
ក្រុមប្រដាល់ជម្រើសជាតិគុនខ្មែរ និងឃីកបុកស៊ីង បានថតជុំគ្នា នៅស្តាតចាស់។ រូប សហការី
ភ្នំពេញ៖ មន្រ្តីជំនាញរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) និងក្រុមហ៊ុន Cellcard បានចុះទៅសួរសុខទុក្ខ ព្រមទាំងពិនិត្យមើលទីកន្លែងហ្វឹកហាត់ កន្លែងស្នាក់នៅ និងកន្លែងហូបចុក របស់ក្រុមជម្រើសជាតិ នៃសហព័ន្ធកីឡាប្រដាល់ទាំង ៣ មានប្រដាល់គុនខ្មែរ ប្រដាល់សកល និងសហព័ន្ធឃីកបុកស៊ីង ក្នុងគោលបំណងសម្រួចការហ្វឹកហាត់ បំប៉ន ឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម និងត្រៀមធ្វីជាម្ចាស់ផ្ទះស៊ីហ្គេម នៅកម្ពុជា ឆ្នាំ ២០២៣។
សម្រាប់ការចុះទៅពិនិត្យ សហព័ន្ធកីឡាកីឡាប្រដាល់ជាតិ នៅមជ្ឃមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដែលជាទីតាំងគ្រប់គ្រងដោយ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន នេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានថ្លែងថា៖ «កម្មវិធីនេះ ជាទិសដៅរបស់ CAMSOC ក្នុងការពិនិត្យស្វែងរកកន្លែងហ្វឹកហាត់ ទំាងការស្នាក់នៅ ហូបចុក និងអនាម័យ ដោយមានការគាំទ្រពីវិស័យឯកជន ព្រមទាំងមហាមិត្តចិន ផងដែរ»។
«មជ្ឃមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) នេះ ជាទីតាំងដ៏ល្អប្រសើរ សម្រាប់ហ្វឹកហាត់របស់ក្រុមជម្រើសជាតិកីឡាប្រដាល់គុនខ្មែរ កីឡាប្រដាល់សកល និងប្រដាល់ឃីកបុកស៊ីងកម្ពុជា ខណៈដែលសហព័ន្ធកីឡាទាំង ៣ នេះ មានទម្រង់មិនខុសគ្នាឆ្ងាយទេ ហើយក្រុមអត្តពលិកក៏ដូចជាគ្រូបង្វឹក ក៏ចេញពីប្រភពតែមួយដែរ ប៉ុន្តែឃីកបុកស៊ីងមានច្បាប់ប្រកួត ខុសឆ្ងាយពីប្រដាល់គុនខ្មែរ»។

លោក វ៉ាត់ ចំរើន ពេលចុះទៅពិនិត្យ កន្លែងស្នាក់នៅ ហូបចុក និងទីលានហ្វឹកហាត់របស់សហព័ន្ធកីឡាប្រដាល់ទាំង៣។ រូប សហការី
លោក វ៉ាត់ ចំរើន បានបន្ថែមថា៖ «ចំណែកទីលានហ្វឹកហាត់នៅទីនេះ វាសមរម្យសម្រាប់ប្រភេទកីឡាប្រដាល់គុនខ្មែរយើងណាស់ ហើយខ្ញុំកំពុងតែជំរុញ និងមានគម្រោងនាំគ្រូបង្វឹកជនជាតិចិន ដែលមានទេពកោសល្យ និងបទពិសោធល្អ មកជួយកីឡាប្រដាល់ទាំង៣ប្រភេទនេះ។គ្រូបង្វឹកជនជាតិចិន នឹងជួយបណ្តុះបណ្តាលដល់គ្រូបង្វឹក និងកីឡាករកីឡាការិនីកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា នូវបច្ចេកទេ និងបទបញ្ជានៃការប្រកួតឱ្យកាន់តែច្បាស់លាស់ ព្រោះប្រដាល់ឃីកបុកស៊ីង ជាប្រភេទកីឡាថ្មីតែម្តង ដូច្នេះយើងត្រូវខិតខំប្រឹងប្រែង ហ្វឹកហាត់ឱ្យមានគុណភាពល្អ ដើម្បីប្រកួតឱ្យត្រូវតាមបច្ចេកទេស ឈ្នះមេដាយក្នុងស៊ីហ្គេម ឆ្នាំ ២០២២ នៅវៀតណាម និងឈ្នះស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា»។
ចំណែកលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជានាយកមជ្ឃមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) បានប្រាប់ថា៖ «តំាងនាមឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សប្បាយចិត្ត និងគាំទ្រ តាមគំនិតផ្តួចផ្តើមរបស់អគ្គលេខាធិការ CAMSOC វ៉ាត់ ចំរើន ហើយក្នុងនាម ខ្ញុំជានាយកមជ្ឃមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ផងនោះ គឺខ្ញុំយល់ព្រម ១០០ ភាគរយ តាមការចុះពិនិត្យវាយតម្លៃ សម្រាប់ជួយកីឡាសហព័ន្ធទាំង ៣ ឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម ទាំងពីរព្រឹត្តិការណ៍»៕