
លោក ស៊ន អេលីត ពេលបង្វឹកកីឡាករជម្រើសជាតិ វី សម្ភស្ស នៅក្នុងក្លិបរបស់ខ្លួន។ រូប សហការី
ភ្នំពេញ៖ ជាមួយស្នាដៃ និងបទពិសោធ ព្រមទាំងការខិតខំប្រឹងប្រែង ជួយលើកស្ទួយវិស័យកីឡាប្រដាល់ ទាំងគុនខ្មែរ និងប្រដាល់សកល នោះ លោក ស៊ន អេលីត ត្រូវបានថ្នាក់ដឹកនាំ ជាពិសេសសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ស្នើឡើងឱ្យទទួលបាននូវតួនាទីជាគ្រូបង្វឹកជម្រើសជាតិ ហើយជាមួយគ្នានេះ អ្នកគ្រប់គ្រងក្លិបនាយកដ្ឋានអង្គរក្ស រូបនេះ ក៏មានធនធានកីឡាករល្អៗ លំដាប់ជួរមុខ ផងដែរ។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្រាប់ថា៖ «ឥឡូវនេះ លោក ស៊ន អេលីត បានក្លាយជាគ្រូជម្រើសជាតិប្រដាល់សកលហើយ បន្ទាប់ពីសហព័ន្ធ បានស្នើមក ដើម្បីរួមគ្នាជួយជ្រោមជ្រែងប្រដាល់សកល ត្រៀមខ្លួនប្រជែងមេដាយជូនប្រទេសជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម»។
លោកបានបន្ថែមថា៖ «លោក ស៊ន អេលីត មួយរយៈនេះ បានជួយគាំទ្រប្រដាល់សកលព្រមទាំងមានសមត្ថភាពខ្ពស់ ក្នុងការបង្វឹកកីឡាករ និងមានទីតាំងក្លិប ត្រូវខ្នាតអន្តរជាតិ ហើយលោកបានយកចិត្តទុកដាក់ ជួយជំរុញដល់សហព័ន្ធកីឡាប្រដាល់សកល ជាប្រចាំ ដើម្បីឱ្យមានការប្រកួត អ៊ីចឹងបច្ចុប្បន្ន គ្រូជម្រើសជាតិប្រដាល់សកលកម្ពុជា មានចំនួន ៤ នាក់ គឺទី១ លោក ជ័យ ណារ៉ា ជាគ្រូបង្គោល ទី២ គ្រូបង្វឹកជនជាតិគុយ លោក Rolando ជាគ្រូជំនួយ ទី៣ លោក សួស លីណា ជាគ្រូជំនួយ និងទី៤ លោក ស៊ន អេលីត ជាគ្រូជំនួយដែលទើបតែស្នើឡើង»។
[img
លោក ស៊ន អេលីត បានឱ្យដឹងថា៖ «ខ្ញុំពិតជាបានជាប់ជាគ្រូជំនួយប្រដាល់សកលជម្រើសជាតិមែន ហើយពីមុន ខ្ញុំក៏ធ្លាប់ជាកីឡាករជម្រើសជាតិ ផ្នែកប្រដាល់សកល នេះដែរ អ៊ីចឹងនេះជាឱកាសល្អមួយទៀត ដែលខ្ញុំបានបម្រើជាតិ តាមរយៈវិស័យកីឡា និងរួមចំណែកក្នុងការបង្កើនធនធាន និងពង្រឹងសមត្ថភាពកីឡាករជាមួយសហព័ន្ធ»។
បងប្រុសរបស់វីរកីឡាការិនី ស៊ន សៀវម៉ី រូបនេះ បានបន្ថែមថា៖ «ខ្ញុំសប្បាយរីករាយព្រោះនេះជាជំនាញរបស់ខ្ញុំផងដែរ ដើម្បីជួយសហព័ន្ធកីឡាប្រដាល់សកល ក៏ដូចជាការបង្កើនធនធានកីឡាករថ្មីៗបន្ថែម និងងាយស្រួលក្នុងការស្វែងរក ការបង្កើតជាកម្មវិធីប្រកួតឱ្យបានច្រើន ដើម្បីយើងអាច ឈានទៅដណ្ដើមបានមេដាយ នៅព្រឹត្តិការណ៍ស៊ីហ្គេម ប្រទេសវៀតណាម ឆ្នាំ២០២២ និងស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ»។
តាមប្រវត្តិ លោក ស៊ន អេលីត មុននឹងជាប់ជាគ្រូជម្រើសជាតិ នេះ លោកមានបទពិសោធល្បីល្បាញ ជាកីឡាករជម្រើសជាតិច្រើនប្រភេទ មានតេក្វាន់ដូ ប្រដាល់សកល និងកីឡាវ៉ូវីណាម ហើយមិនតែប៉ុណ្ណោះ លោកធ្លាប់ឈ្នះបានមេដាយប្រាក់ កីឡាតេក្វាន់ដូ ពីស៊ីហ្គេមលើកទី២៥ នៅប្រទេសឡាវ ក្នុងឆ្នាំ ២០០៩ ព្រមទាំងឈ្នះមេដាយសំរឹទ្ធ ពីស៊ីហ្គេមប្រទេសថៃ និងឈ្នះមេដាយពិភពលោក កីឡាវ៉ូវីណាម ឆ្នាំ ២០១១ រួមទាំងឈ្នះបានមេដាយពីការប្រកួតជើងឯកអាស៊ី ជាច្រើនទៀត៕