​ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បានប្រកាស​រៀបចំ​ទិវា​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ​សៀមរាប លើក​ទី​២៦ ឆ្នាំ​ ២០២១ ឡើងវិញ ក្រោយ​ស្ថានភាព​ជំងឺ​កូ​វីដ ​១៩ មាន​ភាព​ធូរស្រាល ហើយ​រាជ​រដ្ឋា​ភិ​​បាល​កម្ពុជា ក៏បាន​ប្រកាស​បើក​​ទូលាយ ក្នុង​សកម្មភាព​អាជីវកម្ម​ផ្សេងៗ និង​សកម្មភាព​កីឡា​មហាជន​នានា​ឡើងវិញ ក្នុងពេល​ថ្មីៗ​នេះ​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខា​ធិ​ការ​នៃ NOCC បាន​ថ្លែងថា​៖ «​ក្រោយពី​យើង​ទទួល​បានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​នោះ ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នេះ​នឹង​គ្រោង​ធ្វើ​វិញ នៅ​ថ្ងៃទី ​១៩ ខែ ធ្នូ ឆ្នាំ ​២០២១ ប៉ុន្តែ​ត្រូវធ្វើ​ក្នុង​លក្ខណៈ​ដោយ​ប្រុងប្រយ័ត្ន និង​គោរព​តាម​គោលការណ៍​ក្រសួង​សុខា​​ភិ​បាល​»​។​

​លោក​បាន​បន្តថា ប្រភេទ​កីឡា​មួយ​នេះ រៀបចំឡើង​មាន​ផលចំណេញដោយ​អ្នក​ចូលរួម​បាន​បរិច្ចាគ​នូវ​ថវិកា​ចូលរួម​ផង និង​បរិច្ចាគ សម្រាប់​មូល​និ​ធី​ជួយ​សង្គម​ផង ហើយ​កន្លងមក​ព្រឹត្តិការណ៍​នេះ ធ្លាប់មាន​អ្នក​ចូលរួម​ជាង ​១ ​ម៉ឺន​នាក់ ដែលមាន​អ្នករត់​មកពី​ទ្វីប​ទាំង ​៥ នៅលើ​ពិភពលោក​។ ចំណែក​លើក​នេះ តាម​ការសន្និដ្ឋាន អាចមាន​អ្នកចូលរួម​ច្រើនជាង​គម្រោង​ប៉ុន្តែ​កម្មវិធី​តម្រូវ និង​មាន​គោល​​ដៅ មិនឱ្យ​អ្នកចូលរួម​លើស ២ ៥០០ ​នាក់​នោះទេ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​បញ្ហាសំខាន់ គឺ​អ្វីៗ​ត្រូវបាន​កាត់បន្ថយ ដូចជា​កម្មវិធី​ជប់លៀង​កម្មវិធី​ជួបជុំគ្នា រួម​ជាមួយនឹង​កម្មវិធី មិនចាំបាច់​មួយចំនួនត្រូវបាន​លុបចោល​។ រីឯ​អត្ត​ព​លិ​ករ​ត់​ប្រណាំង​ត្រូវបាន​ត្រួតពិនិត្យ​ឱ្យ​ប្រាកដថា បាន​ចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន​រួចរាល់​។ មិនតែប៉ុណ្ណោះ យើង​ត្រូវ​រៀបចំ​ធ្វើតេស្ត មុននឹង​ចូល​ទីលាន​រត់ប្រណាំង ហើយ​រក្សា​គម្លាត ​១,៥០ ​ម៉ែត្រ​ពីគ្នា ដោយ​តម្រង់​ជួរ​វែង តែ​រត់តាម​ក្រុម​ចម្ងាយ​ផ្លូវ​ដែល​បានកំណត់​»​។​

​លោក ចំរើន បាន​បញ្ជាក់ថា​៖ «​អ្នកចូលរួម​រត់ប្រណាំង ត្រូវបាន​កំណត់​យកតែ​ប្រជាពលរដ្ឋ​កម្ពុជា និង​ជនបរទេស ដែល​កំពុងតែ​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ន គឺ​មិន​អនុញ្ញាតឱ្យ​ជនបរទេស​មក​ថ្មី​ទេ គឺ​ទាំង​អ្នករត់​ជនជាតិ​កម្ពុជា និង​ជន​​បរទេស រក្សា​ចំនួន​តែ ​២ ៥០០ ​នាក់​ប៉ុណ្ណោះ​។ បន្ថែម​ពីលើ​នេះ យើង​តម្រូវឱ្យ​ពាក់​ម៉ាស់ គឺ​មុន​ចេញដំណើរ ត្រូវ​ពាក់​ម៉ាស់​រហូតដល់​រយៈ​ចម្ងាយ ​២០០ ​ម៉ែត្រ ទើប​អនុញ្ញាតឱ្យ​ដោះ​ម៉ាស់​ចេញ​វិញ​។ ជាមួយគ្នានេះ ការថែទាំ​សុខភាព និង​ប្រព័ន្ធ​រក្សា​សុវត្ថិ​ភាព ត្រូវ​រៀបចំ​ឱ្យមាន​សុវត្ថិ​​ភាពល្អ គឺ​ធានាបាន មិនអាច​ឆ្លង​កូ​វីដ ​១៩»​។​

​ចំណែក លោក សែម ផល្លា នាយក​គ្រប់គ្រង​កម្មវិធីបាន​ប្រាប់ថា គណៈកម្មការ​សម្រេច​ផ្ដល់​អាទិភាព​ដល់​កីឡាករ​-កីឡា​ការិនី ដែល​បាន​ចុះឈ្មោះ​រត់​ប្រណាំង កាលពី​ឆ្នាំ​កន្លង គឺ​ឆ្នាំ ​២០២០ ដោយ​ផ្ទៀងផ្ទាត់​ឈ្មោះថា នរណា​ខ្លះ​បោះបង់ចោល និង​នរណា​ខ្លះ​បន្ត​ចុះឈ្មោះ គឺ​ក្នុង​ចំនួន​តែ ២ ៥០០ នាក់ ចំណែក​ពេលវេលា​ចុះឈ្មោះ​ផ្ទៀងផ្ទាត់​ឡើងវិញ ចាប់​អនុវត្ត​តាំងពី​ទី​ ២៣ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី ​១ ខែ ធ្នូ ឆ្នាំ ​២០២១ ហើយ​ការសម្រេច​ជា​ស្ថាពរ សម្រាប់​ឈ្មោះ​អ្នករត់​ប្រណាំង គឺ​ត្រឹម​ថ្ងៃទី ​៤ ដល់​ថ្ងៃទី ​២២ ខែ វិច្ឆិកា ឆ្នាំ ​២០២១​។​

​សម្រាប់​កន្លែង​ចុះឈ្មោះ​នៅ​កម្ពុជា អាច​ចុះឈ្មោះតាម​អាសយដ្ឋាន ផ្ទះ​លេខ ​79CE0,​ផ្លូវ​លេខ​ ១៥៥ សង្កាត់​ទួល​​ទំពូង ​១ ខណ្ឌចំការមន ឬ​តាម​ទូរស័ព្ទ​ទំនាក់ទំនង ០២៣ ២១៣ ៥២៥/០១៥ ២១៣ ៥២៥/០៦៩ ២១៣ ៥២៥ និង​តាម​គេហទំព័រ WWW.cambodia-event_org ឬ ចុះឈ្មោះ​តាម​អ៊ី​មែ​ល reg@cambodia-event.org៕

វីដេអូ៖