
កីឡាករ អ៊ុង វិរៈ និងកីឡាករ Van Der Mullen ដែលជាដៃគូចាស់មកពីប្រទេសហូឡង់។ រូបថត សហការី
ភ្នំពេញៈ កីឡាករទម្ងន់ធ្ងន់ អ៊ុង ភារ៉ាក់ ដែលគេស្គាល់ថា ជា អ៊ុង វិរៈ របស់ក្លិបបញ្ជាការដ្ឋានកងទ័ពពិសេស ត្រូវដាក់ឱ្យប្រកួតសងសឹកជាមួយដៃគូចាស់មកពីប្រទេសហូឡង់ Van Der Mullen ក្នុងទម្ងន់ ៨៨ គីឡូក្រាម នៅលើសង្វៀនថោន ថ្ងៃអាទិត្យនេះ ចំណែកការគូប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន ប្រចាំសប្តាហ៍នេះ សុទ្ធតែជាឆ្នើម មានប្រជាប្រិយបំផុត គឺកីឡាករ រិន ដេវីត, អ៊ូច ធារិទ្ធ, ភួន ឡាំងកូស៊ីន និង ជើងថ្មី ធន់ វណ្ណា។
តាមប្រវត្តិ អ៊ុង វិរៈ ធ្លាប់បានចាញ់ Van Der Mullen ក្នុងការប្រកួតលក្ខណៈប្រដាល់គុនខ្មែរ ប៉ុន្តែលើកនេះ អ្នកទាំង ២ ត្រូវដាក់ឱ្យប្រកួតម៉ាសហ្វៃ ដែលប្រើពេលតែ ១ ទឹក មានរយៈពេលចំនួន ៩ នាទី ហើយភាគីទាំង ២ សុទ្ធតែមិនទាន់មានភាពជឿជាក់ក្នុងការស្វែងរកជ័យជម្នះ ដោយការផ្តួលគ្នាឱ្យសន្លប់។
លោក ឡៅ ស៊ីណាត គ្រូជំនួយ និងជាសិស្សច្បងរបស់កីឡាករ អ៊ុង វិរៈ ប្រាប់ថា៖ «យើងលំបាកព្យាករណាស់ ព្រោះកីឡាករទម្ងន់ធ្ងន់ នៅពេលដែលវ៉ៃចូលគោលដៅល្អដូចគ្នា គឺអាចនឹងឆាប់សន្លប់ណាស់ ដ្បិតអីទាំងការវ៉ៃចេញ ស្នៀតទាត់ក្តី កណ្តាប់ដៃក្តី ឬជង្គង់ក្តី សុទ្ធតែធ្ងន់ៗដូចគ្នា។ ខ្ញុំមានការព្រួយបារម្ភ ដោយរំពឹងឈ្នះត្រឹម ៥០ ភាគរយប៉ុណ្ណោះ ដោយសារកម្លាំងគេល្អជាង ហើយកម្ពស់របស់ Van Der Mullen មានកម្ពស់ដល់ ១,៩០ ម៉ែត្រ ចំណែក អ៊ុង វិរៈ បានតែ ១,៧៥ ម៉ែត្រប៉ុណ្ណោះ»។
ចំណែក លោក ជា សារ៉ាក់ គ្រូបង្វឹកកីឡាករហូឡង់ Van Der Mullen ដែលមានក្លិបនៅខេត្តសៀមរាប បាននិយាយថា៖ «ប្រសិនបើការប្រកួតលក្ខណៈគុនខ្មែរដូចមុនៗ គឺសង្ឃឹមឈ្នះច្រើន ប៉ុន្តែក្នុងម៉ាសហ្វៃ មិនហ៊ាននិយាយមុនទេ ព្រោះជាក់ស្តែងទម្ងន់ធ្ងន់ អាចអស់កម្លាំងនៅពាក់កណ្តាលផ្លូវ។ តែទោះយ៉ាងណា ខ្ញុំរំពឹងថា Van Der Mullen អាចនឹងមានសង្ឃឹមឈ្នះ ៨០ ភាគរយ»។
ដោយឡែក ការប្រកួតដណ្តើមប្រាក់លាន ដែលមានវត្តមានកីឡាករ រិន ដេវីត មកពីនាគរាជចតុមុខ, អ៊ូច ធារិទ្ធ របស់ក្លិបអាណាចក្រគុនខ្មែ, ភួន ឡាំងកូស៊ីន មកពីខេត្តបន្ទាយមានជ័យ និងជើងថ្មី ធន់ វណ្ណា របស់សមាគមប្រដាល់កងយោធពលខេមរភូមិន្ទ គឺសុទ្ធតែជាកំពូលអ្នកប្រដាល់ ដែលកំពុងមានប្រិយភាព ខណៈសមត្ថភាព គឺប្រហាក់ប្រហែលគ្នា។

លោក ធន់ សុភា គ្រូបង្វឹក ធន់ វណ្ណា និយាយថា៖ «ក្នុងចំណោមកីឡាករ៣នាក់ ដែលត្រៀមចាប់ឆ្នោតប្រកួតគ្នានេះ គឺវត្តមានរបស់ រិន ដេវីត ជាឧបសគ្គធំជាងគេ ហើយក្រៅពីនេះមាន ភួន ឡាំងកូស៊ីន និង អ៊ូច ធារិទ្ធ លំបាកមធ្យមទេ។ រិន ដេវីត ធ្លាប់ឈ្នះម្តងម្នាក់ជាមួយ ធន់ វណ្ណា ហេតុនេះប្រសិនបើចាប់ឆ្នោតមិនជួបគ្នាទេ គឺធានាឈ្នះតែម្តង»។
ចំណែក អ៊ួច ធារិទ្ធ បាននិយាយថា៖ «នៅក្នុងចំណោម៣អ្នក ដែលត្រៀមប្រកួតគ្នានេះ បើប៉ះ រិន ដេវីត គឺលំបាកឈ្នះណាស់ ព្រោះជង្គង់គេធ្ងន់ និងរបៀបវ៉ៃ គេលឿន មិនងាយវ៉ៃត្រូវទេ។ ខ្ញុំហាត់ត្រៀមបានល្អ ប៉ុន្តែក្តីបារម្ភ គឺប៉ះជាមួយ រិន ដេវីត នេះតែម្តង ចំណែក ធន់ វណ្ណា និង ភួន ឡាំកូស៊ីន ខ្ញុំមិនសូវបារម្ភទេ»។
យ៉ាងណាក៏ដោយចំពោះ រិន ដេវីត រំពឹងឈ្នះតែ ៥០ ភាគរយទេ ដោយគេបានបញ្ជាក់ថា បេក្ខភាព៣នាក់ទៀតក៏ជាជើងខ្លាំងៗ អ៊ីចឹងសំខាន់ ចាំពេលប្រកួត ទើបដឹងច្បាស់។ ជាមួយគ្នានេះ តាមគណៈកម្មការផ្គូផ្គង គឺនៅក្នុងចំណោមអ្នកទាំង ៤ នេះ អ៊ូច ធារិទ្ធ មានបទពិសោធប្រកួតច្រើនជាងគេ៕