
អ៊ូច ធារិទ្ធ និង ភួន ឡាំងកូស៊ីន ពេលឡើងទទួលប្រាក់រង្វាន់ ក្រោយការប្រកួតផ្តាច់ព្រ័ត្របានបញ្ចប់។ រូបថត ថោន
ភ្នំពេញ៖ កីឡាករមានជំនាញទាំងប្រដាល់សកល និងគុនខ្មែរ អ៊ូច ធារិទ្ធ របស់ក្លិបប្រដាល់អាណាចក្រគុនខ្មែរ បានប្រកួតឈ្នះជើងខ្លាំងចំនួន ២ នាក់ គឺការផ្តួល រិន ដាវីត ឱ្យសន្លប់ ត្រឹមទឹកទី២ ក្នុងវគ្គជម្រុះ និងបន្តយកឈ្នះពិន្ទុ ភួន ឡាំងកូស៊ីន នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីក្លាយជាម្ចាស់ប្រាក់លានចំនួន ៣,៤ លានរៀលជាលើកទី២។
ការរកឃើញជ័យជម្នះយ៉ាងសំខាន់ នៅលើសង្វៀនថោន កាលពីយប់ថ្ងៃអាទិត្យ កន្លងមកនេះ ត្រូវបានគេមើលឃើញថា មានលក្ខណៈតឹងតែងខ្លាំង ហើយ អ៊ូច ធារិទ្ធ ខ្លួនឯង បានអះអាងថា មិននឹកស្មានដល់ ព្រោះវត្តមានរបស់កីឡាករ រិន ដាវីត ជាឧបសក្គធំនោះ ត្រូវបានផ្តួលឱ្យសន្លប់ទឹកទី២។
ចំណែកការបន្តទៅយកឈ្នះលើ ភួន ឡាំងកូស៊ីន នៅវគ្គផ្តាច់ព្រ័ត្រ ក៏ត្រូវបាន អ៊ូច ធារិទ្ធ ចាត់ទុកថា ជាមហាជ័យជម្នះធំបំផុត ព្រោះរូបគេ ធ្លាប់ចាញ់ ឡាំងកូស៊ីន កន្លងមកយ៉ាងគ្រាំគ្រា ហើយអ្វីដែលស្មានមិនដល់ គឺកំពូលជើងខ្លាំងទាំងពីរនេះ ជាកីឡាករលំដាប់ខ្លាំង លំបាកទប់ទល់ តែយកឈ្នះបានទាំងអស់។

ភួន ឡាំងកូស៊ីន បានម៉ាត់ទៅលើ អ៊ូច ធារិទ្ធ មុនពេលប្រកាសឱ្យចាញ់ពិន្ទុ នៅវគ្គផ្តាច់ព្រ័ត្រ។ រូបថត ថោន
អ៊ូច ធារិទ្ធ បាននិយាយក្រោយការប្រកួតថា៖ «មុនពេលប្រកួត ខ្ញុំគិតថា មានសង្ឃឹមឈ្នះមិនច្រើនទេ ព្រោះជុំដំបូង ត្រូវជួបជាមួយជើងខ្លាំង រិន ដាវីត គឺពិតជាលំបាកណាស់ ហើយឆ្លងចូលដល់វគ្គផ្តាច់ព្រ័ត្រ ខ្ញុំកាន់តែព្រួយបារម្ភខ្លាំងមែនទែន ព្រោះធ្លាប់ចាញ់ ភួន ឡាំងកូស៊ីន កន្លងមក»។
«ទោះជាយ៉ាងណា ខ្ញុំឈ្នះបានប្រាក់រង្វាន់លេខ ១ ជាលើកទី២ នេះ គឺសូមសរសើរខ្លួនឯង ដោយនឹកស្មានមិនដល់ ប៉ុន្តែពេញចិត្តខ្លាំងណាស់។ ម៉្យាងវិញទៀត ការឈ្នះពិន្ទុលើ ឡាំងកូស៊ីន គឺជាមោទនាភាពណាស់ ដូចជាការសងសឹក បានសម្រេចផងដែរ។ ខ្ញុំវ៉ៃ ឡាំងកូស៊ីន ក្នុង ១ ទឹករាប់ម្តង អ៊ីចឹងចំនួន ៣ ទឹក រាប់ ៣ ដង គឺជាមោទនភាពណាស់»។ អ៊ូច ធារិទ្ធ បានបញ្ជាក់ពីអារម្មណ៍ពិតរបស់ខ្លួន។
ចំណែក ភួន ឡាំងកូស៊ីន បាននិយាយ ក្រោយកាប្រកួតថា៖ «មូលហេតុ ដែលចាញ់ គឺខ្ញុំមានរបួសកែងជើង តាំងពីទឹកទី១ គឺរបួសធ្ងន់ ដែលមានការឈឺចាប់ នៅពេលរងការទាត់របស់ អ៊ូច ធារិទ្ធិ តាំងពីទឹកទី១ មកម៉្លេះ។ ខ្ញុំធ្លាប់ឈ្នះ អ៊ូច ធារិទ្ធ ហេតុនេះទោះជាខ្ញុំរងរបួសជើងក៏នៅតែខំប្រឹង ទប់ទល់ឱ្យបានចប់ទឹកដែរ គឺមិនហ៊ានសង្ឃឹមឈ្នះនោះទេ។ ខ្ញុំមិនខ្លាច អ៊ូច ធារិទ្ធ ទេ គឺនៅពេលជើងបាត់ឈឺ ខ្ញុំនឹងសុំប្រកួតសងសឹកគ្នាទៀត»។

អ៊ូច ធារិទ្ធ បានម៉ាត់សំដៅពោះរបស់ រិន ដាវីត ពេលប្រកួតជម្រុះ៣ទឹក។ រូបថត ថោន
ចំណែកជើងខ្លាំង រិន ដាវីត ដែលត្រូវបានគេគិតថា អាចនឹងក្លាយជាម្ចាស់ជើងឯក នៅក្នុងការប្រកួតនេះ ហាក់មិនអស់ចិត្ត ចំពោះការសន្លប់ក្រោមកណ្តាប់ដៃ អ៊ូច ធារិទ្ធ នោះទេ ដោយបាននិយាយថា៖ «ខ្ញុំចាញ់ ដោយមិនអស់ចិត្ត ប៉ុន្តែមូលហេតុដោយសារឈឺក្នុងពោះខ្លាំងពេក គឺមិនអាចទៅរួច»៕