
ភ្នំពេញៈ អ្នកប្រដាល់ចាស់វស្សា មិនសូវមានវត្តមានឡើងប្រកួតច្រើននៅលើសង្វៀន មឿន សុខហ៊ុច ដែលបានប្តូរមកនៅក្លិបនាយកដ្ឋានអង្គរក្ស ជាមួយលោកគ្រូបង្វឹក ស៊ន អេលីត នោះ ត្រូវបានគណៈកម្មការផ្គូផ្គងសង្វៀន PNN ដាក់ឱ្យប្រកួតក្នុងកម្មវិធី One Strike ជាមួយកីឡាករ សូត្រ ប៊ុនធី មកពីក្លិបបក្សីស្លាបដែកនៃសមាគមប្រដាល់ក្រសួងមហាផ្ទៃ ក្នុងប្រភេទទម្ងន់ ៦៥ គីឡូក្ម នៅថ្ងៃអាទិត្យ។
បើនិយាយពីសមត្ថភាព និងបទពិសោធ មឿន សុខហ៊ុច ជាកីឡាករចាស់វស្សា និងធ្លាប់ឈ្នះខ្សែក្រវាត់ផងដែរ ប៉ុន្តែបញ្ហាវ័យកាន់តែចាស់នោះ នាំឱ្យការប្រកួតរបស់គេធ្លាក់ចុះ ហើយត្រូវបានកីឡាករជំនាន់ក្រោយស្ទុះឡើងតាមទាន់។ ចំណែក សូត្រ ប៊ុនធី ដែលជាសិស្សប្អូនជំនាន់ក្រោយ បានវិវឌ្ឍខ្លួនដោយមានសមត្ថភាពឈានមកដល់លំដាប់គូឯក និងសាងភាពល្បីល្បាញ។
បន្ថែមលើនេះ សូត្រ ប៊ុនធី បានឡើងប្រកួតជាប្រចាំ ដែលធ្វើឱ្យចំនួននៃការប្រកួតផ្លូវការរបស់គេច្រើនជាង មឿន សុខហ៊ុច ទៅទៀត ហេតុនេះការវិលមកជួបគ្នារបស់អ្នកទាំង ២ ក្នងកម្មវិធី One Strike ដែលមាន ២ ទឹក ១ ទឹកមាន ៧ នាទី នៅសង្វៀន PNN នាថ្ងៃអាទិត្យខាងមុខ មានការទាក់ទាញ និងចាប់អារម្មណ៍ខ្លាំងពីមហាជន។
តាមស្តិតិប្រកួតជាផ្លូវការ កីឡាករ មឿន សុខហ៊ុច ប្រកួតបាន ១៦៨ ដង ឈ្នះ ១១៤ ដងចាញ់ ៤៨ ស្មើ ៦ ដង ក្នុងនោះបានផ្តួលដៃគូឱ្យសន្លប់បានចំនួន ១៩ ដង។ ចំណែក សូត្រ ប៊ុនធី ប្រកួតបាន ១៩៩ ដង ឈ្នះ ១៤០ ដង ចាញ់ ៥៣ ស្មើ ៦ ដង ហើយក្នុងនោះធ្លាប់ផ្តួលដៃគូឱ្យសន្លប់បាន ៦៩ ដង។
លោក ស៊ន អេលីត គ្រូបង្វឹក មឿន សុខហ៊ុច បាននិយាយថា៖ «សុខហ៊ុច ខកខានមិនសូវបានឡើងប្រកួតញឹកញាប់ទេ ដោយបញ្ហាសុខភាព និងហ្វឹកហាត់មិនបានល្អ ប៉ុន្តែពេលនេះគាត់បានវិលមក ហ្វឹកហាត់វិញ ព្រមទាំងត្រៀមខ្លួន សម្រាប់ការប្រកួតបានល្អ ហើយចំពោះទឹកចិត្តប្រកួតវិញ គាត់មិនដែលចេះបន្ធូរដៃឱ្យដៃគូនោះឡើយ។ តែទោះយ៉ាងណា ខ្ញុំរំពឹងឈ្នះត្រឹម ៥០ភាគរយប៉ុណ្ណោះ ព្រោះ សូត្រ ប៊ុនធី ជំហរខ្ពស់ល្អ កម្លាំងនៅក្មេងជាង និងវ៉ៃបានគ្រប់ស្នៀត»។
ចំណែកលោក សួន ប៊ុនសូត្រ គ្រូបង្វឹក និងជាឪពុករបស់ សូត្រ ប៊ុនធី បាននិយាយថា៖ «ប៊ុនធី វាហាត់ និងឡើងប្រកួតសឹងរាល់សប្តាហ៍ ហើយខ្ញុំរំពឹងថា វាអាចយកឈ្នះ សុខ ហ៊ុច បាន គឺ ៨០ ភាគរយ។ ប៊ុនធី មានប្រៀបជាង សុខហ៊ុច ផ្នែកក្បាច់ឱបឡើងជង្គង់ និងកែង តែវាចាញ់ផ្នែកក្បាច់ទាត់ឆ្ងាយ ប៉ុន្តែការហ្វឹកហាត់ និងឡើងប្រកួតញឹកញាប់ វាមានបទពិសោធល្អ អ៊ីចឹងវាមិនអាចចាញ់ឡើយ ហើយការប្រកួតចំនួន ២ ទឹក ក្នុង ១ ទឹកមាន រយៈពេល ៧ នាទី គឺកម្លាំងរបស់ សូត្រ ប៊ុនធី មានប្រៀបជាង មឿន សុខហ៊ុច»។
ជាមួយគ្នានេះ លោក តាំង លីហួរ មន្ត្រីសម្របសម្រួលប្រចាំនៅសង្វៀន PNN បានប្រាប់ឱ្យដឹងដែរថា សម្រាប់គូនេះ យើងបានសម្រិតសម្រាំងជាគូប្រដាល់ឯកប្រចាំសប្តាហ៍ នៅថ្ងៃអាទិត្យនេះ ឈ្មោះថា One Strike ដែលមានតម្លៃខ្លួនខ្ពស់ ហើយការប្រកួតតាមរូបមន្តប្លែកធ្វើឱ្យមានការទាក់ទាញខ្លាំង គឺបើមិនផ្តួលដៃគូឱ្យសន្លប់ លទ្ធផលត្រូវកំណត់ឱ្យស្មើគ្នា៕