
រឿង សោភ័ណ្ឌ បានធាក់ទៅលើកីឡាករបរទេស ពេលប្រកួតកន្លងមក ហើយពេលនេះ រូបគេបានវិលមកហ្វឹកហាត់វិញហើយ។ រូប ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ៖ អ្នកលេងកណ្តាប់ដៃធ្ងន់ និងជាម្ចាស់ខ្សែក្រវាត់ចំនួន ៨ ស្ថាប័ន រឿង សោភ័ណ្ឌ ដែលបានឃ្លាតឆ្ងាយពីសង្វៀនជាង ១ ឆ្នាំកន្លះមកហើយនោះ បានប្រកាសចូលហ្វឹកហាត់ ត្រៀមឡើងប្រដាល់វិញ ប៉ុន្តែតាមការអះអាងរបស់ រឿង សោភ័ណ្ឌ មានចេតនាមិនចង់ប្រកួតជាមួយកីឡាករជាខ្មែរគ្នាឯងនោះឡើយ ដោយមានសំណូមពរចង់ប្រកួតជាមួយកីឡាករមកពីបរទេស។
ជាមួយគ្នានេះ តាមការស្ទាបស្ទង់មតិ របស់អ្នករៀបចំកម្មវិធីប្រកួត នៅតាមសង្វៀនមួយចំនួន នៅតែចង់បាន រឿង សោភ័ណ្ឌ មកប្រកួត ព្រោះគេនៅតែមានប្រជាប្រិយភាព ក្នុងស្រទាប់មហាជន និងខាងស្ពនស័រ ប៉ុន្តែលំបាករកដៃគូប្រកួតជាមួយ ព្រោះ រឿង សោភ័ណ្ឌ បានឡើងទម្ងន់រហូតដល់ ៧៥ គីឡូក្រាមឯណោះ។
សិស្សគណក្លិបមកុដរាជសីហ៍ នៃសមាគមប្រដាល់ក្រសួងមហាផ្ទៃ រឿង សោភ័ណ្ឌ ធ្លាប់មានស្នាដៃ ឈ្នះខ្សែក្រវាត់ចំនួន ៨ ស្ថាប័ន និងឈ្នះជើងឯករងជាច្រើនទៀត ចំណែកការខកខានឡើងសង្វៀនប្រកួតរយៈពេលជាងមួយឆ្នាំកន្លះនេះ នាំឱ្យអ្នកទស្សនាភាគច្រើន ចង់ឃើញការប្រកួតរបស់គេជាថ្មី។
រឿង សោភ័ណ្ឌ បាននិយាយថា បញ្ហាខកខានប្រកួត មានមូលហេតុធំៗចំនួន ៣ យ៉ាង ទី១ បញ្ហាកូវីដ១៩ លុកលុយរាតត្បាតខ្លាំង ទី២ គូប្រកួតមានតែកីឡាករខ្មែរគ្នាឯង គឺវ៉ៃមិនស្និទ្ធិ ព្រោះទម្ងន់ប្រហាក់ប្រហែលគ្នា ភាគច្រើន ជាមិត្តភក្តិរាប់អានគ្នាអស់ទៅហើយ ហើយទី៣ មានមុខរបរជួយលក់ដូរ ជាមួយប្រពន្ធទៀតផង។
អ្នកលេងកណ្តាប់ដៃរូបនេះ បានបន្ថែមថា៖ «ខ្ញុំសម្រេចចិត្តចូលហ្វឹកហាត់ឡើងប្រកួតវិញដោយសារក្រសួង ក៏ដូចជារាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យបើកអាជីវកម្មទូលំទូលាយឡើងវិញហើយស្ថានភាពប្រាក់ចំណូលរបស់ខ្ញុំ ក៏លំបាក ហេតុនេះខ្ញុំត្រូវការប្រកួត ដើម្បីប្រាក់ផងដែរ។ ទោះយ៉ាងណា ខ្ញុំពិតជាមិនចង់ប្រកួតជាមួយកីឡាករខ្មែរគ្នាឯងទេ អ៊ីចឹងបើសង្វៀនណា អាចរកដៃគូជាកីឡាករបរទេសបាន គឺខ្ញុំទទួលយល់ព្រមទៅប្រកួតភ្លាម ហើយខ្ញុំក៏សូមអភ័យទោសជាមុនដែរ មិនដឹងសមត្ថភាព និងកម្លាំងរបស់ខ្ញុំ ស៊ូបានកម្រិតណាទេ ព្រោះទម្ងន់បានឡើងដល់ ៧៥ គីឡូក្រាមហើយ»។
ចំណែកលោក គង់ ចាន់ធីណា ប្រធានក្លិប និងជាគ្រូបង្វឹកជំនួសលោកគ្រូ ឈិន ក្វាន់ចៃ ដែលឈឺធ្ងន់ធ្ងរនោះ បាននិយាយថា៖ «រឿង សោភ័ណ្ឌ ពិតជាមកហ្វឹកហាត់ត្រៀមប្រកួតមែនប៉ុន្តែ សោភ័ណ្ឌ វិលមកវិញលើកនេះ ប្រហែលជាមិនទាន់ល្អដូចមុនទេ ព្រោះការខកខានប្រកួតយូរ និងទម្ងន់ឡើងយ៉ាងនេះ គឺកីឡាប្រយុទ្ធ ពិតជាមិនអាចរហ័ស ឬល្អដូចដើមនោះឡើយ»។
យ៉ាងណាក៏ដោយ លោក គង់ ចាន់ធីណា បានបន្ថែមថា៖ «គ្រាន់តែមានដំណឹងថា រឿង សោភ័ណ្ឌ មកហ្វឹកហាត់ ដើម្បីប្រកួត គឺមានសង្វៀនចំនួន ២ ហើយ បានទាក់ទងស្នើសុំឱ្យឡើងប្រកួត ប៉ុន្តែខ្ញុំនឹងបង្វឹកគាត់មួយរយៈពេលទៀត ដើម្បីពង្រឹងបច្ចេកទេស និងកម្លាំងឱ្យល្អ ព្រមទាំងសម្រកទម្ងន់ខ្លះសិន៕