​ភ្នំពេញ​: ការប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន (​ថ្នាក់ជាតិ​) លើក​ទី​១៥ ឆ្នាំ ​២០២១ នឹង​ចាប់ដំណើរការ​ប្រកួត នៅ​ថ្ងៃ​អង្គារ​នេះ ហើយ​ជាមួយគ្នានេះ ក្រុម​វិសាខា បាន​អះអាងថា ពួកគេបាន​ប្រឹងប្រែង​ខ្លាំង​ទៅលើ​ការប្រមូលផ្តុំ​ហ្វឹកហាត់ និង​ការគោរពវិន័យ គឺ​ធ្វើយ៉ាងណាត្រូវការពារ​តំណែង​ជើងឯក​របស់​ពួកគេ​ឱ្យបាន​។​

​សម្រាប់​ការប្រកួត​ជម្រុះ​វគ្គ​ ១៦ ​ក្រុម​ចុងក្រោយ ថ្នាក់ជាតិនេះ ក្រុម​ភ្នំពេញ​ក្រោ​ន វិសាខា និង​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​កំពុងមាន​ពិន្ទុ​ខ្ពស់​ជាងគេ នៅ​លី​គ​កំពូល​កម្ពុជា សុទ្ធតែ​ត្រូវ​ប៉ះ​ក្រុម​ទើប​ឡើង​មកពី​ខេត្ត និង​ត្រូវបាន​គេ​មើលឃើញថា ក្រុម​ទាំង ​៣ ​នេះ អាចមាន​ភាគ​រយ​ខ្ពស់ក្នុងការ​ឆ្លង​ផុត​វគ្គ​ជម្រុះ​នេះ ដើម្បី​ឡើងទៅ​កាន់​វគ្គ​ ១/៤ ​ផ្តាច់ព្រ័ត្រ​។

​ជាមួយគ្នានេះ ក្រុម​ម្ចាស់​ជើងឯក​វិសាខា ហាក់​មិនបាន​បង្ហាញ​ការចាប់អារម្មណ៍​ខ្លាំង​ទៅលើ​ការជួប​ក្រុម​លេខ​ ៣​ ថ្នាក់​ខេត្ត ខេត្តបន្ទាយមានជ័យ នៅ​កីឡដ្ឋាន​ព្រី​នស៍ នា​រសៀល​ម៉ោង​ ៣ ថ្ងៃ​អង្គារ​នេះ​ប៉ុន្មាន​ទេ ព្រោះ​ក្រុម​នេះ ជឿថា នឹង​អាច​ឆ្លង​ផុត ហើយ​វិសាខា ថែម​ទាំង​បានបង្ហាញ​ការតាំង​ចិត្ត​ថា នឹងត្រូវ​ការពារ​តំណែង​ជើងឯក​របស់ខ្លួន​ឱ្យបានតាម​​រយៈ​ការប្រឹងប្រែង​រួមគ្នា​។​

​តាមរយៈ​ក្លិប​វិសាខា ខ្សែ​​ប្រយុទ្ធ​ជា​ប្រធាន​ក្រុម កែវ សុខ​ផេង បាន​និយាយថា​៖ «​ពួក​ខ្ញុំបានរៀបចំ​ក្រុម និង​ត្រៀមខ្លួន​រួចរាល់ ដើម្បី​ការពារ​តំណែង​ជើងឯក ពាន​សម្តេច​​តេ​ជោ ហ៊ុន សែន នា​ឆ្នាំនេះ ពោលគឺ​ពួកយើង ខំប្រឹង​ខ្លាំង​ជាង​មុន​ទៀត​។ ឆ្នាំមុន ទោះ​យើង​បាន​ពាន តែ​យើង​នៅមាន​ចំណុច​ខ្វះខាត​មួយចំនួន​ដែរ អ៊ីចឹង​ឆ្នាំនេះ យើង​មានការ​តាំងចិត្ត និង​ខំប្រឹង​ទ្វេដង ទាំង​ការប្រមូលផ្តុំ​ហ្វឹកហាត់ និង​វិន័យ គឺ​ខ្លាំង​ជាង​មុន ដើម្បី​ធ្វើការ​ការពារ​តំណែង​ជើងឯក​របស់​យើង​»​។​

​ជាមួយគ្នានេះ ក្រុម​សិង្ហ​​ក្រហម ភ្នំពេញ​ក្រោ​ន នឹងត្រូវ​ជួប​ជាមួយ​ក្រុម​ខេត្ត​ត្បូងឃ្មុំ នៅ​កីឡដ្ឋាន​ស្មា​ត​អ​អេស​អិន នា​រសៀល​ម៉ោង​ ៣ ថ្ងៃនេះ ដូច​​គ្នា ហើយ​ការប្រកួត​នេះ ក្រុម​របស់លោក Oleg Starynskyi មានការ​ជឿជាក់ថា នឹង​អាច​យកឈ្នះ​ក្រុម​ខេត្ត​ត្បូងឃ្មុំ ដើម្បី​បាន​ឆ្លងទៅ​វគ្គ​បន្ត ហើយក៏​ដើម្បី​ឈានទៅរក​ការ​ឈ្នះ​ពាន​ជាថ្មី​ផងដែរ បន្ទាប់ពី​ពួកគេ បានឈ្នះ​ពាន​នេះ ចំនួន​ ២​ លើក តាំងពី​ឆ្នាំ​ ២០០៨ និង​ឆ្នាំ​ ២០០៩​។​

​គ្រូ​បង្គោល លោក Oleg Starynskyi បាន​បញ្ជាក់ថា​៖ «​យើង​ត្រូវតែ​ដាក់​កីឡាករ​ល្អៗ​លេង ក្នុងការ​ប្រកួត​នេះ ដើម្បីឱ្យ​ទទួលបាន​លទ្ធ​ផល​ល្អ​។ ចំណែក​ការរៀបចំ យើង​យល់ថា ក្រុម​មកពី​ខេត្ត ដែល​បាន​លេង​ ២ ​ថ្នាក់​ខេត្ត​នេះ ជា​ក្រុម​ខ្លាំង អ៊ីចឹងយើង​មិនអាច​រំពឹងថា ជាការ​ប្រកួត​ដែល​ងាយ​​ស្រួល ឬក៏​ដាក់​កីឡាករ​ក្មេងៗ​លេង​ច្រើន​នោះទេ​។ យើង​ត្រូវ​តែ​រៀបចំ​ដូច​ការប្រកួត​រាល់ដង ដូច្នេះ វា​មិនមាន​ពេល ក្នុងការ​បង្កើត​កំហុស​នោះទេ យើង​ត្រូវតែ​ឈ្នះ ដើម្បី​បាន​ឡើងទៅ​លេងនៅ​វគ្គ​បន្តទៀត​»​។​

​ចំណែកឯ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង នឹងត្រូវ​ទទួល​ក្រុម​លេខ ​១ ថ្នាក់​ខេត្ត កោះកុង​អេ​ហ្វ​ស៊ី​របស់លោក ហុក សុ​ជីវ័ន ដែល​បាន​ទទួលស្គាល់ថា ក្រុម​របស់លោក នៅមាន​បទពិសោធ​ខ្ចី​ជាង ដែល​មិនអាច​វាយតម្លៃ​ពី​ការប្រកួត​ទុក​មុន​បានទេ​។ ជាមួយគ្នានេះដែរ ក្រុម​វិសាខា ត្រូវ​ជួប​ជាមួយ​ក្រុម​នគរបាលជាតិ នៅ​ស្តា​ត​ចាស់ នា​រសៀល​ម៉ោង​ ៣ ថ្ងៃ​អង្គារ​នេះ ដូចគ្នា រីឯ​ការប្រកួត ៤​ គូ​ទៀត ត្រូវធ្វើឡើង នៅ​ថ្ងៃ​ពុធ​បន្ទាប់​៕​