីឡាករ គង់ ម៉ូណាមិថុរ៉ា បង្ហាញក្បាច់ទាត់ ៣ ប្រភេទ មានទាត់ក្រោម ទាត់ខ្ពស់ និងលោតទាត់ ហើយកីឡាការិនី គង់ ម៉ូណាជេស៊ីកា ជាសិស្សស្រី សម្តែងលើវិញ្ញាសាការពារខ្លួន គឺទទួលបានមេដាយប្រាក់។
ចំណែកកីឡាករ ជា វ៉ាន់សាន្ត ខ្សែក្រវាត់ខ្មៅ ៣ ដាន់ នៅប្រទេសកូរ៉េ ប្រកួតវិញ្ញាសាវាយបំបែកដុំឥដ្ឋ និងឧបករណ៍រឹងផ្សេងទៀត ដោយទទួលបានមេដាយមាស គឺស្រដៀងគ្នាទៅនឹងកីឡាករ ធៀង សុចិត្ត្រា កម្រិតខ្សែក្រវាត់ខ្មៅ ២ដាន់ ដែលឈ្នះមេដាយមាស ពីវិញ្ញាសាដូចគ្នានេះដែរ។
លោកឧត្តមសេនិយ៍ឯក ម៉ក់ សំអុល ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ បានថ្លែងថា៖ «សកម្មភាពប្រកួតនេះ គឺបានដាស់រំឭកធ្វើឱ្យអត្តពលិកយើង មានភាពរីកចម្រើនខាងកម្លាំងកាយ និងវិជ្ជាគុន ព្រោះបើគ្មានសកម្មភាពប្រកួតសម្តែងនេះទេ គឺអត្តពលិក នឹងមានកម្រិតបច្ចេកទេសធ្លាក់ចុះ»។

លោកបានបន្ថែមថា៖ «ការប្រកួតនេះ ក្រោមការគ្រប់គ្រងដឹកនាំរបស់ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ និងមានការចូលរួមពីលោកព្រឹទ្ធាចារ្យ សេង ប៊ុនសុង ជួយបង្ហាត់បន្ថែមផ្នែកទេព្យកោសល្យ និងក្បាច់គុន បានធ្វើឱ្យហាប់គីដូ បន្តសកម្មភាព ទោះស្ថិតក្នុងសម័យវិបត្តិនៃជំងឺកូវីដ ១៩ ក៏ដោយ»។
លោកគ្រូ សេង ប៊ុនសុង អតីតប្រធានសហព័ន្ធកីឡាខ្មែរហាប់គីដូ ផងនោះ នៅតែព្យាយាមចុះពង្រឹងទេព្យកោសល្យក្បាច់គុន ដល់អត្តពលិក តាមបណ្តាក្លិបគុនចម្រុះ ជាប្រចាំ ជាពិសេសក្លិបក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប និងនៅសមាគមកីឡាប្រយុទ្ធក្នុងក្រសួងមហាផ្ទៃ។
លោកគ្រូ សេង ប៊ុនសុង មានប្រសាសន៍ថា៖ «ខ្ញុំធ្លាប់ជាកីឡាករ និងធ្លាប់ជាគ្រូបង្វឹកហាប់គីដូនេះ ច្រើនឆ្នាំមកហើយ ហើយអ្វីដែលជាក្តីប្រាថ្នារបស់ខ្ញុំ គឺចង់លើកស្ទួយក្បាច់គុនហាប់គីដូ ឱ្យមានវត្តមាន ក្នុងព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិ ក្នុងពេលខាងមុខ ដែលអាចធ្វើទៅបាន»៕