
លោកបណ្ឌិត ថោន ខុន និងលោក ហ៊ុន ម៉ានី បានស្វាគមន៍គ្នា នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃចន្ទ កន្លងមកនេះ។ រូប CAMSOC
ភ្នំពេញ៖ អ្នកជំនាញរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម ជាប្រវត្តិសាស្ត្ររបស់កម្ពុជានេះ បានដាក់គោលដៅច្បាស់លាស់ គឺបានសម្រេចដាក់កីឡា ក្នុងចន្លោះពី ៣៥ ទៅ ៤០ ប្រភេទ ហើយក្នុងនោះ ក្រៅពីមន្ត្រីបច្ចេកទេស ក្រុមអត្តពលិក និងគ្រូបង្វឹក គឺត្រូវមានយុវជន ជាកម្លាំងស្នូល ជាអ្នកស្ម័គ្រចិត្ត ក្នុងរង្វង់ ១ ម៉ឺននាក់បន្ថែមទៀត ដើម្បីធានាថា ព្រឹត្តិការណ៍នេះ ផ្តល់ឱ្យអ្នកស្ម័គ្រចិត្ត បានក្លាយជាឯកអគ្គរាជទូតសុឆន្ទៈ នៃស៊ីហ្គេម ឆ្នាំ ២០២៣ របស់កម្ពុជា ទាំងអស់គ្នា។
ជាមួយគ្នានេះ សម្រាប់គម្រោង នៃការរៀបចំ មានលក្ខណៈជឿនលឿនទំនើប ទាន់សម័យ និងមានភាពអស្ចារ្យ ប៉ុន្តែត្រូវបានសម្រិតសម្រាំង ការចំណាយឱ្យនៅត្រឹមរង្វង់ចំនួន១០០ លានដុល្លារប៉ុណ្ណោះ។ នេះបើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានប្រាប់ភ្នំពេញប៉ុស្តិ៍។
លោក វ៉ាត់ ចំរើន បានថ្លែងថា៖ «នៅក្នុងរបៀបវារៈសំខាន់ៗ ជាច្រើន នៃកិច្ចការរៀបចំ យើងសិក្សាពីគ្រោង និងយកបទពិសោធ ពីការរៀបចំកន្លងមក ដោយអ្នកជំនាញ ត្រូវគិតគូពីបញ្ហាចំណាយ ឱ្យស័ក្តិសម ទៅនឹងស្ថាភាពសេដ្ឋកិច្ច ធនធានរបស់កម្ពុជា ដែលក្នុងនោះយុវជនស្ម័គ្រចិត្ត ចំនួនជាង ១ ម៉ឺននាក់ ដោយគ្រោងបណ្តុះបណ្តាលជំនាញ និងប្រគល់ភារកិច្ចដោយស្ម័គ្រមកពីសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីបំពេញកម្លាំងបន្ថែម ជាពិសេស គឺកម្លាំងយុវជន នឹងជំរុញឱ្យដំណើរការឆ្ពោះទៅទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម ជាការកាត់បន្ថយចំណាយបានមួយចំនួន»។
លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា៖ «កម្លាំងយុវជននេះ គឺជាកម្លាំងស្នូល ដែលជួយដល់គណៈកម្មការជំនាញទាំង ១៥ ឱ្យកាន់តែល្អ ក្នុងការទំនាក់ទំនងឱ្យស៊ីសង្វាក់គ្នា។ បើយើងប្រៀបធៀប ទៅនឹងព្រឹត្តិការណ៍ស៊ីហ្គេមកន្លងមក នៅក្នុងប្រទេសអាស៊ាន ដែលគេចំណាយមានចំនួនលើសនេះ គឺចំណាយខ្ទង់ ២០០ លាន ទៅ ៣០០ លានដុល្លារ»។

«នៅក្នុងផែនការ គឺគណៈកម្មការជំនាញ នឹងស្វែងរកមនុស្សចំនួនជាង ១ ម៉ឺននាក់ សម្រាប់ការធ្វើស៊ីហ្គេម ឆ្នាំ ២០២៣។ អ្នកស្ម័គ្រចិត្តទាំងអស់ ត្រូវបានរៀបចំការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈច្បាស់លាស់ ដោយពួកគាត់ជាអ្នកបម្រើការងារដោយស្ម័គ្រចិត្ត ប៉ុន្តែធ្វើការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានោះ ថ្នាក់ដឹកនាំ បានត្រៀមលក្ខណៈយកចិត្តទុកដាក់ខ្ពស់ ក្នុងការគ្រប់គ្រងដឹកនាំ លើកទឹកចិត្ត ដើម្បីជួយជំរុញឱ្យអ្នកស្ម័គ្រចិត្តទាំងអស់ ក្នុងរង្វង់ ១ ម៉ឺននាក់នេះ បំពេញភារកិច្ចប្រកបដោយមោទនភាព ដើម្បីជាតិ»។ លោក វ៉ាត់ ចំរើន បានបញ្ជាក់។
ចំណែកលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC បានមានប្រសាសន៍ថា៖ «CAMSOC បានជួបប្រជុំគ្នា កាលពីពេលថ្មីៗនេះ ជាមួយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការបំពេញកម្លាំងបន្ថែម ជាពិសេស កម្លាំងយុវជន ដើម្បីជួយជំរុញឱ្យដំណើរការល្អ ឆ្ពោះទៅទទួលរៀបចំការប្រកួតកីឡា ឆ្នាំ ២០២៣ របស់កម្ពុជា កាន់តែល្អប្រសើរ ប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមគម្រោង»។
ប្រធានគណៈកម្មាធិការជាតិអូឡាំពិក លោកបណ្ឌិត ថោង ខុន បានបន្ថែមថា៖ «ការចំណាយវាអាចប្រែប្រួល ទៅតាមភាពជាក់ស្តែង ទៅនឹងចំនួនប្រភេទកីឡា ដែលដាក់ឱ្យប្រកួត ព្រោះមកដល់ពេលនេះ ចំនួនប្រភេទកីឡា នៅក្នុងចន្លោះពី ៣៥ ទៅ ៤០ ប្រភេទ ប៉ុន្តែក៏អាចប្រែប្រួលផងដែរ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២១ នេះ លោកបណ្ឌិត ថោង ខុន និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសនូវកិច្ចសហការគ្នាយ៉ាងល្អប្រសើរ តាមគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីលោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ទៀបាញ់ ជាប្រធាន CAMSOC ដើម្បីមានអ្នកស្ម័គ្រចិត្តជាង ១ ម៉ឺននាក់ ចេញមកពីប្រភពយុវជនដើម្បីបណ្តុះបណ្តាលជំនាញ៕